រតនគិរីៈ ក្រសួង​បរិស្ថាន ​កាល​ពី​សប្ដាហ៍​មុន​ បាន​ប្រកាស​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ «បឹង​យក្ខឡោម»​ ខេត្ដ​រតនគិរី ដើម្បី​គាំទ្រ និង​បង្កើន​ការ​ចូលរួម​រក្សាធន​ធាន​ធម្ម​ជាតិ​ វប្ប​ធម៌និង​អេកូ​ទេសច​រណ៍​ធម្ម​ជាតិ​ឱ្យ​នៅ​ស្ថិតស្ថេរ ស្រប​ពេល​តំណាង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក៏ចាត់ទុក​ថា ​ទង្វើ​នេះ​ល្អប៉ុន្ដែ​មាន​ភាព​យឺត​យ៉ាវ និង​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​គិត​គូរ​រឿង​នេះ​ជា​ធំ​ឡើង​វិញ។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ ​លោក​ ខៀវ បូ​រិន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាននៃ​ក្រសួង​បរិស្ថាន ​បានប្រកាស​ទទួលស្គាល់​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ «បឹង​យក្ខ​ឡោម» នៅ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ ខេត្ត​រតនគិរី។ លោក​គាំទ្រ ​និង​ថ្លែង​អំណរគុណ​ដល់​ប្រជា​សហគមន៍​ក្នុងការ​ចូលរួម ​ជាមួយ​ក្រសួង​បរិ​ស្ថាន​ក្នុងការ​ថែរក្សា​ធន​ធា​ន​ព្រៃឈើ ​ក៏ដូចជា​លើក​កម្ពស់​វប្បធម៌​ទេសចរណ៍​ធម្មជាតិ។

លោកថា​ ការបង្កើត​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​នេះ ​ក៏​ជា​ផ្នែក​សំខាន់​ ដើម្បី​កាត់​បន្ថយ​ការ​ពឹងអាស្រ័យ​លើ​ផល​ និង​អនុផល​ព្រៃឈើ ​និង​ការ​បរបាញ់​សត្វ​ព្រៃ។

លោក​លើក​ឡើងថា​៖ «ការរៀបចំ​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ ​ជាពិសេស​សហគមន៍​ទេសចរណ៍​ធម្មជាតិ ​គឺ​ជា​យន្តការ​មួយ​ដ៏​សំខាន់ ​នៅក្នុង​កិច្ចការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​ការលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​សហគមន៍​ ដើម្បី​ចូលរួម​ការគ្រប់គ្រង​ និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព»។

បើ​តាមការ​បង្ហាញ​របស់​ ក្រសួង​បរិស្ថាន​ «សហគមន៍​ព្រៃឈើ​យក្ខ​ឡោម» ដែល​ប្តូរ​ឈ្មោះ ​និង​កែប្រែ​មកជា​«សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ ​បឹង​យក្ខ​ឡោម» ​នៅពេល​នេះ ​គឺបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩៨​ ក្រោម​ការ​គាំទ្រ​ដោយ​កម្មវិធី​សីលា​ ដែល​មាន​ការ​ចូល​រួម​​ពី​ប្រជាជន​ចំនួន ​៥ ភូមិ​គឺ​ភូមិ​ជ្រី ​ភូមិ​ឡា​ប៉ូ ​ភូមិ​ស៊ិល​ ភូមិ​លន​ និង​ភូមិ​ភ្នំ ​មាន​ប្រជាជន​ ៦៣៧ គ្រួសារ ​និង​មាន​ផ្ទៃ​ដី​ទំហំ​ ៣៨៧ ហិកតា។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌល​គិរី ​លោក ​គ្រើង តុលា បាន​សាទរ​ចំពោះ​ការ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​ធន​ធាន​ធម្មជាតិ​នេះ​ ប៉ុ​ន្ដែ​លោក​មើល​ឃើញថា ​ការ​ទទួល​ស្គាល់​នេះ​មាន​ភាព យឺតយ៉ាវ ដែល​បណ្ដាល​ឱ្យ​ពហុ​ធនធាន​ធម្មជាតិ​នៅ​ក្នុ​ង​តំបន់​នេះ​មាន​ការ​បាត់បង់។

លោក​​បន្តថា​៖ «ខ្ញុំ​នៅតែ​ត្រេក​អរ​ចំពោះ​ការ​ទទួល​ស្គាល់​សហគមន៍​នេះ​ ទោះមាន​ការ​យឺត​យ៉ាវ។ ខ្ញុំ​ក៏​សូមឱ្យ​ក្រសួង​​ពាក់​ព័ន្ធ​ទាំង​អស់ បែរ​មក​គិត​គូរ​រឿង​ហ្នឹង​ជាធំ​ (ការពារ​ធនធាន​ធម្មជាតិ​) ប្រសើរ​ជាង នាំ​គ្នា​គិត​​គូរ​តែ​រឿង​គ្មាន​ប្រយោជន៍ ដូច​ជា​រឿង​នយោបាយ​បច្ចុប្បន្ន​នេះ​ដោយ​មក​គិត​គូរ​រឿង​ធន​ធាន​ធម្មជាតិ​ប្រទេស​ជាតិ​មុន ​ចៀស​​វាង​ការ​បាត់​បង់​ពីមួយ​ខេត្ដ​ទៅ​មួយ​ខេត្ដ​»។

