The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​ស៊ីនទ្រី​ជាង​១​ពាន់​នាក់​​​តវ៉ា​​​ដំឡើង​ប្រាក់​ខែ​គោល​១៥០$

បុគ្គលិក​ស៊ីនទ្រី​ជាង​១​ពាន់​នាក់​​​តវ៉ា​​​ដំឡើង​ប្រាក់​ខែ​គោល​១៥០$

បុគ្គលិក​ស៊ីនទ្រី​ជាង​១​ពាន់​នាក់​​​តវ៉ា​​​ដំឡើង​ប្រាក់​ខែ​គោល​១៥០$

Content image - Phnom Penh Post

ភ្នំពេញៈ បុគ្គលិក កម្មករ ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ប្រមាណ​ជាង ១ ពាន់​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​យានដ្ឋាន​ក្រុមហ៊ុន​នៅ​ក្នុង​ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​រហូត​ដល់ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​ឲ្យ​តែ​ត្រឹម ៨០ ដុល្លារ​ប៉ុណ្ណោះ។

លោក ម៉េត វិច្ឆិកា ជា​ជាង​ជួសជុល​រថយន្ត​ឲ្យ​ក្រុមហ៊ុន ស៊ីនទ្រី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កម្មករ​បាន​តវ៉ា​នៅ​ខាង​មុខ​យានដ្ឋាន​របស់​ក្រុមហ៊ុន ស៊ីនទ្រី តាំង​ពី​យប់​ថ្ងៃ​អាទិត្យ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

លោក​និយាយ​ថា៖ «កម្មករ​ដែល​ប្រមូល​សំរាម ផ្នែក​បោស​សំរាម អ្នក​បើកបរ និង​ជាង​ជួស​ជុល​ក្នុង​យានដ្ឋាន​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ លក្ខខណ្ឌ ៩ ចំណុច ដែល​រួម​មាន​ប្រាក់​ឈ្នួល​គោល ១៥០ ដុល្លារ ក្នុង ១ ខែ​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត»។

លោក​បញ្ជាក់​ថា កម្មករ​ប្រមូល​សំរាម បាន​ទាមទារ​ប្រាក់​ឈ្នួល ១៥០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​កម្មករ​ជួស​ជុល​ឡាន​ទាម​ទារ ២០០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន នេះ​ច្រាន​ចោល​នូវ​ការ​ទាមទារ​របស់​ពួក​គេ​នេះ។

លោក ប្រាក់ សុខា តំណាង​កម្មករ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អ្នក​បោស​សំរាម​សព្វ​ថ្ងៃ​ទទួល​បាន​តែ ៦៥ ដុល្លារ អ្នក​ប្រមូល​សំរាម​ទទួល​បាន ៧៧,៥០ ដុល្លារ ជាង​ជួស​ជុល និង​អ្នក​បើកបរ​ទទួល​បាន ១១០ ដុល្លារ​តែ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។

លោក​បាន​ថ្លែង​ថា៖ «ព្រឹក​មិញ យើង​បាន​ចរចា​ជាមួយ​ប្រធាន​ក្រុមហ៊ុន មន្រ្តី​សាលា​រាជធានី​និង​សាលា​ខណ្ឌ​ជុំវិញ​ការ​ទាមទារ​របស់​ពួក​យើង ប៉ុន្តែ​យើង​មិន​បាន​ទទួល​លទ្ធផល​ទេ ហើយ​ការ​ចរចា​នឹង​បន្ត​រហូត​មក​ដល់​ថ្ងៃ​ស្អែក​ទៀត​ដោយ​មាន​ការ​ចូល​រួម ពី​មន្រ្តី​ក្រសួង ការងារ​ផង​ដែរ»។

លោក ប្រាក់ សុខា បាន​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​ព្រម​ដំឡើង​ឲ្យ ១៥ ដុល្លារ​ថែម​ទៀត ប៉ុន្តែ​កម្មករ​បាន​បដិសេធ។

លោក​និយាយ​ដែរ​ថា៖ «កម្មករ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​វា​តិច​ពេក។ យើង​នឹង​បន្ថយ​ការ​ទាមទារ​បន្តិច​វិញ ប្រសិន​បើ​ក្រុមហ៊ុន​ឲ្យ​យើង​ច្រើន​ជាង​នេះ។ យើង​នឹង​ទទួល​យក​ប្រសិន​បើ​ក្រុមហ៊ុន​ដំឡើង​ឲ្យ​យើង​បាន​ដល់ ១០០ ដុល្លារ​សម្រាប់​កម្មករ​បោស​សំរាម ១២០ ដុល្លារ​សម្រាប់​អ្នក​ប្រមូល​សំរាម និង​ដំឡើង​ដល់ ១៥០ ដុល្លារ​សម្រាប់​អ្នក​ជួសជុល និង​អ្នក​បើកបរ»។

