ភ្នំពេញៈ ​បុគ្គលិក​សុខាភិបាល​ជាង​ ២ ​ម៉ឺន​នាក់​ និង​ថវិកា​ប្រមាណ ១៦៦ លាន​ដុល្លារ នឹង ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ដ​សាមី​នីមួយៗ​ក្នុង​ការអនុវត្ដ​មុខងារ​ផ្ដល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។ នេះ​បើតាម​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប.) ​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ កាលពី​ថ្ងៃ​ពុធ​នៅ​ក្រសួងមហាផ្ទៃ​។

លោក ស ខេង បាន​ថ្លែង​ថា ទោះបី​កម្ពុជា​បាននិង​កំពុង​ជួប​នូវ​ស្ថានភាព​លំបាក​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​ទាំងអស់​គ្នា​អនុវត្ដ​វិធានការ​នានា​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​នេះ​ក៏ដោយ ប៉ុន្តែ​ផ្អែក​តាម​របាយការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២០ នេះ រដ្ឋាភិបាល​បានរួម​គ្នា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ដ និង​បាន​អនុវត្ដ​កិច្ចការ​ជាអាទិភាព​ចាំបាច់​មួយចំនួន​ដើម្បី​ធានា​ដល់​ការចាប់ផ្ដើម​អនុវត្ដ​អនុក្រឹត្យ​នៃ​ការដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ត​។

លោក​ថ្លែងថា​៖ «​ក្នុងនោះ​រួមមាន​ការផ្ទេរ​បុគ្គលិក​សុខាភិបាល​ចំនួន​ជាង ២ ​ម៉ឺន​នាក់​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​សាមី​នីមួយៗ​។ ការដាក់ចេញ​នូវ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការផ្ទេរ​ថវិកា​ចំនួន​ប្រមាណ ១៦៦ ​លាន​ដុល្លារ អាមេរិក​ឲ្យ​ទៅ​រដ្ឋបាល​រាជធានី-ខេត្ដ សម្រាប់​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​លើ​ការអនុវត្ដ​មុខងារ​ផ្ដល់​សេវា​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ដ​ទៅ​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ដ​»​។

លោក ស ខេង ​បញ្ជាក់​ថា ដាក់ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ត​នេះ​គឺជា​សមិទ្ធផល​មួយ​ថ្មី​ទៀត​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដំណើរការ​ប្រមាណ​ជាង ១០ ​ឆ្នាំ​កន្លងមកនេះ​។

លោក​បន្តថា ដោយសារ​នេះ​ជា​កិច្ចការ​ថ្មី​ក្នុង​ប្រវត្ដិសាស្ដ្រ​នៃ​ការគ្រប់គ្រង​រដ្ឋបាល ដូច្នេះ​ចាំបាច់​ត្រូវតែ​អត់ធ្មត់​ហើយ​នឹង​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចៀសវាង​នូវ​កំហុស​ទាំងឡាយ​ដែល​នាំឲ្យ​ប៉ះពាល់​ទៅដល់​ការបម្រើ​សេវា​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-​ខេត្ដ​នៅ​ចុងឆ្នាំ​ ២០១៩ ​កន្លង​ទៅ​។

បើ​តាម​លោក ស ខេង ការរៀបចំ​ពិធី​កាលពី​ម្សិលមិញ​គឺ​មាន​គោលបំណង​ផ្សព្វផ្សាយ​នឹង​ផ្ដល់​ការណែនាំ​អំពី​គោលការណ៍​សំខាន់ៗ​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​រាជធានី-ខេត្ដ ព្រមទាំង​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ដ​អំពី​ការចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​ការអនុវត្ដ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការគ្រប់គ្រង​ការចាត់ចែង និង​ការផ្ដល់សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្របតាម​គោលការណ៍ បែបបទ និង​នីតិវិធី​ថ្មីៗ ដូច​បាន​កំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ដ​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​។

លោក ស ខេង បន្ថែម​ថា​បើទោះបី​ជា​មាន​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ដ ក៏ប៉ុន្ដែ​ជា​ការផ្ទេរ​ផ្នែក​ប្រតិបត្ដិការ​ប៉ុណ្ណោះ ហើយ​ផ្នែក​មួយ​ចំនួន​សំខាន់ៗ​ទៀត​នៅតែ​ស្ថិតក្រោម​ការចាត់ចែង គ្រប់គ្រង​របស់​ក្រសួងសុខាភិបាល​ដដែល​។

វីដេអូ៖

លោក​បន្តថា ផ្អែក​លើ​ប្រព័ន្ធគ្រប់គ្រង​ថ្មី​នេះ ក្រុមប្រឹក្សា និង​គណៈអភិបាល​រាជធានី-ខេត្ដ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ការបំពេញ​ការងារ ពាក់ព័ន្ធ​នឹង​ការផ្ដល់​សេវា​សុខាភិបាល​នានា​ដែល​បាន​ប្រគល់​ឲ្យ​។ លោក​ថា ទន្ទឹមនឹង​នេះ​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ដ​ត្រូវមាន​គណនេយ្យភាព និង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ក្រុមប្រឹក្សា​ និង​គណៈអភិបាល​រាជធានី-ខេត្ដ​សាមី​នីមួយៗ​ក្នុង​ការគ្រប់គ្រង ចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ទទួល​ខុសត្រូវ​នូវ​ការផ្ដល់សេវា​សុខាភិបាល​ដែល​បាន​ប្រគល់​ឲ្យ​នេះ​។

