​ព្រះ​សីហនុៈ​ «​បឹង​ព្រែក​ទប់»​ ជា​បឹង​ធម្មជាតិ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ១​ សង្កាត់​លេខ​៣ ​ក្រុង​ព្រះសីហនុ​ ដែល​ធ្លាប់​ជា​ប្រភព​ទឹក​សាប ​សម្រាប់​ផលិត​ទឹកស្អាត​ ឲ្យ​​ប្រ​ជា​ពលរដ្ឋ​ទូទាំង​ក្រុង​ព្រះសី​ហនុ​ប្រើ​ប្រាស់​នោះ ​នឹង​ត្រូវ​កែ​លម្អ​ ទៅជា​តំបន់​ទេស​ចរណ៍​វិញ នាពេល​អនាគត​។​ នេះ​បើ​តាម​ លោក​ ឱ​ សារឿន​ អ្នក​នាំពាក្យ​ខេត្ដ​ព្រះសីហនុ ប្រាប់​ភ្នំពេញ​បុស្ដិ៍​ នៅ​ថ្ងៃ​អង្គារ​នេះ​។​

លោក​ សារឿន​ បាន​ថ្លែង​ថា ​គោល​ដៅ​ទៅ​ថ្ងៃ​ខាង​មុខ​ ជារួម​គឺត្រូវ​កែលម្អ​បឹង​នេះ​ ឲ្យ​បាន​ស្អាត​ទៅ​ជា​តំបន់​ទេស​ចរណ៍ និង​លែង​ទុក​ជា​កន្លែង​ផ្គត់​ផ្គត់​ទឹកស្អាត​​ទៀត​ហើយ ​ដោយ​ផ្លាស់​ប្ដូរ​ការ​ផ្គត់ផ្គត់​ទៅ​ទីតាំង​នៅ​ប្រភព​ទឹក​ក្បាល​ឆាយ​វិញ​។

លោក​បាន​បន្ដថា​៖​ «ពេល​នេះ​យើង​មិន​អាច​ពឹង​ផ្អែក​លើ​បឹង​ព្រែក​ទប់​នេះ​បាន​ទៀត​ទេ ចំពោះ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ព្រោះ​តម្រូវ​ការ​មាន​ការ​កើន​ឡើង​ជាគំហុក​។ អញ្ចឹង​បាន​ជាពេល​ថ្មីៗ​នេះ ការ​សម្រេច​ចិត្ដ​របស់​ជំនាញ​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ដ​ បាន​សម្រេច​ថា យើង​ឈប់​ប្រើ​ប្រាស់​ទឹក​បឹង​ព្រែក​ទប់នេះ​ ជាការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ដ​ទៀត​ហើយ​»។​

លោក​ សារឿន ​បាន​បង្ហាញ​ថា​ មូល​ហេតុ​ដែល​ផ្លាស់​ប្ដូរ​បឹងព្រែក​ទប់នេះ​លែង​ឲ្យ​ប្រើ​ប្រាស់ គឺ​ទីមួយ​បឹង​នេះ​មាន​ទំហំតូច​មិន​អាច​ផ្គត់​ផ្គង់​គ្រប់គ្រាន់​ ទីពីរ​ ពីមុន​មិន​សូវ​មាន​កំណើន​មនុស្ស​ បឹង​នេះ​អាច​ផ្គត់​ផ្គង់​បាន​ ប៉ុន្ដែ​ពេល​នេះ​សន្ទុះ​ប្រជា​ពលរដ្ឋ​មាន​ការ​កើន​ឡើង ហើយ​ភ្ញៀវ​ទេស​ចរ​ក៏​ច្រើន​ បឹង​នេះ​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​នោះទេ​។

លោក​បន្ថែម​ថា​៖ «ជារួម​ខេត្ដ​មាន​ផែន​ការ​ថា មិន​ប្រើ​ប្រាស់​វា(បឹង​ព្រែក​ទប់)​ទៀត​ទេ​ទៅ​មុខ​ ដោយ​សារតែ​យើង​រៀប​ចំ ប្រ​ភព​អាង​ទឹក​ស្អាត​នៅ​ក្បាល​ឆាយ​រួច​ហើយ​។​ បច្ចុប្បន្ន​នេះ មន្រ្ដី​ជំនាញ​ កំពុង​តែ​រៀប​ចំបណ្ដាញ​តទុយ៉ូ ប្ដូរ​ចំពោះ​ការ​ប្រើ​ប្រាស់​ទឹក​ទៅ​ក្បាល​ឆាយ​វិញ។ ដូច្នេះ​ តំបន់​ព្រែក​ទប់ យើង​មាន​ការ​កែ​លម្អឲ្យ​មាន ជារមណីយ​ដ្ឋាន​ កម្សាន្ដ​ទេសចរណ៍ ទៅថ្ងៃអនាគតវិញ​​​»។

