The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គល​មិន​ព្រម​ពាក់ម៉ាស់​នៅ​កន្លែង​ចាំបាច់​​តាម​ការព្រមាន​លើក​ទី​១ ​នឹង​ត្រូវ​ពិន័យ​ពី​ ២ ​សែន​ ទៅ​ ១ ​លាន​រៀល

បុគ្គល​មិន​ព្រម​ពាក់ម៉ាស់​នៅ​កន្លែង​ចាំបាច់​​តាម​ការព្រមាន​លើក​ទី​១ ​នឹង​ត្រូវ​ពិន័យ​ពី​ ២ ​សែន​ ទៅ​ ១ ​លាន​រៀល

Content image - Phnom Penh Post
អាជ្ញាធរចុះចែកម៉ាស់ជូនប្រជាពលរដ្ឋតាមផ្លូវនៅខណ្ឌឬស្សីកែវ នាពេលកន្លងមក។ រូបថត សហការី

បុគ្គល​មិន​ព្រម​ពាក់ម៉ាស់​នៅ​កន្លែង​ចាំបាច់​​តាម​ការព្រមាន​លើក​ទី​១ ​នឹង​ត្រូវ​ពិន័យ​ពី​ ២ ​សែន​ ទៅ​ ១ ​លាន​រៀល

ភ្នំពេញៈ ការចាត់ចែង​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ខុសពី​ការណែនាំ​នឹងត្រូវ​ផាកពិន័យ​ពី ៥ ​ទៅ​ ២០ ​លាន​រៀល​ ខណៈ​ដែល​បុគ្គល​ពាក់ព័ន្ធ​នឹង​អ្នកមាន​ផ្ទុក​កូវីដ​ ១៩ ​ហើយ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការយក​សំណាក​នឹង​ត្រូវ​ផាកពិន័យ​ពី​ ១ ​លាន ​ទៅ​ ៥ ​លាន​រៀល និង​បុគ្គល​មិនព្រម​ពាក់​ម៉ាស់​តាម​ការព្រមាន​លើក​ទី​១ ​នឹងត្រូវ​ផាកពិន័យ​ពី​ ២ ​សែន​រៀល ​ទៅ​ ១ ​លាន​រៀល​។ នេះ​បើតាម​អនុក្រឹត្យ​ស្ដីពី​វិធានការ​គ្រប់គ្រង​កូវីដ​ ១៩​។

រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១២ ខែមីនា បានចេញ​អនុក្រឹត្យ​ថ្មី​ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងទៀត​ដែលមាន​ ៩ ​ជំពូក​ និង​ ៣៩ មាត្រា ព្រមទាំង​បាន​និរាករណ៍​អនុក្រឹត្យ​ចាស់​។ អនុក្រឹត្យ​នេះ​ចែង​លម្អិត​អំពី​វិធានការ​នានា​រាប់​ចាប់ពី​ការធ្វើ​អនាម័យ ការវាស់​កម្ដៅ ការពាក់​ម៉ាស់ ការរក្សា​គម្លាត ការយក​សំណាក​ទៅពិនិត្យ ការធ្វើ​ចត្តាឡីស័ក ការព្យាបាល ការចាក់​វ៉ាក់សាំង ការគ្រប់គ្រង​ និង​ចាត់ចែង​សព​។

តាម​មាត្រា​ ១៩ នៃ​អនុក្រឹត្យ​នេះ​ចែងថា បុគ្គល​ដែល​មិន​ពាក់ម៉ាស់​នៅ​កន្លែង​ចាំបាច់​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​នឹង​ត្រូវ​រង​ការផាកពិន័យ​ពី​ ២ ​សែន​រៀល ​ទៅ ១ ​លាន​រៀល ប្រសិនបើ​បុគ្គល​នោះ​មិន​ធ្វើតាម​ការព្រមាន​លើក​ទី​ ១​។ ចំណែក​អ្នករៀបចំ​កម្មវិធី​អ្វីមួយ​ដែល​មិន​គោរព​ទៅតាម​គោលការណ៍​គម្លាត​សង្គម​ត្រូវ​រង​ការផាកពិន័យ​ពី​ ១ ​លាន ​ទៅ​ ៥ ​លាន​រៀល ក្នុង​ករណី​មិន​ធ្វើតាម​ការព្រមាន​លើក​ទី​១​។

ចំណែក​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម​ដែល​មិន​អនុវត្តតាម​ការណែនាំ​អំពី​ការពាក់​ម៉ាស់​ និង​ការរក្សា​គម្លាត​សុវត្ថិភាព​នឹងត្រូវ​ផាកពិន័យ​ពី​ ២ ​លាន​ ទៅ​ ១០ ​លាន ​ក្នុងករណី​ដែល​មិន​ស្ដាប់​ការណែនាំ ឬ​ការព្រមាន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ នេះ​បើ​យោងតាម​មាត្រា ២០ ​នៃ​អនុក្រឹត្យ​។

