ភ្នំពេញៈ បុគ្គលិកម្នាក់របស់អង្គការសុខភាពពិភពលោកប្រចាំនៅភ្នំពេញ ហាក់បានចែករំលែកព័ត៌មានផ្ទៃក្នុងជាមួយនឹងអ្នកផ្គត់ផ្គង់ដែលប្រកួតប្រជែងដេញថ្លៃមកពីក្រៅប្រទេស ដែលបានផ្តល់សាគុណសម្រាប់រូបគាត់។ នេះបើយោងតាមការរកឃើញក្នុងការស៊ើបអង្កេតឯករាជ្យក្នុងកម្មវិធីដែលផ្តល់មូលនិធិដោយមូលនិធិសកលលោកប្រយុទ្ធប្រឆាំងជំងឺ អេដស៍ ជំងឺ របេង និងជំងឺ គ្រុនចាញ់។
ក្នុងរបាយការណ៍ស៊ើបអង្កេត របស់មូលនិធិពិភពលោកបានរកឃើញថា ក្នុងឆ្នាំ ២០០៩ បុគ្គលិកម្នាក់របស់អង្គការសុខភាពពិភពលោកនៅកម្ពុជា បានជាប់ពាក់ព័ន្ធទៅនឹងការធ្វើលទ្ធកម្មលើ មុង សម្លាប់មូសរយៈពេលវែង (LLIN) សម្រាប់មូលនិធិសកលលោកនោះ និងបានទទួលសំបុត្រយន្តហោះដែលបង់ថ្លៃដោយក្រុមហ៊ុន Sumitomo Chemical Singapore (SCS) ជាក្រុមហ៊ុនផ្គត់ផ្គង់មុងជ្រលក់ថ្នាំនោះ។
របាយការណ៍នោះ ឲ្យដឹងថា បុគ្គលិកអង្គការសុខភាពពិភពលោកម្នាក់នោះ «ហាក់ដូចជាបានចែករំលែកព័ត៌មានអំពីសេចក្តីត្រូវការ LLIN នៅកម្ពុជា ជាមួយនឹងក្រុមហ៊ុន SCS ក្នុងអំឡុងកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីទទួលបានកិច្ចសន្យាផ្គត់ផ្គង់ LLIN»។
អង្គការសុខភាព ពិភពលោកបានថ្លែងថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតផ្ទាល់ខ្លួនលើការចោទប្រកាន់នោះ ហើយថា បុគ្គលិកម្នាក់នោះបានបញ្ឈប់ពីការងារនៅអង្គការសុខភាពពិភពលោកតទៅទៀតហើយ។
របាយការណ៍ស៊ើបអង្កេតចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ បានរកឃើញថា ក្រុមហ៊ុន SCS បានបង់ប្រាក់ ១.៩៩០ ដុល្លារអាមេរិកដល់បុគ្គលិកនោះ តែមិនបានបញ្ជាក់ពីអត្តសញ្ញាណទេ សម្រាប់ដំណើរផ្ទាល់ខ្លួនទៅកាន់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យសុខភាពក្នុងខែ ធ្នូ ឆ្នាំ ២០០៩។
អ៊ីមែលដែលភ្ជាប់ នឹងរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន SCS ក៏បានបង់ថ្លៃសណ្ឋាគារផ្កាយ ៥ នៅ សិង្ហបុរី សម្រាប់បុគ្គលិកអង្គការសុខភាពពិភពលោករូបនោះ និងប្រពន្ធទៅកម្សាន្ត ពីចុងខែ មករា ឆ្នាំ ២០០៩។
អង្គការមូលនិធិ សកលលោក បានព្យួរកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន SCS និងក្រុមហ៊ុន Vestergaard Fradsen ជាក្រុមហ៊ុន ស្វ៊ីស កាលពីសប្តាហ៍មុនបន្ទាប់ពីការស៊ើបអង្កេតរយៈពេល ២ឆ្នាំកន្លះ បានរកឃើញថា ក្រុមហ៊ុនផ្គត់ផ្គង់បានបង់ប្រាក់កម្រៃជើងសាផ្ទាល់សរុប ៤១ ម៉ឺនដុល្លារអាមេរិក ទៅឲ្យប្រធាន និងអនុប្រធាននៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ (CMN) ដើម្បីទទួលបាននូវកិច្ចសន្យាផ្គត់ផ្គង់មុង។
របាយការណ៍ បង្ហាញថា នៅថ្ងៃ ទី១៨ ខែ មករា ឆ្នាំ ២០០៩ គឺ ១១ថ្ងៃ បន្ទាប់ពីក្រុមហ៊ុន SCS ប្រាប់ថា សណ្ឋាគារនៅ សិង្ហបុរី បានកក់សម្រាប់ដំណើរកម្សាន្តរបស់បុគ្គលិកអង្គការសុខភាពពិភពលោករូបនោះ គាត់បានជូនដំណឹងទៅ SCS អំពីលទ្ធកម្ម CNM ក្នុងខែ មីនា រហូតទាល់តែចេញការដេញថ្លៃ។
ក្នុងអ៊ីមែល ដដែល ដែលផ្ញើចេញពីគណនីផ្ទាល់ខ្លួន គាត់បានផ្តល់ព័ត៌មានរបស់មន្រ្តីរដ្ឋបាលនិងផ្នែកផ្គត់ផ្គង់ ឲ្យអង្គការសុខភាពពិភពលោកនៅ ម៉ានីល។
