The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​ និង​ភ្នាក់ងារ​វីង​ ផ្តួចផ្តើម​គំនិត​គាំទ្រ​ឧបត្ថម្ភ​សហគមន៍​ដែល​ខ្វះខាត ខណៈ​កូវីដ​ ១៩ ​រាតត្បាត

បុគ្គលិក​ និង​ភ្នាក់ងារ​វីង​ ផ្តួចផ្តើម​គំនិត​គាំទ្រ​ឧបត្ថម្ភ​សហគមន៍​ដែល​ខ្វះខាត ខណៈ​កូវីដ​ ១៩ ​រាតត្បាត

Content image - Phnom Penh Post
លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង (​រូប​ទី​ ៣ រាប់​ពីឆ្វេង​)​។

បុគ្គលិក​ និង​ភ្នាក់ងារ​វីង​ ផ្តួចផ្តើម​គំនិត​គាំទ្រ​ឧបត្ថម្ភ​សហគមន៍​ដែល​ខ្វះខាត ខណៈ​កូវីដ​ ១៩ ​រាតត្បាត

ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​មនុស្ស​ទូទាំង​សកលលោក​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ក្នុងនោះ​រួមបញ្ចូល​ទាំង​កម្ពុជា​ផងដែរ​។

វិបត្តិ​ដ៏ធ្ងន់ធ្ងរ​នេះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​ដើរ​ថយក្រោយ​ដោយសារ​ការ​នៅ​គម្លាត​ឆ្ងាយ​ពីគ្នា​ដើម្បី​បញ្ឈប់​ការរីក​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ នេះ​។ នៅពេល​ដែល​ប្រជាជន​មិនអាច​ចេញទៅ​ខាងក្រៅ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ទាំងនេះ​បាន​ធ្វើឲ្យ​គ្រួសារ​ជាច្រើន​ជួប​ទុក្ខលំបាក ជាពិសេស​ការរក​ប្រាក់កម្រៃ​ប្រចាំ​ថ្ងៃ​ដែល​ពួកគេ​មិន​អាច​ធ្វើការ​ពី​ផ្ទះ​បាន​។ នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ អ្នករត់​រ៉ឺម៉ក​កង់​បី​ (​តុកតុក​) និង​មគ្គុទេ្ទសក៍​ទេសចរ​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ជាច្រើន​។

លោក គួយ ដារ៉ាវុធ អ្នករត់​រ៉ឺម៉ក​កង់បី​នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា មុនពេល​មាន​ជំងឺ​កូវីដ​ ១៩​ កើតឡើង រូបលោក​អាច​រកប្រាក់​កម្រៃ​បាន​ជា​មធ្យម​ជាង​ ២០ ​ដុល្លារ​ជាប្រចាំ​ថ្ងៃ​។ តែ​ក្នុង​រយៈពេល​នេះ​រូបលោក​អាច​រកបាន​ត្រឹមតែ​ ២ ​ដុល្លារ​តែប៉ុណ្ណោះ ពេល​ខ្លះ​សូម្បីតែ​ ១ ​កាក់​ ១ ​សេន​ក៏​គ្មាន​ដែរ​។

នៅក្នុង​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ជាង ៥០ ០០០ នាក់ ​ដែល​អាស្រ័យ​ប្រកបរបរ​រត់​រ៉ឺម៉ក​កង់បី​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ យោងតាម​សមាគ​កង់បី​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ជាទូទៅ​អ្នករត់​រ៉ឺម៉ក​កង់​បី​អាច​រកប្រាក់​ចំណូល​បាន​ ១៥ ​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​។ តែដោយសារ​មាន​ជំងឺ​រាតត្បាត និង​ខ្វះ​តម្រូវការ​ពី​អ្នកធ្វើ​ដំណើរ វា​បាន​ធ្វើឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​អាច​រកប្រាក់​ចំណូល​បាន​ត្រឹម​តែ​ ២ ​ដុល្លារ​ប៉ុណ្ណោះ​ដូច​លោក​ ដារ៉ាវុធ ​យ៉ាង​ដូច្នោះ​ដែរ​។

