ភ្នំពេញៈ បុគ្គលិក​ផ្នែក​សន្តិសុខ​នៃ​ស្ថាន​ទូត​អា​មេ​រិក​ នៅទី​ក្រុង​ភ្នំ​ពេញ​ប្រមាណ​ជាង ​២០ ​នាក់​ កាល​ពី​ព្រឹក​ថ្ងៃទី ១៩​ ខែមិថុនា​នេះ បាន​នាំគ្នា​តវ៉ាប្រឆាំង​​នឹង​ចំណាត់​ការ​របស់​ស្ថាន​ទូត​នេះ​ ដែល​បាន​បញ្ឈប់​ពួកគេ​សរុប​ ៣២ នាក់​កាលពី​ថ្មីៗ​នេះ ដោយ​ចោទ​ប្រកាន់​ពី​បទ​លួច​មើល​និង​ចែក​ចាយ​រូប​ភាព​អាសអា​ភាស ។

លោក ញឹម សុភ័ណ អាយុ ​៤៥ ឆ្នាំ ​ដែល​អះ​អាង​ថា​ បាន​បម្រើ​ការ​ងារ​ជា​បុគ្គ​លិក​ផ្នែក​សន្តិ​សុខ​នៅ​ស្ថាន​ទូត​​ អា​មេ​រិក អស់​​ពេល ​១៨​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ នៅកន្លែង​ជួប​ប្រជុំ​​តវ៉ា​នោះ​ថា ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ទេ ​ចំពោះ​អ្វី​ដែល​ស្ថាន​ទូត​អា​មេ​រិក​ បាន​បញ្ឈប់​ការ​ងារ​របស់​ពួក​គាត់​ដោយ​ចោទ​ប្រកាន់​ពួក​គាត់​ថា«​លួច​មើល​និង​ចែក​ចាយ​រូប​ភាព​អា​សអា​ភាស »។

លោក ​សុភ័ណ​ បាន​បញ្ជាក់​ថា៖ «ស្ថាន​ទូត​បាន​ដក​ហូត​យក​ទូរ​ស័ព្ទ​ដៃ​ផ្ទាល់​ខ្លួន​របស់​យើង​ខ្ញុំ​ទៅ​ឆែក​មើល​ ហើយ​​បាន​ឆែក​មើល​ facebook និង Messenger ផ្ទាល់​ខ្លួនរបស់​យើង​ខ្ញុំ​ថែម​ទៀត។ ​បន្ទាប់​មក​ស្រាប់​តែ​ស្ថាន​ទូត​បញ្ឈប់​ការ​ងារ​របស់​យើង​ខ្ញុំ ដោយ​ចោទ​យើង​ខ្ញុំ​ថា​ បាន​​លួច​មើល​និង​ចែក​ចាយ​រូប​ភាព​អាស​អា​ភាស​ទាក់​ទង​នឹង​កូន​ក្មេង​ ក្រោម ​អាយុ​ ១០ ឆ្នាំ​ទៅ​វិញ ដែល​ប្រការ​នេះ​យើង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។

បុគ្គ​លិក​សន្តិ​សុខ​ម្នាក់​ទៀត ​គឺ ​លោក ​ជួន​ អ៊ីម ​បាន​ចាត់​ទុក​ការបញ្ឈប់​ការងារ​​ពួក​គាត់​ថា​ កំពុង​រំលោភ​បំពាន​សិទ្ធិ​របស់​បុគ្គល។ ​

លោក ​បាន​ថ្លែង​ទៀត​ថា ​ស្ថាន​ទូត​មាន​សិទ្ធិ​កាត់​រំសាយ​ការ​ងារ​បុគ្គ​លិក​មួយ​ចំនួន​​ក្នុង​ផ្នែក​​មិន​ចាំបាច់​ដោយ​ទូ​ទាត់​សំណង​សម​រម្យ​តាម​ច្បាប់​ការងារ​មិន​មែន​បញ្ឈប់​ដោយ​បង្ខំ​ទាំង​អយុត្តិ​ធម៌​បែប​នេះទេ។

លោក អ៊ីម បាន​ថ្លែង​ថា៖​ «ពាក្យ​ចោទ​ប្រកាន់​ទាំង​អយុត្តិ​ធម៌ ​របស់​ស្ថាន​ទូត​អា​មេ​រិក​មក ​លើ​យើង​ខ្ញុំ​នា​ពេល​នេះ​ គឺ​កំពុង​តែ​សម្លាប់​ការងារ ​ជិវិត និង ក្រុម​គ្រួសារ​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​នឹង​មិន​អាច​ទៅ​រក​ការ​ងារ​ល្អៗ​ឯ​ណា​ទៀត​បាន​ធ្វើ​សម្រាប់​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​នោះ​ទេ»។

កាលពី​ព្រឹក​មិញ​នេះផង​ដែរ​មន្ត្រី​សន្តិ​សុខស្ថានទូត​ជន​ជាតិ​អាមេរិក​ម្នាក់បានចេញ​មក​ទទួល​យក​ញត្តិ​ពី​ក្រុម​ ​អ្នកតវ៉ា​ទាំង​នោះ ប៉ុន្តែ​បានបដិសេធ​ផ្ដល់​អត្ថា​ធិប្បាយ​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន។ យ៉ាង​ណា​នៅ​ពេល​ទទួល​យក​ញ្ញតិពីក្រុមអ្នកតវ៉ា មន្ត្រី​សន្តិសុខ​ជាតិ​អាមេរិក​រូប​នោះ បាន​ប្រាប់​​ក្រុម​អ្នកតវ៉ា​ថា គាត់​នឹង​នាំញត្តិនោះ​ទៅ​ដាក់​ជូន​ថ្នាក់​លើ​ ដើម្បី​ពិនិត្យ​និង​សម្រេច។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​សា្ថន​ទូត​អា​មេ​រិក លោក David Josar នៅ​ព្រឹក​មិញ​នេះ​ផង​ដែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា៖ «យើង​គោរព​សិទ្ធិ​អ្នក​ដែល​មក​តវ៉ា​ទាមទារ​អ្វី​មួយដោយ​សន្តិ​វិធី​ រួម​ទាំង​អតីត​បុគ្គ​លិក​​សន្តិ​សុខ​ទាំង​នេះ។ រ​ដ្ឋា​ភិ​បាល​អា​មេ​រិក​ ចាត់​វិធាន​ការ​ពាក់​ព័ន្ធ​នឹង​រូប​អាស​អា​ភាស​របស់​កុមារ​ និង​ ការ​កេង​ប្រវ័ញ្ច​យ៉ាង​ធ្ងន់​ធ្ងរ​លើ​កុមារ។ យើង​មិន​ធ្វើ​អ​ត្ថា​ធិប្បាយ​អំ​ពី​បញ្ហា​បុគ្គ​លិក​ផ្ទៃ​ក្នុង​ទេ»៕