ចំណែក​មាត្រា ២១ នៃ​អនុក្រឹត្យ​នេះ​ចែងថា​៖ «​ត្រូវ​ផ្តន្ទាទោស​ផាកពិន័យ​អន្តរការណ៍​ពី ១ លាន​រៀល ទៅ​ ៥ ​លាន​រៀល ចំពោះ​បុគ្គល​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ដូច​មានចែង​ក្នុង​មាត្រា​ ១០ នៃ​អនុក្រឹត្យ​នេះ​។ ការបង់ប្រាក់​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើឱ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ ​រួច​ផុតពី​កាតព្វកិច្ច​ក្នុង​ការឱ្យ​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ​ ១៩ នោះទេ​»​។

អ្នកជំងឺ​កូវីដ​១៩ ដែល​មិន​អនុវត្តតាម​គោលការណ៍​នៃ​ការព្យាបាល​ក៏​នឹងត្រូវ​ផាកពិន័យ​ពី​ ២ ​លាន​រៀល ទៅ​ ១០ ​លាន​រៀល​ផងដែរ ដូច​មានចែង​ក្នុង​មាត្រា​ ២៤ ​នៃ​អនុក្រឹត្យ​។ ការផាកពិន័យ​ក៏​ធ្វើឡើង​ចំពោះ​បុគ្គល​ដែល​ចាត់ចែង​សព​មាន​ផ្ទុក​កូវីដ​១៩ ល្មើស​នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ផាកពិន័យ​ពី​ ៥ ​លាន​ ទៅ​ ២០ ​លាន​រៀល​។ នេះ​បើតាម​មាត្រា​ ២៥​។

ចំណែក​មាត្រា ២៦ ​ចែង​ថា​៖ «​ត្រូវ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍​ពី​ ១០ ​លាន​រៀល ទៅ​ ៥០ ​លាន​រៀល ចំពោះ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ទាំងអស់ ដែល​មិនបាន​ធ្វើការ​ជូនដំណឹង​បន្ទាន់​ទៅ​ក្រសួង​សុខាភិបាល​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា អ្នកជំងឺ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​នៅក្នុង​គ្រឹះស្ថាន​របស់ខ្លួន​មាន​តម្រុយ​បញ្ជាក់ថា ជា​អ្នកជំងឺ​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​កំពុង​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​»​។

អនុក្រឹត្យ​នេះ​ធ្វើឡើង​ដើម្បី​អនុវត្ត​ឱ្យស្រប​ទៅតាម​ច្បាប់​ស្ដីពី​វិធានការ​គ្រប់គ្រង​កូវីដ​ ១៩ និង​ជំងឺ​កាច​សាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត ដែល​ប្រមុខរដ្ឋស្ដីទី​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ១១ ខែ មីនា​ ឆ្នាំ​ ២០២១​។

ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង និង​រដ្ឋមន្ត្រី​យុត្តិធម៌ លោក កើត រិទ្ធ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅ​វេលា​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃទី​ ១៥ ខែមីនា នេះ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រៅពី​ការធ្វើ​សន្និសីទកាសែត​នេះ​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន ដើម្បីឱ្យ​ជនបរទេស​ដែល​ចេះ​ភាសា​ទាំង​ ២ ​នេះ​អាច​យល់​កាន់តែ​ច្បាស់​ ខណៈ​ដែល​ពួកគេ​មាន​វត្តមាន​នៅ​កម្ពុជា​។

លោក​ ម៉ាលីន ក៏​លើក​ទឹកចិត្ត​ឱ្យ​ស្ថានទូត​នានា​យក​ច្បាប់​នេះ​ទៅ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​របស់ខ្លួន​ដែល​ចូលមក​កម្ពុជា​ផងដែរ​។

ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​វិធានការ​គ្រប់គ្រង​កូវីដ​១៩ នេះដែរ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ចូលរួម​អនុវត្ត​ច្បាប់​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែង​តាម​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ២០២១ ថា​៖ «​ការចូលរួម​គោរព​ច្បាប់​ឱ្យបាន​ពេញលេញ និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ជា​ការថែរក្សា​សុខុមាលភាព​សង្គមជាតិ​របស់​យើង​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ពី​មេរោគ​ដ៏កាចសាហាវ​នេះ​។ ការដែល​យើង​មិន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ប្រៀប​ដូច​យើង​បាន​បំផ្លាញ​សុខភាព​យើង សុខភាព​គ្រួសារ​យើង និង​សង្គម​សេដ្ឋកិច្ចជាតិ​យើង ហើយ​នឹង​ត្រូវ​ទទួល​រង​ការពិន័យ និង​ផ្តន្ទាទោស​តាមច្បាប់​ដែលមាន​ជា​ធរមាន​ទៀតផង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