វិបត្តិ​ទាំងនេះ​វា​មិន​ត្រឹមតែ​កំពុង​បង្ក​ផលវិបាក​ដល់​អ្នករត់​រ៉ឺម៉ក​កង់បី​តែប៉ុណ្ណោះ​ទេ តែ​សូម្បី​តែ​មគ្គុទេ្ទសក៍​ទេសចរ​ជាង ៣ ០០០ ​នាក់​ ក៏​កំពុង​ជួប​វាសនា​ដូច​អ្នករត់​រ៉ឺម៉ក​កង់​បី​ផងដែរ​។

អ្នកស្រី រ៉ា សាវ៉ែន អាយុ​ ៣៧ ​ឆ្នាំ​ បាន​ប្រកបរបរ​ជា​មគ្គុទេ្ទសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ហើយ​អ្នកស្រី​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ កម្ពុជា​ ទៅ​ភ្ញៀវ​ជនជាតិ​ជប៉ុន​ជាពិសេស​។ តែ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​វា​បាន​បង្ខំ​ឲ្យ​អ្នកស្រី​ស្នាក់​នៅតែ​ក្នុងផ្ទះ​ដោយ​មិនអាច​រកប្រាក់​ចំណូល​ដើម្បី​ជួយ​ទប់ទល់​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​។

ក្នុង​កិច្ច​គាំទ្រ​ដល់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​កូវីដ​ ១៩​ នោះ បុគ្គលិក និង​ភ្នាក់ងារ​របស់​ធនាគារ​ឯកទេស​វីង ព្រមទាំង​បុគ្គលិក​របស់​រ៉ូយ៉ាល់​គ្រុប​បាន​ចូលរួម​ចំណែក​ផ្តួចផ្តើម​នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ និង​ជួប​ការលំបាក​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩​។ តាមរយៈ​មូលនិធិ​សប្បុរសធម៌​នេះ ពួកគេ​បាន​រៀបចំ​ការ​រៃអង្គាស​ប្រមូល​មូលនិធិ សម្រាប់​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​ដោយ​ផ្តល់​ជូន​នូវ​តម្រូវការ​ចាំបាច់​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម យើង​មិន​ត្រឹមតែ​គិតគូរ​ពី​សុខភាព​ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​យើង​នោះឡើយ ប៉ុន្តែ​យើង​ក៏បាន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួនយើង​ដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ​ផងដែរ​។ វា​ជា​រឿង​ដ៏សំខាន់​សម្រាប់​វីង​ក្នុងការ​ចូលរួម​ចំណែក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​ក៏ដូចជា​ជួយ​គាំទ្រ​សហគមន៍​យើង​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏លំបាក​នេះ​ជាមួយ​គ្នា​»​។

លោក ម៉ានូ បាន​បន្ថែមថា​៖ «​ការចូលរួម​គាំទ្រ​ដ៏សប្បុរស​របស់​អស់​លោក លោកស្រី វា​មិន​ត្រឹម​តែមាន​សារៈសំខាន់​ចំពោះ​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​ឲ្យ​អ្នកដទៃ​ចូលរួម​ជួយ​ការពារ​សហគមន៍​របស់​យើង​ទាំងអស់​គ្នា​ផងដែរ​»​។

សប្បុរសជន​ទាំងឡាយ​ក៏​អាច​ចូលរួម​ជួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត​ដោយ​ការបរិច្ចាគ​ថវិកា​តាមរយៈ​គណនី​មូលនិធិ​របស់​វីង​ផងដែរ​។ សម្រាប់​គណនី​ប្រាក់​រៀល​សូម​ផ្ញើ​ទៅកាន់ ០៣ ២១០ ០០០ និង ០៣ ៣១០ ០០០ សម្រាប់​គណនី​ប្រាក់​ដុល្លារ ។ សប្បុរសជន​ក៏​អាច​បរិច្ចាគ​ថវិកា​តាមរយៈ​ភ្នាក់ងារ​វីង​ណា​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​វីង​ជាង ៧ ៥០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