140204_04a
បុគ្គលិក កម្មករ ក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ កាលពីម្សិលមិញ ហេង ជីវ័ន

លោក អ៊ិត សុភ័ក្រ អ្នក​ប្រមូល​សំរាម​ក្នុង​ខណ្ឌ ឫស្សីកែវ បាន​ប្រាប់​ថា លោក​ចង់​បាន​ប្រាក់​ខែ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​និង​ប្រាក់​បន្ថែម​ទៀត​សម្រាប់​ទ្រទ្រង់​សុខភាព ព្រោះ​ការងារ​នេះ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព។

លោក​បញ្ជាក់​ថា៖ «យើង​ធ្វើ​ការ​ជាមួយ​សំរាម​រាល់​ថ្ងៃ ដែល​វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ប៉ុន្តែ​យើង​ទទួល​បាន​ប្រាក់​ខែ​តិច ហើយ​មិន​មាន​ប្រាក់​បន្ថែម​សម្រាប់​សុខភាព​សោះ»។

ចំណុច​បន្ថែម​នៃ​ការ​ទាមទារ​របស់​កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី ក្រៅ​ពី​ប្រាក់​ឈ្នួល​គោល​រួម​មាន ប្រាក់​ទ្រទ្រង់​សុខភាព ការ​ធ្វើ​ដំណើរ ស្នាក់នៅ សុំ​ឲ្យ​មាន​ពេទ្យ​ប្រចាំ​ការ​ឲ្យ​បាន​គ្រប់​គ្រាន់ សុំ​ប្រាក់​ទ្វេ​ដង​សម្រាប់​ការងារ​នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ និង​មាន​ចំណុច​ជាច្រើន​ទៀត។

លោក អ៊ិត សុភ័ក្រ និយាយ​ថា៖ «យើង​នៅ​តែ​បន្ត​ការ​តវ៉ា​ទាមទារ​រហូត​ដល់​យើង​ទទួល​បាន​ដំណោះស្រាយ»។

ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ទាមទារ​របស់​កម្មករ​នេះ លោក សេង សាវី ប្រធាន​ក្រុមហ៊ុន ស៊ីនទ្រី បាន​មាន​ប្រសាសន៍​ថា មាន​កម្មករ​ប្រមូល​សំរាម​ចំនួន ១២០០ នាក់​បាន​តវ៉ា​នៅ​ក្នុង​ចំណោម​កម្មករ​និង​បុគ្គលិក​ក្រុមហ៊ុន​ចំនួន ១ ៤០០ នាក់ ហើយ​ក្រុមហ៊ុន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ​បាន​ត្រឹម​តែ ៨០ ដុល្លារ​ទេ ក្នុង​មួយ​ខែ។

លោក​បញ្ជាក់​ថា៖ «យើង​អាច​ដំឡើង​ឲ្យ​ពួក​គេ​បាន​តែ ១៥ ដុល្លារ​ទេ។ យើង​មិន​អាច​មាន​លទ្ធភាព​ផ្តល់​ឲ្យ​ពួក​គេ​ដូច​អ្វី​ដែល​គេ​ទាមទារ​បាន​ទេ។ ការ​ទាមទារ​របស់​ពួក​គេ​គឺ​ច្រើន​ហួស​ហេតុ​ពេក ខណៈ​ដែល​យើង​ទទួល​បាន​ប្រាក់​តិច​តួច​ពី​ប្រជា​ពលរដ្ឋ​លើ​សេវា​ដឹក​សំរាម​នេះ តាំង​ពី ២០ ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ»។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​ផ្អាក​ការ​ដឹក​ជញ្ជូន​សំរាម​ទេ តែ​កម្មករ​បិទ​ទ្វារ​យានដ្ឋាន​សម្រាប់​ចេញ​ចូល​របស់​ក្រុមហ៊ុន​តែ​ម្តង។

លោក សេង សាវី និយាយ​ថា៖ «ការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ប៉ះពាល់​ព្រោះ​កម្មករ និង​អ្នក​បើក​ឡាន​ដឹក​សំរាម​ទាំង​អស់​បាន​ផ្អាក​ការងារ​របស់​ពួក​គេ ដើម្បី​តវ៉ា​ចាប់​តាំង​ពី​យប់​ថ្ងៃ​អាទិត្យ តែ​យើង​នៅ​តែ​មាន​ការ​បោស​សម្អាត​តិច​តួច​ប៉ុណ្ណោះ»។

លោក សេង សាវី បាន​បញ្ជាក់ ឲ្យ​ដឹង​ថា មាន​សំរាម​ប្រមាណ ១ ៤០០ តោន ត្រូវ​ប្រមូល​ដឹក​ចេញ​ជា​រៀង​រាល់​ថ្ងៃ​ពី​ក្នុង​រាជធានី​ភ្នំពេញ៕ NR

អត្ថបទគួរចាប់អារម្មណ៍