ភ្នំពេញៈ តំណាងអ្នកតវ៉ាម្នាក់ បានអះអាងកាលពីថ្ងៃម្សិលមិញថា បុគ្គលិកចំនួន ៤៤នាក់ដែលរួមមានជនពិការ៤នាក់ផងដែលបម្រើការនៅអង្គការបម្រើសុខភាពប្រជាពលរដ្ឋ(PSI)ខាងផ្នែកវេចខ្ចប់ បានតវ៉ានៅមុខការិយាល័យអង្គការដើម្បីទាមទារបន្តកិច្ចសន្យាការងារឡើងវិញ បន្ទាប់ពីត្រូវបង្ខំឲ្យបញ្ចប់ការងារតាមកិច្ចសន្យាថ្មី។
អ្នកស្រី សូ នីតា តំណាងអ្នកតវ៉ា បានអះអាងឲ្យដឹងថា ក្រុមបុគ្គលិកដែលធ្វើការងារក្នុងអង្គការ PSI នេះតាំងពីឆ្នាំ១៩៩៤ ដល់២០១០ មិនមានកិច្ចសន្យាការងារទេ ហើយទើបតែមានក្នុងឆ្នាំ២០១១ និង២០១២។
អ្នកស្រីឲ្យដឹងបន្តទៀតថា៖« នៅពេលយើងចប់កុងត្រា២ឆ្នាំ ពួកគេធ្វើកុងត្រាថ្មីសម្រាប់ពួកយើងត្រឹមតែ៦ខែប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៣នេះ ហើយដែលពួកយើងបានចុះហត្ថលេខាជាមួយនឹងអង្គការថ្មីឈ្មោះ PSK ក្រោមការគ្រប់គ្រងរបស់ប្រធានអង្គការ PSI ដដែល»។
អ្នកស្រី នីតា បានបញ្ជាក់ដែរថា ខាងធនធានមនុស្សអង្គការមិនអនុញ្ញាតឲ្យយើងអាន ឬពិចារណាលើកិច្ចសន្យាថ្មីនេះទេ ពួកគេប្រាប់អ្នកស្រី និងបុគ្គលិកដទៃទៀតថា នៅពេលចប់កិច្ចសន្យាថ្មីនេះ អង្គការនឹងបន្តកិច្ចសន្យាបន្តបន្ទាប់ទៀតជារៀងរហូតដូច្នេះពួកគេទាំងអស់គ្នា ក៏សម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះទាំងអស់គ្នា។
អ្នកស្រី សូ នីតា និយាយដែរថា៖«ពួកគេបានព្យាយាមបង្ខំឲ្យយើង ចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយមិនប្រគល់ឲ្យកិច្ចសន្យានោះមកឲ្យពួកយើងទេ។ ពួកគេក្បត់ពាក្យសន្យា។ អង្គការនេះមិនបានបើកប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារឲ្យពួកយើងទេ ចាប់តាំងពីយើងចូលធ្វើការក្នុងឆ្នាំ១៩៩៤ រហូតមកដល់ពេលនេះ។ អង្គការបានផ្តល់ឲ្យយើងត្រឹមតែប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ៦ខែតែប៉ុណ្ណោះ»។
អ្នកស្រី នីតា បន្តថា ពួកគាត់ ឯកភាពគ្នាទាមទារឲ្យអង្គការនេះ ត្រូវតែផ្តល់ការងារឲ្យពួកយើងឡើងវិញ បើមិនអ៊ីចឹងទេ ត្រូវផ្តល់ប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ការងារកំណត់ឲ្យបុគ្គលិកព្រោះអីពួកយើងបានធ្វើការចាប់តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ។
អ្នកស្រីបានបញ្ជាក់ថា៖«ពួកយើងមិនអាចដើរចេញពីការងារដោយមិនបានទទួលអ្វីសោះនោះទេអង្គការនេះត្រូវតែបើកប្រាក់ឲ្យពួកយើងទៅតាមច្បាប់ការងារ»។ អ្នកស្រីថា ប្រសិនបើករណីទាមទារនេះ អង្គការ PSI មិនដោះស្រាយទេ ពួកគាត់នឹងដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកស្រី នីតា ថ្លែងឲ្យដឹងដែរថា បុគ្គលិកទាំងអស់ដែលមកតវ៉ាមានគ្នាសរុបចំនួន៤៥នាក់ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគាត់នេះបានស្លាប់កាលពីថ្ងៃសៅរ៍ដោយសារតែជំងឺគាំងបេះដូង។
អ្នកស្រីបញ្ជាក់ដែរថា៖«គាត់ បានស្លាប់ដោយសារតែការបាត់បង់ការងារ។ ពួកយើងពិតជាអាណិតដល់គាត់ខ្លាំងណាស់។ ហើយពួកយើងនឹងតវ៉ារហូតដល់មានការដោះស្រាយសមស្របអាចទទួលយកបាន»។
លោក អ៊ន ទ្រី អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោក បានទូរស័ព្ទទៅតំណាងក្រុមអ្នកតវ៉ាដែរដើម្បីសុំព័ត៌មានលម្អិតពីគោលបំណងពួកគេ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងមិនទាន់ទទួលបានព័ត៌មានណាមួយជាក់លាក់ពីបុគ្គលិក ទាំងនោះនៅឡើយ។ តែពួកគេប្រាប់យើងតាមទូរស័ព្ទថានឹងផ្តល់ព័ត៌មានបន្ថែមជុំវិញការទាមទាររបស់ពួកគេ ហើយយើងនឹងបញ្ជូនលិខិតទៅ អង្គការPSI នេះនៅថ្ងៃស្អែក ដើម្បីស្វែងរកដំណោះស្រាយតាមច្បាប់ដើម្បីបញ្ចប់លើវិវាទការងារនេះ»៕ NR