ភ្នំពេញៈ បុគ្គលិក ៣៨ នាក់នៅកាស៊ីណូ Las Vegas នៅក្នុងក្រុង បាវិត បានដួលសន្លប់កាលពីថ្ងៃត្រង់ម្សិលមិញ ហើយមន្រ្តីសុខាភិបាលមានការសង្ស័យថា ពួកគេពុលអាហារ។
លោក អ៊ឹម ប៊ុត អនុប្រធានមន្ទីរពេទ្យបង្អែក ជីភូ ក្នុងខេត្ត ស្វាយរៀង ដែលបានចុះទៅជួបបុគ្គលិកកាស៊ីណូ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន កាលពីម្សិលមិញបានថ្លែងថា សេចក្តីសន្និដ្ឋានបឋមគឺដោយសារតែពុលអាហារ។ លោកបានបន្តថា៖ «តាមបទ ពិសោធដែលខ្ញុំបានជួប ករណីបែបនេះគឺពុលអាហារ។ ប៉ុន្តែយើងបានបញ្ជូនសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រ នៅ ភ្នំពេញ ដើម្បីរកមូលហេតុពិត»។
លោក អ៊ឹម ប៊ុត បានបន្ថែមឲ្យដឹងទៀតថា បុគ្គលិកដែលសន្លប់ទាំង ៣៨ នាក់នោះ មិនពុលអ្វីក្រៅពីអាហារឡើយ ពីព្រោះអ្នកដែលហូបច្រើនមានស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកហូបតិច មានស្ថានភាពមិនសូវធ្ងន់ធ្ងរទេ។ កាស៊ីណូ Las Vegas បានផ្តល់អាហារដល់បុគ្គលិក។
លោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងកាលពីម្សិលមិញថា លោកបានបញ្ជាមន្រ្តីរបស់លោកឲ្យធ្វើការស៊ើបអង្កេតករណីសន្លប់នេះ។ លោកបានបន្តថា៖ «ខ្ញុំបានបញ្ជាមន្រ្តីចុះទៅកាស៊ីណូ និងជួបបុគ្គលិកដែលសន្លប់ ហើយធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុ។ ខ្ញុំនឹងទទួលបានព័ត៌មានពេញលេញនៅថ្ងែស្អែក»។
ប៉ុន្តែលោក ម៉ៅ ពិនភីរម្យ មេប៉ុស្តិ៍សង្កាត់ បាវិត បានថ្លែងកាលពីម្សិលមិញថា មានបុគ្គលិកកាស៊ីណូប្រហែលតែ ២០ នាក់ប៉ុណ្ណោះសន្លប់។ លោកបានបញ្ជាក់ថា៖ «ពួកគេមិនធ្ងន់ធ្ងរទេ ខ្លះបានទៅផ្ទះវិញហើយ។ គេមិនអីទេ»។
បុគ្គលិកកាស៊ីណូ Las Vegas មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
កន្លងមកមានកម្មករតាមរោងចក្រជាច្រើនបានដួលសន្លប់ដែលមន្ត្រីជំនាញ និងមេដឹកនាំសហជីពអះអាងថា ការដួលសន្លប់របស់កម្មករ គឺដោយសារតែបរិស្ថាននៅក្នុងរោងចក្រ ខណៈដែលកម្មករមានសុខភាពទន់ខ្សោយ ព្រោះតែហូបអាហារមិនគ្រប់គ្រាន់។ ការទាមទារឲ្យធ្វើការកែលម្អបរិស្ថាននៅក្នុងរោងចក្រ និងការដំឡើងប្រាក់ខែសមរម្យដល់កម្មករ ត្រូវបានគេស្នើឡើងដើម្បីកាត់បន្ថយការសន្លប់៕ TK