ភ្នំពេញៈ គណៈកម្មការបុណ្យសពនៅតែប្រកាន់ជំហររៀបចំកម្មវិធីបុណ្យខួបគម្រប់ ១០០ ថ្ងៃ ជូនលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់តាមការគ្រោងទុកបើទោះបីជាសាលារាជធានីមិនអនុញ្ញាតក្តី ខណៈភរិយារបស់អ្នកវិភាគល្បីឈ្មោះរូបនេះបានសម្តែងការខកចិត្ត និងអំពាវនាវឱ្យអាជ្ញាធរបើកចិត្តឱ្យទូលាយជាងនេះ។
ការប្រកាសបន្តកម្មវិធីបុណ្យនេះបន្ទាប់ពីសាលារាជធានីមិនអនុញ្ញាតឱ្យគណៈកម្មការធ្វើបុណ្យគម្រប់ខួប ១០០ ថ្ងៃចំនួន ២ លើកដោយលើកទី ១ នៅមុខវត្តបទុមវត្តី និងលើកទី ២ នៅវត្តចាស់ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមាជិកគណៈកម្មការបុណ្យសពលោក ប៉ា ងួនទៀង ដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលពីថ្ងៃទី ២៣ ខែកញ្ញាបានដាក់លិខិតជូនសាលារាជធានីស្នើសុំទីតាំងនៅមុខវត្តបទុមវត្តី និងលើកទី ២ លោក សៅ កុសល ជាសមាជិកគណៈកម្មការបុណ្យសពកាលពីថ្ងៃទី ៥ ខែ តុលា បានស្នើសុំធ្វើនៅវត្តពោធិយារាម។ តែសំណើទាំងពីរនេះត្រូវបានសាលារាជធានីភ្នំពេញទាត់ចោលដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។
ក្នុងលិខិតចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ចុះថ្ងៃទី ៧ ខែ តុលាបញ្ជាក់ថា៖ «ជាថ្មីម្តងទៀតចំពោះការស្នើសុំរៀបចំបុណ្យសពខួបគម្រប់ ១០០ ថ្ងៃលោក កែម ឡី នៅវត្តចាស់ រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតជូនឡើយហើយរាល់បុគ្គលណា ឬក្រុមណាអះអាងជាតំណាងគណៈកម្មការបុណ្យសពត្រូវពិភាក្សាជាមួយក្រុមគ្រួសារដើម្បីរៀបចំនៅគេហដ្ឋាន ឬទីកន្លែងបញ្ចុះសពនៅខេត្តតាកែវវិញ។
យ៉ាងណាក៏ដោយសមាជិកគណៈកម្មការបុណ្យសពលោក សៅ កុសល បញ្ជាក់ជំហរថានឹងរក្សាជំហរធ្វើនៅវត្តចាស់ដដែលបើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយដោយអះអាងថាធ្វើឡើងតាមប្រពៃណីបែបសាសនាដែលកម្ពុជាប្រកាន់យក។
លោកថា៖ «យើងមានហេតុផលថាដោយសារទីលំនៅលោកបណ្ឌិត កែម ឡី នៅភ្នំពេញវាតូចចង្អៀតមិនអាចធ្វើនៅលំនៅឋានបានដូច្នេះយើងធ្វើនៅទីអារាមជាកន្លែងធ្លាប់ធ្វើបុណ្យប្រជាពលរដ្ឋស្គាល់ និងកន្លែងដែលមិនបង្កការស្ទះចរាចរណ៍ដល់សាធារណជនឡើយអ៊ីចឹងហើយបានសម្រេចធ្វើ»។ លោកយល់ថាអាជ្ញាធរគួរជួយសម្រួលភាពងាយស្រួលដល់ពលរដ្ឋពុំគួរមកហាមពលរដ្ឋដោយគ្រាន់តែធ្វើពិធីបុណ្យ ១០០ ថ្ងៃនៅវត្តនោះទេ។
លោកបានបញ្ជាក់ទៀតថា៖ «អាជ្ញាធរមិនត្រឹមតែមិនសហការជាមួយគណៈកម្មការបុណ្យទេថែមទាំងរារាំងពិធីបុណ្យបែបព្រះពុទ្ធសាសនានេះទៀតដែលនេះជាការរំខានដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើតាមបែបព្រះពុទ្ធសាសនា»។
លោក កុសល លើកឡើងថាលោកមិនមានការព្រួយបារម្ភទេទោះបីអាជ្ញាធរបង្ក្រាប «ព្រោះខ្ញុំមិនបានរំលោភច្បាប់ មិនបានបំពាននរណាទេ ខ្ញុំធ្វើបុណ្យ» ខណៈលោករំពឹងថានឹងមានមនុស្ស ៥០ ម៉ឺននាក់ចូលរួមបុណ្យគម្រប់ខួប ១០០ ថ្ងៃសពលោក កែម ឡី នេះ។
