វីងបានរៀបចំកម្មវិធី “សង្គ្រោះជីវិត បរិច្ចាគឈាម” ដើម្បីអបអរខួប ១២ ឆ្នាំដែលវីងបានផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជាធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរខួប ១២ ឆ្នាំរបស់ខ្លួននៅថ្ងៃទី ១២ ខែសីហា ២០២០ ដែលជាការផ្តល់ត្រឡប់ទៅសហគមន៍វិញ។
យុទ្ធនាការ «សង្គ្រោះជីវិត បរិច្ចាគឈាម» របស់វីងធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកង្វះខាតនៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាត។
លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានលើកឡើងថា ការធ្លាក់ចុះនៃអ្នកបរិច្ចាគឈាមបណ្តាលរួមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយសារព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ ជាដើម។
លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម ៦ ខែដំបូងដើមឆ្នាំ ២០២០ នេះ អត្រាការបរិច្ចាគឈាមបានធ្លាក់ចុះប្រមាណ ១១ ភាគរយ។ អ្នកជំងឺមួយចំនួនត្រូវការបញ្ចូលឈាមជាបន្ទាន់ ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេពិបាករកប្រភេទឈាមដែលត្រូវ»។
លោកបានបន្តថា៖ «ខ្ញុំពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វីង ដែលបានលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ទង្វើនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសង្គមក្នុងគ្រាដ៏លំបាកនេះ។ វីងមិនត្រឹមតែជួយប្រជាជនឱ្យមានជីវភាពប្រចាំថ្ងៃកាន់តែប្រសើរតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវីងថែមទាំងបានធ្វើជាគំរូល្អដល់ក្រុមហ៊ុនដទៃផ្សេងទៀតផងដែរ»។
ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ វីងបានដាក់បញ្ចូលនូវស្មារតីដ៏រឹងមាំក្នុងការជួយសហគមន៍នៅក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ។ ទាំងភ្នាក់ងារវីង និងដៃគូអាជីវកម្មជាច្រើនតែងតែគាំទ្រការអភិវឌ្ឍសង្គម និងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ «សង្គ្រោះជីវិត បរិច្ចាគឈាម» ដែលបានប្រព្រឹត្តទៅនាពេលនេះផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាមគឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួលមួយដែលយើងអាចធ្វើបានសម្រាប់ជួយដល់សហគមន៍នៅពេលដែលមានតម្រូវការជាចាំបាច់។ រាល់តំណក់ឈាមនីមួយៗគឺសុទ្ធតែជាក្តីសង្ឃឹម។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើងចំពោះការប្តេជ្ញាចិត្តជួយដល់សហគមន៍តាមរយៈការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសម្រាប់ព្យាបាលជំងឺ»។
លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីង បានឲ្យដឹងថា៖ «នៅពេលដែលអ្នកក្លាយជាផ្នែកមួយរបស់វីង យើងមិនត្រឹមតែផ្តោតលើការងារតែប៉ុណ្ណោះទេ យើងតែងតែលើកទឹកចិត្តក្រុមការងាររបស់យើងឱ្យចូលរួមធ្វើឲ្យកម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមទៅលើប្រតិបត្ដិការអាជីវកម្ម យើងមានគោលបំណងចូលរួមចំណែកឱ្យកាន់តែច្រើនទៅក្នុងកិច្ចការសហគមន៍កម្ពុជាតាមរយៈស្មារតីនៃការស្ម័គ្រចិត្ត»។
ក្នុងចំណោមបុគ្គលិកវីងជាច្រើននាក់ដែលបានបរិច្ចាគឈាម កញ្ញា ភី យូឡែន ប្រធានគ្រប់គ្រងស្តីទី ផ្នែកបំណែងចែកទីផ្សារក៏បានចូលរួមចំណែកនាថ្ងៃនេះផងដែរ។ កញ្ញា យូឡែន បាននិយាយថា កញ្ញាមានក្តីរីករាយដែលបានបរិច្ចាគឈាមនាថ្ងៃនេះ ពីព្រោះវាអនុញ្ញាតឱ្យនាងជួយដល់អ្នកដែលមានតម្រូវការចាំបាច់។
ដូចជាសប្បុរសជនដ៏ទៃផ្សេងទៀតដែរ កញ្ញា យូឡែន ត្រូវបានផ្តល់ជូនបណ្ណបរិច្ចាគឈាមស្ម័គ្រចិត្តដែលបញ្ជាក់ពីការគាំទ្ររបស់នាងចំពោះបុព្វហេតុសង្គ្រោះជីវិត។
កញ្ញា យូឡែន បាននិយាយថា៖ «ពេលដឹងថាវីងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ដោយឥតស្ទាក់ស្ទើរ ពីព្រោះមានអារម្មណ៍ថា ខ្ញុំកំពុងតែបានជួយជីវិតមនុស្សម្នាក់។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយរបស់វីង ព្រោះមិនត្រឹមតែឱកាសការងារឲ្យខ្ញុំប៉ុណ្ណោះទេ វីងតែងតែផ្ដល់ឱកាសឲ្យខ្ញុំអាចចូលរួមចំណែកបានយ៉ាងច្រើនក្នុងការជួយដល់សង្គម។ ការបរិច្ចាគឈាមគឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ដូច្នេះសូមកុំមានការស្ទាក់ស្ទើរនៅក្នុងការចូលរួម»៕