លោក​តុលា មើល​ឃើញថា ​សក្តា​នុពល​ធនធាន​ធ​ម្មជាតិមាន​តម្លៃនិង​ផល​ប្រយោជន៍​ធំធេង​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ និង​ប្រទេស ​កម្ពុជា​ បើ​ប្រៀបធៀប​ទៅនឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ការបង្កើត​តំបន់​សហគមន៍​ធន​ធាន​ធម្មជាតិនិង​អេកូ​ទេសចរណ៍ អាច​បង្កើត​ចំណូល​ចូល​រដ្ឋ និង​ជួយ​ប្រជាជន​ និង​ប្រទេស​ជាតិ​បាន​ច្រើន​ជាង​។

លោក​បន្ដថា​៖ «បើ​យើង​ឱ្យ​ដី​តំបន់​ធនធាន​ធម្មជាតិ​ របស់​រដ្ឋ​ទៅ​ឱ្យ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ខ្ញុំ​គិត​ថា ​រដ្ឋ និង​ប្រជា​ពល​រដ្ឋ​អត់​មាន​ចំណេញ​ទេ។ ចំពោះ​រដ្ឋ​ដីសម្បទាន​ក្នុង ​១ ហិកតា​បាន​ ៨ ដុល្លារ​ទេ​ក្នុង ​១ ឆ្នាំ ​ប៉ុន្ដែ​ក្រុម​ហ៊ុន​ចំណេញ​លើស​លប់។ ក្រុម​ហ៊ុន​ចំណេញ​ទៅលើ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​នោះ ​និង​ចំណេញ​ទៅលើ​ការ​លក់​ជ័រកៅស៊ូ ឬ​ចំណេញ​លើ​ផលិត​ផល​ពួក​គាត់​ ១ ទ្វេ​ជា ២​ ចំណែក​ប្រជាពលរដ្ឋ​គ្មាន​ចំណេញ​អីសោះ​ពី​ការ​ឱ្យ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ»។

លោក​បញ្ជាក់ថា​ ពលរដ្ឋ​នៅ​តាម​ខេត្ដ​ខ្វះខាត​ជំនាញ​ ទោះ​បី​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ពួកគាត់ ត្រូវ​ការ​ជ្រើ​សរើស​បុគ្គលិក ​ឬកម្មករ​ក៏ពួក​គាត់​មិន​មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​ការងារ​នោះ ដែរ​។ «អ៊ីចឹង ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​នៅតែមាន​។ ធនធាន​ធម្មជាតិ​ដែល​ធ្លាប់​មាន​ក៏ត្រូវ​បាត់​បង់ដែល​នេះ​ជាចំណុច​ដែល​សូម​ឱ្យ​រាជ​រដ្ឋាភិបាល​គិតគូរ​រឿង​នេះ​ឱ្យ​មែន​ទែន»។

ទាក់ទង​នឹង​ការ​ទន្រ្ទាន​ធនធាន​ធម្មជាតិ ​ព្រៃ​ឈើ​ក្នុង​ខេត្ដ​រតនគិរី ​លោក​ តុលា បាន​សង្កេត​ឃើញថា ​នៅតែមាន​ការ​ទន្រ្ទាន​ដដែល​ ទោះមានការ​អំពាវ​នាវ ជាច្រើន​នាពេល​កន្លង​មក​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «យើង​ស្រែក​បានតែ​ស្រែក ​ចំណែក​អ្នក​បំផ្លាញ​នៅតែ​បំផ្លាញ​ចំពោះ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ដ​រតន​គិរី​យើង​នេះ​។ បើ​នៅតែ​បែបនេះ​ មិនយូរ​ទេ​ព្រៃឈើ​នឹង​វិនាស​មិន​ខាន»។

លោក ​ញ៉ែម សំអឿន ​អភិបាល​រង ​និង​ជា​អ្នក​នាំពាក្យរដ្ឋ​បាល​ខេត្ដ​រតនគិរី​ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពីម្សិល​មិញ​ថា ​សហ​គមន៍​តំបន់​ការពារ​ធម្ម​ជាតិ «បឹង​យក្ខឡោម»​ គឺជា​កន្លែង ​ដែល​មាន​សារៈសំខាន់​ណាស់ ​ដែល​រដ្ឋបាល​ខេត្ដ​ត្រូវ​តែ​ថែ​រក្សា មិន​ឱ្យ​មាន​ការ​កាប់​ទន្រ្ទាន​ធនធាន​ធម្មជាតិ និង​ត្រូវ​មាន​ការ​ដាំដុះ​ព្រៃឈើ​ឡើង​វិញ​ផងដែរ។

លោក​បាន​បន្តថា​៖ «សហគមន៍​នេះ​ មាន​សារៈសំខាន់​លើ​ធនធាន​ធម្មជាតិ ​និង​អេកូ​ទេសចរណ៍។ បើ​សិន​បឹង​យក្ខ​ឡោម​យើង​ មាន​ការ​កាប់​បំផ្លាញ​ ឬមាន​ការ​សាង​សង់ នោះ​នឹង​ធ្វើ​ឱ្យ​បាត់​បង់ភាព​ដើម​របស់វា ​ដែល​​ទីនេះ​យើង​ចង់​​រក្សា​នូវធាតុ​ដើម​ធម្ម​ជាតិ​របស់​វា ​យើង​ត្រូវ​រក្សា​ឱ្យ​ដូច​តំបន់​ទ្រនាប់​នៅ​តំបន់​ប្រាសាទ​អង្គរ​អ៊ីចឹង»៕