ព្រះសីហនុៈ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​លោក​ យ៉ូវ ខេមរា បាន​ឲ្យ​ដឹងថា បុគ្គលិក​កាស៊ីណូ ហាវ ឆឹង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​ ៤ ក្រុង​ និង​ខេត្ត​ព្រះសីហនុ​ប្រមាណ​ ១៧០ ​នាក់​យល់ព្រម​ទទួលយក​ប្រាក់ខែ ហើយ​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ដើម្បី​បញ្ចប់​ការតវ៉ា ខណៈ​បុគ្គលិក​ជាង​ ១០០ ​នាក់​ទៀត​នៅ​បន្ត​ធ្វើ​ការងារ​ជាធម្មតា​។

ការទទួល​យក​ដំណោះស្រាយ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​ ២៥ មីនា បន្ទាប់ពី​បុគ្គលិក​កាស៊ីណូ​ហាវឆឹង​ជាង​ ១០០ ​នាក់​បាន​ផ្ទុះ​ការតវ៉ា​នៅមុខ​កន្លែងធ្វើការ​របស់​ពួកគេ​កាលពី​ថ្ងៃទី​ ២៤ ខែមីនា ក្រោយពី​ថៅកែ​សម្រេច​បញ្ឈប់​ពួកគេ​ភ្លាមៗ ដោយ​មិន​បើក​ប្រាក់ខែ​ជូន​ពួកគាត់ និង​មិនអាច​ទ្រាំធ្វើការ​ក្រោម​ការគាបសង្កត់​ពី​អ្នកគ្រប់គ្រង​ជា​ជនជាតិ​ចិន​បាន​។

លោក​ យ៉ូវ ខេមរា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ២៥ មីនា ថា​៖ «​តាម​ការសម្របសម្រួល​ដែល​មាន​បុគ្គលិក​តវ៉ា​ទាំងអស់​ ២៣០ ​នាក់​ហើយ​អ្នក​លាឈប់​ ១៧០ ​នាក់​។ មានន័យថា​គាត់​អត់​បន្តធ្វើ​បាតុកម្ម​ទៀត​ទេ ហើយ​ព្រម​ទទួល​ប្រាក់ខែ​ចុងក្រោយ​»​។

ប្រធាន​មន្ទីរ​រូបនេះ​ឲ្យ​ដឹង​ទៀតថា​ក្នុង​ការទទួល​យក​ប្រាក់​ខែ​នេះ​គឺ​ភាគី​ថៅកែ​កាស៊ីណូ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៩ ៧១០ ​ដុល្លារ​សម្រាប់​បើក​ផ្តល់ជូន​បុគ្គលិក​ដែល​ព្រម​លាឈប់​។ ចំណែកឯ​បុគ្គលិក​ដែល​នៅ​សេសសល់​ជិត​ ១០០ ​នាក់​ទៀត​គឺ​នឹង​បន្ត​ធ្វើការ​ជាធម្មតា​។

តាម​លោក​ យ៉ូវ ខេមរា គឺថា​មាន​មូលហេតុ​ចំនួន​ ៣ ដែល​នាំ​ឲ្យ​កាស៊ីណូ​នេះ មិន​អាច​បើក​លុយ​ជូន​បុគ្គលិក​បាន​គឺ​ទី​ ១ កាស៊ីណូ​នេះ​ភាគច្រើន​ចំណូល​បានមកពី​អនឡាញ​ដល់​ពេល​បិទ​ហ្គេម​អនឡាញ​ទៅ​ធ្វើឲ្យ​ចំណូល​គាត់​ថយ​។ ឯករណី​ទី​ ២ លោក​ថា មកពី​គ្មាន​មនុស្ស​ចូលទៅ​លេង ដោយសារ​តែ​តំបន់​នេះ​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​។ ដូច្នេះ​ប៉ះពាល់​កន្លែង​គាត់ និង​ទី​ ៣ ដោយសារ​ស្ងាត់​ភ្ញៀវ ព្រោះ​តែ​ការរីករាល​ជំងឺ​កូវីដ​ ១៩​។

ទោះយ៉ាងណា​លោក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​មិនទាន់​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ គឺ​នៅ​បន្ត​ដំណើរការ​ជាធម្មតា​ហើយ​ក្នុងករណី​បុគ្គលិក​តវ៉ា​គឺ​មន្ត្រី​នៃ​មន្ទីរ​ការងារ​នឹង​បន្ត​ចុះ​សម្របសម្រួល និង​តាមដាន​បន្តទៀត​។

