ភ្នំពេញៈ តំណាងចលនារណសិរ្សរំដោះជាតិខ្មែរ ៣នាក់ បានរងរបួសស្រាលក្នុងការប៉ះទង្គិចជាមួយសន្តិសុខ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ខណៈបរាជ័យក្នុងការយកលិខិតជូនដំណឹងទៅដាក់នៅសាលារាជធានីពីគម្រោងបាតុកម្មប្រឆាំងវៀតណាម នៅថ្ងៃ ទី២៣ ខែតុលា ខួប ទី២៣ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស។
លោក ឈឹម ស្ម័គ្រ សមាជិកគណៈកម្មការ និងជាតំណាងនៃចលនារណសិរ្សរំដោះជាតិខ្មែរ បានឲ្យដឹងថា ការប៉ះទង្គិចរយៈពេលជិត ១៥ នាទីនោះ កើតឡើងនៅម៉ោងជាង ៨ ព្រឹកស្របពេលដែលប្រជាពលរដ្ឋចំនួន ៧ សហគមន៍ មានគ្នាជាង ១០០ នាក់កំពុងតវ៉ាទាមទារដំណោះស្រាយជម្លោះដីធ្លី នៅខាងមុខសាលារាជធានីភ្នំពេញ និងកំពុងប្រឈមជាមួយសន្តិសុខ ខណ្ឌដូនពេញ ជាង ៣០ នាក់។
លោកថា៖ «ពួកខ្ញុំទាំងបីនាក់ គ្រាន់តែបង្ហាញលិខិតនោះជូនអ្នកសារព័ត៌មាន ថត និងនិយាយទៅកាន់ពលរដ្ឋ ដែលប្រមូលផ្តុំនោះឲ្យចូលរួមបាតុកម្មផង ស្រាប់តែពួកសន្តិសុខនោះបាន ឆក់យកលិខិតនោះ ហើយក្របួចកអាវយើង ទះកំផ្លៀងដួលលើដីតែម្តង»។
អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ការប៉ះទង្គិចកម្រិតស្រាលនោះ កើតឡើងដោយសារភ័យជ្រួលច្របល់មួយ ខណៈដែលជនឆ្លៀតឱកាសមួយក្រុមបានចូលមកក្នុងចំណោមពលរដ្ឋជម្លោះដីធ្លី និងស្រែកប្រកាសបាតុកម្មថ្ងៃ ទី២៣ តុលា។ លោកថា៖ «យើងមិនអាចបែងចែកថា ពួកគាត់មកពីណាទេ ពួកគាត់ បានស្រែកញុះញង់ឲ្យមានបាតុកម្ម បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ ទើបមានការចេញទៅសួរនាំ អាជ្ញាធរយើងមិនបានប្រើហិង្សានោះទេ»។
តាមលិខិតផ្ញើជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃ ទី១៣ ខែតុលា ម្សិលមិញ រណសិរ្សរំដោះជាតិខ្មែរ គ្រោងនឹងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀលដោយមានអ្នកចូលរួម ២០០ នាក់ និងមានការដង្ហែក្បួនដាក់ញត្តិទៅកាន់បណ្តាស្ថានទូតប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ទាំង ១៩ ប្រទេស។
បាតុកម្មធ្វើឡើងដើម្បីទាមទារឲ្យ វៀតណាម គោរពនូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយត្រូវទទួលស្គាល់ប្រវត្តិសាស្ត្រពិតថា ទឹកដីខ្មែរក្រោមជាទឹកដីដើមកំណើតរបស់កម្ពុជា និងត្រូវដកអាណានិគមមិនចេញមុខនៅលើទឹកដីកម្ពុជា។
គោលបំណងទាំង ៣ នៃការទាមទារនេះ លោក ឈឹម ស្ម័គ្រ បានពន្យល់ថា៖ «ទាំងនេះ គឺសំដៅទាមទារឲ្យ ប្រទេសវៀតណាម បញ្ឈប់ការបំពានលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមរយៈការធ្វើបន្លាស់ទីខុសច្បាប់របស់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងបង្កចលាចលនៅក្នុងទឹកដីកម្ពុជា ការបំភ្លៃប្រវត្តិសាស្ត្រពីរឿងទឹកដីកម្ពុជាក្រោម និងការដាក់ពង្រាយជនជាតិវៀតណាម ក្នុងតួនាទីមុខងារសាធារណៈ ដើម្បីគ្រប់គ្រងទឹកដីកម្ពុជានៅថ្ងៃអនាគត»។
ប៉ុន្តែករណីនេះ លោក ឌីម៉ង់ អះអាងថា ការធ្វើបាតុកម្មទាមទារការជូនដំណឹង និងការអនុញ្ញាតពីសាលារាជធានីជាមុនសិន៕