លោក សារឿន​ បាន​អះអាង​ថា ថ្វីដ្បិត​តែ​បច្ចុប្បន្ន​នៅ​តំបន់​បឹង​ព្រែក​ទប់ នៅមាន​ការ​ប្រើ​ប្រាស់​ទឹក​ខ្លះ ប៉ុន្ដែ​ជាការ​ប្រើ​ប្រាស់​ទៅលើ​ការ​ផ្គត់​ផ្គង់​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​ដែល​កំពុង​កើត​ឡើង​យ៉ាង​គំហុក​​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​៖«ឥឡូវ​​យើង​ទើប​តែ​បាន​កប់​បណ្ដាញ​បំពង់​ទុយ៉ូ​មេ ពេល​រៀប​ចំរួច​រាល់​ យើង​លែង​ឲ្យ​ប្រើ​ទឹក​នៅ​បឹង​ព្រែក​ទប់​នេះ​ទៀត​ហើយ​»។

បើតាម​លោក សារឿន ការ​អភិវឌ្ឍនៅ​តំបន់​បឹង​ព្រែកទប់​នេះ អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់ខេត្ដ និង​ផ្ដល់​ការ​វិនិយោគ​ទៅ​ដល់​ក្រុម​ហ៊ុន​ឯកជន​ជាអ្នក​សាង​សង់។ ប៉ុន្ដែ​លោក​​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា នឹង​ត្រូវ​ផ្អាកការ​ប្រើ​ប្រាស់​ទឹក​នៅ​បឹង​ព្រែកទប់ និង​ផ្ដើម​កែលម្អទៅ​ជា​ទី​រមណីយដ្ឋាន​ទេសចរណ៍​នៅពេល​ណាទេ ព្រោះ​កំពុង​សិក្សា និង​វាយ​តម្លៃ​។

លោក នេត ភក្រ្ដា អ្នក​​នាំ​ពាក្យ​​ក្រ​សួង​​បរិស្ថាន​​បាន​​ឲ្យ​​ដឹង​​ដែរ​​ថា ក្រ​សួង​គាំ​ទ្រ​ទៅ​លើ​គម្រោង​របស់​សាលា​ខេត្ត​ដែល​អភិ​រក្ស​តំបន់​ព្រែក​ទប់​នេះ និង​កែ​ច្នៃ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

លោក​បន្ដ​ថា​៖«ចំពោះ​ប្រភព​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ក្រុង​ព្រះ​សីហនុ តំបន់​ការ​ពារ​ក្បាល​ឆាយ​ជា​ប្រភព​ទឹក​សាប​ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ផ្គត់​ផ្គង់​ក្រុង​ព្រះ​សីហនុ​។ យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​ណា​មួយ​លើ​កង្វះ​ប្រភព​ទឹក​សាប​សម្រាប់​ប្រើប្រាស់​ទេ​។ ក្រសួង​គាំទ្រ​ទៅ​លើ​គម្រោង​របស់​សាលា​ខេត្ត​ដែល​អភិរក្ស​តំបន់​ព្រែក​ទប់​នេះ​»។

តាម​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ចុះ​ថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋ​មន្រ្ដី​កម្ពុជា​បាន​បង្ហាញ​ថា សម្រេច​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែកទប់​ ដែល​មាន​ផ្ទៃ​ដី​ទំហំ ១៦,៣ ហិកតា​ ស្ថិត​ក្នុង​ក្រុង​ព្រះ​សីហនុ ខេត្ដ​ព្រះសីហនុ។

ដោយ​មាន​គោល​បំណង​ ធានា​ការ​ថែ​រក្សា និង​ការ​ពារ​សោភ័ណ​ភាព​ធ​ម្ម​ជាតិ វប្ប​ធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ ក្នុង​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់​។ ផ្ដល់​ផលិត​ផល និង​សេវា​កម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រ​កប​ដោយ​និរន្ដ​រភាព​។ លើក​កម្ពស់​ការ​ចូល​រួម​របស់​សហគមន៍ មូលដ្ឋាន​ក៏ដូច​ជា​សាធារណជន​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់​គ្រង​ ការ​​ការ​ពារ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ និងធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុកប្រចាំខេត្ដ​​ព្រះ​សីហនុ​ ​សោក​ស្ដាយ​​ចំពោះ​គម្រោង​នៃ​ការ​អភវឌ្ឍ​បឹង​ព្រែក​ទប់​នេះ ដោយ​បញ្ឈប់​ការ​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បែប​នេះ​។