លោក​ ណែម វី បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក​ដែល​ព្រម​ទទួលយក​ដំណោះស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុគ្គលិក​ទាំង​ ១៧០ ​នាក់​បាន​ទទួល​ប្រាក់ខែ​របស់​ពួកគេ​អស់ហើយ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចន្លោះ​ពី​ ២០០ ទៅ ជិត ៣០០ ​ដុល្លារ​។

លោក​បញ្ជក់​ថា​៖ «​មានអី គេ​ដោះស្រាយ​ល្អ​តើ បន្ទាប់ពី​ពួកយើង​បាន​ធ្វើ​ការតវ៉ា​។ យើង​បាន​យល់ព្រម​ចំពោះ​ដំណោះស្រាយ​នេះ​ដោយ​មាន​អ្នកខ្លះ​គេ​ទទួល​ប្រាក់ខែ​គឺ​គេ​ទទួលយក​ប្រាក់ខែ ហើយ​អ្នក​ចង់​បន្ត​ធ្វើការ​ក្នុង​កាស៊ីណូ​នេះ​បន្ត គេ​នៅ​បន្ត និង​មិនមាន​ការតវ៉ា​បន្តទៀត​នោះទេ​»​។

ក្រុមហ៊ុន​កាស៊ីណូ​ ហាវ ឆឹង មាន​បុគ្គលិក​សរុប​ជិត​ ៣០០ ​នាក់​ចែកចេញ​ជា​ ២ ​វេន​ដោយ​ក្នុង​ ១ ​វេន​មាន​គ្នា​ជាង​ ១០០ ​នាក់​ហើយ​កាស៊ីណូ​នេះ​ទើប​បាន​ដំណើរការ​ក្នុងអំឡុង​ខែ​តុលា ឆ្នាំ​ ២០១៩​។ តាម​អ្នកស្រី​ សាន សំអេង បុគ្គលិក​កាស៊ីណូ​ដែល​ចូលរួម​តវ៉ា​បាន​លើក​ឡើង​ក្នុង​វីដេអូឡាយ​កាលពី​ថ្ងៃទី​ ២៤ មីនា ថា​ការផ្ទុះ​ការតវ៉ា​នេះ​បន្ទាប់ពី​ពួកគេ​មិន​អាច​ទ្រាំទ្រ​នឹង​ការគាបសង្កត់​ពី​ថៅកែ​ចិន​។ ម្យ៉ាង​ថៅកែ​កាស៊ីណូ​នេះ​មិនបាន​បើក​ប្រាក់ខែ​ជូន​ពួកគេ​នោះទេ ក្រោយពី​បញ្ឈប់​ការងារ​របស់​ពួកគេ​។

អ្នកស្រី​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ពួកខ្ញុំ​មិនអាច​បន្តការងារ​បាន​ទេ បើទោះជា​បើកប្រាក់​ខែ​ហើយក៏​ដោយ ព្រោះតែ​ពួកគាត់​ (​ថៅកែ​) ​ហ្នឹង​មាន​មេ​ចិន​ម្នាក់ គាត់​ធ្វើ​តែ​តាម​អារម្មណ៍​របស់គាត់​។ ពេលណា​ដែល​គាត់​អារម្មណ៍ល្អ ពួកខ្ញុំ​ធ្វើការ​តាម​ធម្មតា ប៉ុន្តែ​ពេលណា​ដែល​គាត់​មាន​អារម្មណ៍​មិនល្អ គាត់​ចង់​បញ្ឈប់​ការងារ​នរណា​គេ ក៏​ស្រេច​តែ​ចិត្ត​របស់គាត់ ហើយ​គាត់​កាត់លុយ កាត់​អី​ខ្ញុំ ដោយ​គ្មាន​មូលហេតុ​»​។

ក្រោយពី​មាន​ការផ្ទុះ​ការតវ៉ា​ភ្លាមៗ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ដែល​មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ​បាន​ចេញ​មុខមក​បក​ស្រាយ និង​អះអាង​ថា​នឹង​ធ្វើការ​បើក​ជូន​ដល់​បុគ្គលិក​ទាំងអស់​មិន​ឲ្យ​លើសពី​រយៈពេល​ ២ ​ថ្ងៃ បន្ទាប់ពី​ស្រង់​វត្តមាន​ និង​កត់​លេខ​អាយឌី​របស់​ពួកគាត់​សាជាថ្មី ដើម្បី​បានដឹង​ពី​ចំនួន​ទឹក​លុយ ដែល​ត្រូវ​បើក​ជូន​បុគ្គលិក​ទាំងនោះ​៕