ក្នុងអ៊ីមែលបន្ទាប់ពី ក្រុមហ៊ុន SCS បញ្ជាក់ថា ខ្លួនអាចផ្គត់ផ្គង់មុង ៥០ម៉ឺនតាមតម្រូវការ បុគ្គលិកអង្គការសុខភាពពិភពលោកនោះថ្លែងថា ក្រុមហ៊ុន SCS គួរប្រាប់បុគ្គលិកទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោកនៅ ទីក្រុង ម៉ានីល ថា ខ្លួនបានទទួលព័ត៌មានពី CNM។
គាត់សរសេរថា៖ «ក្នុងករណីអ្នកមិនអាចផ្គត់ផ្គង់មុង អ្នកគួរនិយាយថា អ្នកអាចផ្គត់ផ្គង់ ៣០ ម៉ឺននៅខែ មីនា និង ២០ ម៉ឺនទៀតនៅខែ មេសា-ឧសភា»។
របាយការណ៍បន្ថែមថា បុគ្គលិកអង្គការសុខភាពពិភពលោកគឺជាសមាជិកនៃគណៈកម្មាធិការវាយតម្លៃការដេញថ្លៃរបស់ CNM ចំពោះលទ្ធកម្មរបស់អង្គការមូលនិធិសកលលោក ដែលជាគណៈកម្មាធិការមួយដែលដើរតួនាទីសំខាន់ក្នុងការជ្រើសរើស អ្នកដែលឈ្នះកិច្ចសន្យា LLIN»។
លើកលែងតែបុគ្គលិកម្នាក់នោះ ការិយាល័យអធិការកិច្ចទូទៅឲ្យដឹងថា ក្នុងរបាយការណ៍ខ្លួនពុំបានរកឃើញភ័ស្តុតាងបង្ហាញថា អង្គការសុខភាពពិភពលោកបានដឹង ឬចូលរួមក្នុងគម្រោងនេះទេ។
លោកវេជ្ជបណ្ឌិត Pieter van Maaren អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងកាលពីម្សិលមិញថា បន្ទាប់ពីបានដំណឹងពីអង្គការមូលនិធិពិភពលោកថា បុគ្គលិកនោះកំពុងត្រូវស៊ើបអង្កេត អង្គការក៏បានចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងខ្លួនភ្លាមៗ។
លោកវេជ្ជបណ្ឌិតឲ្យដឹងតាមអ៊ីមែលថា៖ «ការស៊ើបអង្កេតកំពុងបន្ត។ ដូច្នេះអង្គការសុខភាពពិភពលោកមិនអាចធ្វើអត្ថាធិប្បាយលម្អិតករណីនេះទេ លើកលែងតែថា បុគ្គលិកនោះលែងធ្វើការឲ្យអង្គការតទៅទៀត។ អង្គការសុខភាពពិភពលោកមិនត្រាប្រណីជាដាច់ខាតលើការក្លែងបន្លំឬ អំពើពុករលួយ របស់និយោជិតខ្លួន»។
លោក Seth Faison ប្រធានផ្នែកទំនាក់ទំនងនៅអង្គការមូលនិធិសកលលោកថ្លែងថា ការរកឃើញក្នុងការស៊ើបអង្កេតនឹងមិនប៉ះពាល់ដល់ទំនាក់ទំនង របស់មូលនិធិជាមួយនឹងអង្គការសុខភាពពិភពលោកឡើយ។
លោកបញ្ជាក់ថា៖ «បុគ្គលិកយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោកនៅទូទាំងពិភពលោកហើយការស៊ើបអង្កេតមិនប៉ះពាល់ដល់កិច្ចសហប្រតិបតិ្តការរបស់ខ្លួនឡើយ ទាំងនៅកម្ពុជា ឬប្រទេសដទៃ»។
ការស៊ើបអង្កេតរបស់អង្គការមូលនិធិពិភពលោករកឃើញថា បន្ថែមពីលើប្រាក់កម្រៃជើងសាសម្រាប់មន្រ្តីជាន់ខ្ពស់នៅ CNM ការិយាល័យលទ្ធកម្មជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិប្រឆាំងនឹងមេរោគ អេដស៍/ជំងឺ អេដស៍ ហង់សិន និងកាមរោគ បានប៉ះពាល់លើលទ្ធកម្មជាប្រចាំនិងទទួលប្រាក់សម្រួល ពីអ្នកផ្គត់ផ្គង់។
ការស៊ើបអង្កេតរកឃើញថា MEDiCAM ដែលជាអង្គការមេនៃអង្គការសុខភាពជាច្រើន បានគិតកម្រៃ ២០.៧២៥ ដុល្លារដោយមិនត្រឹមត្រូវសម្រាប់បុគ្គលិកពីរនាក់ ដែលគ្មានអ្នកកាន់ ហើយថា អ្នកផ្គត់ផ្គង់ក៏បានចំណាយ ២ ម៉ឺនដុល្លារលើអំណោយ និងប្រាក់ដទៃទៀត ដែលបង់ទៅឲ្យប្រធាន CNM ជាមួយគ្រួសារគាត់ ហើយនិងមន្រ្តីរបស់ CNM ដទៃទៀត។
អង្គការមូលនិធិសកលលោកបានចំណាយប្រាក់ ៣៣១ ដុល្លារអាមេរិកសម្រាប់កម្មវិធីនៅកម្ពុជាចាប់ពីឆ្នាំ ២០០៣ មក៕ TK