លោក ស ខេង ​បន្តថា ការចាត់ចែង និង​ការប្រើប្រាស់​ថវិកា​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​សម្រាប់​អនុវត្ដ​មុខងារ​ផ្ដល់​សេវា​សុខាភិបាល​គឺជា​ថវិកា​ផ្ទេរ​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ អាស្រ័យ​ហេតុនេះ​ក្រុមប្រឹក្សា​ និង​គណៈអភិបាល​រាជធានី-ខេត្ដ​ត្រូវមាន​ការយល់ដឹង​ឲ្យ​បាន​ច្បាស់​អំពី​គោលការណ៍ បែបបទ និង​នីតិវិធី​ក្នុង​ការគ្រប់គ្រង និង​ការប្រើប្រាស់​ថវិកា​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ​នេះ​។

លោក​ ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការផ្ទេរ​មុខងារ​គ្រប់គ្រង និង​ផ្ទេរ​សេវា​សុខាភិបាល​ទៅ​ដល់​រដ្ឋបាល​រាជធានី-ខេត្ដ ថា​ជារួម​រចនាសម្ព័ន​នៃ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ដ​បច្ចុប្បន្ន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​-​ខេត្ដ​ ដែល​រួមមានមន្ទីរសុខាភិបាល​ចំនួន​ ២៥ មន្ទីរពេទ្យ​បង្អែក​រាជធានី-ខេត្ត​ចំនួន ២៥ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្ដិ​ចំនួន​ ១០៣ មន្ទីរពេទ្យ​បង្អែក​ក្រុង-ស្រុក​ចំនួន ៩២ មណ្ឌល​សុខភាព​ចំនួន​ ១២២១ និង​ប៉ុស្តិ៍​សុខភាព​ចំនួន ១២៧ ​។

លោក​ថ្លែងថា ក្រសួង​សុខាភិបាល​បានដាក់​ចេញ​នូវ​ប្រកាស​ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​សុខាភិបាល និង​អង្គភាព​ក្រោម​ឱវាទ​មន្ទីរ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-​ខេត្ដ​ ដែល​មាន​បុគ្គលិក​សរុប​ទាំងអស់​ចំនួន​ ២១ ២៤០ ​នាក់ ​ក្នុង​នោះ​រួមមាន​គ្រូពេទ្យ​ដែល​បំពេញ​ការងារ​នៅតាម​មន្ទីរពេទ្យបង្អែក​មណ្ឌល​សុខភាព​មាន​ចំនួន ១៧ ២៣៨ ​នាក់ និង​បុគ្គលិក​បម្រើ​ការងាររដ្ឋបាល​នៅ​តាម​មន្ទីរ​សុខាភិបាល និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្ដិ​នានា​មាន​ចំនួន​ ២ ៨៨៦ ​នាក់​។ ​«​បន្ថែម​លើ​នេះ​ក៏មាន​បុគ្គលិក​កិច្ចសន្យា​ជិត​ ៣ ​ពាន់​នាក់ ​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​សុខាភិបាល និង​មន្ទីរពេទ្យបង្អែក​រាជធានី-ខេត្ដ ក្រុង ស្រុក ខណ្ឌ​ និង​មណ្ឌល​សុខភាព​នានា​ក៏ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ដ​ផងដែរ​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ក្នុង​ពិធី​នេះដែរ​ថា ការផ្ទេរ​រចនាសម្ព័ន​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ដ​បច្ចុប្បន្ន​ទៅ​ឲ្យ​ស្ថិតនៅ​ក្រោម​រចនាសម្ព័ន​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី ខេត្ដ​នេះ​គឺជា​របត់​ថ្មី​មួយ​នៃ​កំណែទម្រង់​ក្នុង​វិស័យ​សុខាភិបាល​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​បន្ត​លើកកម្ពស់ និង​ពង្រឹង​គុណវុឌ្ឍិ​ប្រព័ន្ធ​សុខាភិបាល​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ការធ្វើ​វិមជ្ឈការ​នេះ​ត្រូវ​រៀបចំ​ជា​ជំហានៗ​តាម​លទ្ធភាព​ជាក់ស្ដែង និង​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​រក្សា​ភាពរលូន​នៃ​ការផ្ដល់សេវា​សុខាភិបាល​ស្រប​តាម​គោលនយោបាយ​សុខាភិបាល​ជាតិ ពិសេស​និយាម​គុណភាព​ដោយ​រក្សា​កិច្ចដំណើរការ​ការងារ​របស់​អង្គភាព​សុខាភិបាល​រាជធានី-ខេត្ដ​ដូច​ធម្មតា និង​មិនត្រូវ​ឲ្យ​មាន​ភាពរអាក់រអួល​ដល់​ដំណើរ​ការផ្ដល់សេវា​ថែទាំ​សុខភាព​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​សេវា​សុខាភិបាល​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​»៕