អ្នក​ស្រី​បាន​រំឭកថា​ បឹង​ព្រែក​ទប់នេះ ជាបឹង​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ទទួល​ផល​ទឹក​ស្អាត​តាំងពីយូរ​ណាស់​មកហើយ បើ​មិន​មាន​ទឹក​ស្អាត​នៅទីនេះ​ប្រើ​ប្រាស់​ទេ ការ​ប្រើ​ប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះ​សីហ​នុ​អាច​ប្រឈម​នឹង​ការ​លំបាក។

លោក​ស្រី​ សុធារី បន្ថែម​៖«ទោះ​ជាយ៉ាង​ណា យើង​បាន​ត្រឹម​តែ​លើក​ឡើង ប៉ុន្ដែ​មិនអាច​ហាម​ឃាត់​គម្រោង​អភិវឌ្ឍនេះ​បានទេ ប៉ុន្ដែ​យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះសីហនុ​មាន​តែ​ទឹក​ស្អាត​នៅ​បឹង​ព្រែក​ទប់​នេះ​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រើ​ប្រាស់ បើ​ទៅ​យក​ទឹក​ពីក្បាល​ឆាយ​មក​ប្រើ ខ្ញុំ​គិត​ថា មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​នោះ​ទេ​»។

លោក​ ភារម្យ ​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅភូ​មិ​៣ ​សង្កាត់​២ ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ចន្ធ​នេះ​ថា ពួក​គាត់​មាន​ការព្រួយ​បារម្ភ​ណាស់​ព្រោះ គាត់​ឃើញ​ផ្ទៃ​បឹង​ព្រែក​ទប់​ត្រូវ​បាន​គេរំ​លោភ​ចាក់​ដី​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្ម​សិទ្ធិ​ឯក​ជន​ជា​បន្ដ​ប​ន្ទាប់​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​រួមតូច​ទៅៗ ​ដែល​បឹង​ធម្មជាតិ​មួយ​នេះ​ បា​ន​ផ្ដល់​ទេស​ភាព​លម្អ​ក្រុង​ព្រះ​សីហនុ និង​ផ្ដល់​ទឹក​សាប​សម្រាប់​ពល​រដ្ឋ​ប្រើ​ប្រាស់​តាំង​ពីយូរ​យា​រណាស់​មក​ហើយ​នោះ​។

លោក ​សុខ សុខុម ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា បាន​លើក​ឡើង​អំពី​កង្វស់​ស្រដៀង​ទៅ​នឹង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ព្រះសីហ​នុ​នេះ​ដែរ​ គាត់ ក៏បាន​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​មេត្ដា​ថែ​រក្សា​បឹង​ធម្ម​ជាតិ​ទឹក​សាប​នេះ​ទុក​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ប្រើប្រាស់​ផង។​

គួរ​រំឭក​ថា បឹង​ព្រែក​ទប់​កាល​ពីដើម​ឡើយ​មាន​ផ្ទៃ​បឹង​ធំទូលាយ​រហូត​ដល់​រាប់​រយ​ហិក​តា បន្ទាប់​មក​ក៏ត្រូវ​បាន​ធ្លាក់​រួម​​តូច​ទៅ​ៗ។ អំឡុង​ឆ្នាំ២០០៥ ផ្ទៃបឹង​ត្រូវ​បាន​គេទន្ទ្រាន​រហូត​មក​នៅ​ជាង ៦០​ហិក​តា ក្រោយ​មក​ទៀត​ផ្ទៃ​បឹង​នៅ​សល់​ជាង ១៦ ហិកតា។

នៅ​ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ សម្រេច​កាត់​ផ្ទៃដឺ​ទំហំ ១១,៥០​ ហិក​តា ចេញ​ពីតំបន់​អភិ​រក្ស​ទឹក​សាប​បឹង​ព្រែក​ទប់បន្ដ​ទៀត តាម​រយៈ​អនុក្រឹត្យ​ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយរក្សា​ទុក​ផ្ទៃដី​ទំហំ ៤,៨០​ ហិកតាជា​តំបន់​អភិ​រក្ស​ទឹក​សាប​បឹង​ព្រែក​ទប់វិញ​​៕