លោកឱ្យដឹងដែរថាគណៈកម្មការនឹងដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី ចេញពីខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៣ តុលាមកតម្កល់នៅវត្តចាស់ និងដង្ហែចេញពីវត្តចាស់ទៅរក្សាទុកនៅខេត្តតាកែវនៅថ្ងៃទី ១៦ តុលា ទោះបីជាមានការហាមឃាត់ក៏ដោយ។
ចំណែកអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដែលកំពុងរស់នៅក្រៅប្រទេស និងទើបសម្រាលកូនប្រុសទី ៥ រួចថ្លែងតាមព័ត៌មានសង្គមទាន់ហេតុការណ៍ (SBN) ថា៖ «ខ្ញុំខកចិត្តជាមួយអាជ្ញាធរដែលសុំធ្វើបុណ្យ ១០០ ថ្ងៃរូបសំណាកដែលគ្មានវិញ្ញាណពួកគាត់នាំគ្នាខ្លាច បងមិនដឹងថាគាត់ (អាជ្ញាធរ) គិតរបៀបម៉េចទេព្រោះធ្វើបុណ្យយើងសុំការអនុញ្ញាតពីគាត់មិនមែនធ្វើតាមទំនើងចិត្តហើយគាត់បដិសេធអ៊ីចឹងបងគិតថាសោកស្តាយអាជ្ញាធរនៅស្រុកយើងធ្វើចឹង! ខ្ញុំចង់ឱ្យគាត់បើកចិត្តទូលាយបើសិនជាគាត់អាជ្ញាធរដែលមានចិត្តស្មោះសរស្រឡាញ់ប្រជាពលរដ្ឋគួរបើកចិត្តឱ្យទូលាយជាងនេះ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាការមិនអនុញ្ញាតនេះដោយសារគណៈកម្មការបុណ្យសពមិនមានភាពច្បាស់លាស់។
លោកថា៖ «ក្រុមគ្រួសារសពគេអត់សុំរឿងអីបានជាបុគ្គលផ្សេងទៀតមកតាំងខ្លួនជាគណៈកម្មការហើយសុំនេះជាបញ្ហា វាអត់ដែលមានម្តងលោក ប៉ា ងួនទៀង ម្តងអ្នកផ្សេងអ្នកណាទទួលស្គាល់គណៈកម្មការគាត់ហ្នឹង»។
លោកបានដាក់ជាចម្ងល់ថា៖ «តែបើយើងប្រមើលមើលទៅរឿងនេះមិនមែនធ្វើបុណ្យតាមបែបសាសនាទេធ្វើបែបរឿងផ្សេងមិនដឹងជារឿងនយោបាយ ឬរឿងដើម្បីប្រមូលថវិកាក៏ថាបាន»។
លោកបន្ថែមថាសាលារាជធានីនឹងពិចារណាជាថ្មីបើមានក្រុមគ្រួសារសពចេញមុខស្នើសុំដោយផ្ទាល់។
លោកបញ្ជាក់ថា បញ្ហានេះជារឿងច្របូកច្របល់ «ទោះបីជាគ្រួសារសពមកសុំយើងត្រូវពិចារណារឿងនេះឡើងវិញថារឿងអីបានមកធ្វើនៅហ្នឹងដើម្បីអី? តែលោកបដិសេធប្រាប់ពីវិធានការរបស់អាជ្ញាធរប្រើបើគណៈកម្មការប្រកាន់ជំហរធ្វើបុណ្យទៅតាមគម្រោង។
តាមគម្រោងគណៈកម្មការបុណ្យសពលោក កែម ឡី នឹងប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ ថ្ងៃនៅវត្តចាស់ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលាហើយនឹងហែរូបសំណាករបស់គាត់ទៅខេត្តតាកែវនៅថ្ងៃបញ្ចប់បុណ្យ។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី ១០ ខែកក្កដានៅក្នុងស្តារម៉ាតកាល់តិចនៅស្តុបបូកគោ។
រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនសង្ស័យ ឬអ្នកនៅពីក្រោយណាផ្សេងទៀតក្រៅពីឈ្មោះ ជួប សម្លាប់ ដែលត្រូវបានសមត្ថកិច្ចអះអាងថាជាជនដៃដល់ដែលត្រូវបានចាប់ខ្លួនបានភ្លាមៗនៅក្រោយពេលកើតហេតុនោះទេខណៈដែលសមត្ថកិច្ចនៅតែមិនទាន់បង្ហាញពីវីដេអូឃ្លីបដែលយកចេញពីកាមេរ៉ាសុវត្ថិភាពក្នុងស្តារម៉ាតនោះនៅឡើយ៕