
ពិធីបុណ្យមាឃបូជា ដែលបានធ្វើឡើងកាលពីឆ្នាំមុននៅរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងធម្មការ និងសាសនា បានគត់សម្គាល់ឃើញថា ពុទ្ធបរិស័ទនៅប្រទេសកម្ពុជាបច្ចុប្បន្ន បានចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាបុណ្យជាតិដ៏ធំមួយនៅកម្ពុជានេះ មានការកើនឡើងច្រើនជាងមុន។ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ។
លោក សេង សុមុនី បានថ្លែងថា៖ «យើងឃើញថា ពុទ្ធបរិស័ទកាន់តែមានជំនឿ គោរពបានខ្ជាប់ខ្ជួន។ ជារួមនៅថ្ងៃនេះ គ្រប់រាជធានីខេត្ដ ប្រាកដជាមានប្រារព្ធពិធីបុណ្យមាឃបូជានេះ នៅតាមខេត្ដរៀងៗខ្លួន ហើយនៅភ្នំពេញយើងក៏មានការប្រារព្ធពិធីធំនៅឯភ្នំអដ្ឋរស្សដែរ។ និយាយរួមការគោរពបដិបត្ដិសាសនានេះ ពុទ្ធបរិស័ទបានបដិបត្ដិខ្ជាប់ខ្ជួនហើយល្អ ហើយយុវជន និងពុទ្ធបរិស័ទបានចូលរួមច្រើនបច្ចុប្បន្ននេះ»។
លោក សុមុនី ថ្លែងថា ជារៀងរាល់ឆ្នាំ គណៈកម្មការបុណ្យជាតិ បានណែនាំទៅតាមខេត្ដ និងវត្ដអារាមឲ្យប្រារព្ធពិធីបុណ្យមាឃបូជានេះឲ្យបានសមរម្យ ដែលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានវត្ដអារាមជាង ៣ ០០០ វត្ដ និងមានព្រះសង្ឃជិត ៦ ម៉ឺនអង្គ។
ព្រះតេជគុណ គូ សុភាព គ្រូសូត្រស្តាំនៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យ បង្រៀនអំពីការអភិវឌ្ឍគុណធម៌ ចរិយាវិទ្យា ភាពជាអ្នកដឹកនាំព្រះពុទ្ធសាសនា និងចិត្តវិទ្យានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រមានសង្ឃដីកាថា ហេតុដែលនាំឲ្យមានពិធីបុណ្យមាឃបូជានេះមាន ២៖ ទី១ ប្រារព្ធដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធធ្វើសន្និបាត ប្រកាសគោលការអប់រំរួមរបស់ព្រះពុទ្ធសាសនា និងទី២ ជាថ្ងៃដែលព្រះពុទ្ធកំណត់ព្រះជន្នាយុសង្ខារក្នុងការចូលបរិនិព្វាន។
ព្រះតេជគុណបន្ដមានសង្ឃដីកាថានៅថ្ងៃបុណ្យមាឃបូជានេះ ពុទ្ធបរិស័ទអាចមានពេលទំនេរ បោសសម្អាតផ្ទះសម្បែង ឲ្យបានស្អាត និងរៀបបាយទឹក នំចំណីជូនឪពុកម្ដាយ ចាស់ទុំ ឬក៏ទៅវត្ដអារាមធ្វើបុណ្យព្រះសង្ឃជាដើម។
ព្រះតេជគុណបន្ដថា៖ «មួយរយៈក្រោយនេះដូចជាគ្រាន់បើវិញហើយ យុវជនបានចាប់អារម្មណ៍ ចូលរួមក្នុងពិធីបុណ្យវិសាខបូជា និងមាឃបូជា ផុសផុលជាងមុន និងមកធ្វើបុណ្យនៅវត្ដអារាមបានច្រើន»។
ព្រះតេជគុណបានមានសង្ឃដីកាថា យុវជនគួរងាកមកស្វែងយល់ពីអត្ដសញ្ញាណសាសនារបស់ខ្លួនឲ្យបានច្រើន កុំសូវចាប់អារម្មណ៍ចំពោះពិធីបុណ្យអន្ដរជាតិខ្លាំងពេក។
លោក យ៉ាន់ ឧត្ដម ប្រធានសមាគមអតីតសិស្សនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានអះអាងថាយុវជនវ័យក្រោម ២៥ ឆ្នាំ មានការចាប់អារម្មណ៍តិចតួចចំពោះការចូលរួមប្រារព្ធពិធីបុណ្យធំៗក្នុងពុទ្ធសាសនានេះ ប៉ុន្ដែយុវជនដែលមានវ័យចាប់ពី ២៥ឡើងមានសន្ទុះចាប់អារម្មណ៍ច្រើនក្នុងការចូលរួមពិធីបុណ្យនេះ។
គួរបញ្ជាក់ថា រៀងរាល់ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីបុណ្យ «មាឃបូជា» ហើយក៏ជាថ្ងៃសម្រាប់ឈប់សម្រាកពីការងារដែលបានកំណត់ក្នុងកាលវិភាគឈប់សម្រាករបស់ប្រទេសកម្ពុជាផងដែរ។អ្នកកាន់ព្រះពុទ្ធសាសនាតែងតែប្រារព្ធធ្វើនៅតាមវត្តអារាមនានា ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ដែលជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ៕
វីដេអូ៖