ភ្នំពេញៈ ជន​ភៀសខ្លួន​កម្ពុជា​​ ២ ​នាក់​ដែល​ប្រឈម​នឹង​ការ​និរទេស​ពី​អាមេរិក​ត្រូវ​បាន​លើកលែង​ទោស​ដោយ​អភិបាលរដ្ឋ​កាលីហ្វ័រនីញ៉ា​លោក Jerry Brown កាលពី​ថ្ងៃ​សៅរ៍​។

ពលរដ្ឋ​កាលីហ្វ័រនីញ៉ា​ ២ ​នាក់​នេះ​មាន​ឈ្មោះ សុខា ឆាន និង ផាន់ ភាជ គឺ​មាន​ឈ្មោះ​នៅ​ក្នុង​ចំណោម​មនុស្ស​ ៥៦ ​នាក់​ដែល​ត្រូវ​បាន​លើកលែង​ទោស​ដោយ​​លោក Brown​។

លោក ឆាន បាន​ចូល​ដី​អាមេរិក​កាលពី​អាយុ​ ១៣ ​ឆ្នាំ​នៅ​ពេល​គ្រួសារ​លោក​រត់​គេច​ពី​របប​ខ្មែរក្រហម​បាន​ជាប់​ពន្ធនាគារ​ជិត​ ១ ​ឆ្នាំ​ពី​បទ​ល្មើស​មជ្ឈិម​ពាក់ព័ន្ធ​ករណី​បង្ក​របួស​លើ​រាងកាយ​ដៃគូ​របស់​គាត់​។ នេះ​បើ​តាម​ការិយាល័យ​របស់​លោក​អភិបាល​។

បន្ទាប់ពី​ការកាត់ទោស និង​ចេញ​ពី​ពន្ធនាគារ​លោក ឆាន បាន​ចិញ្ចឹម​កូន​ ៥ ​នាក់ និង​ធ្វើ​ជា​ទាហាន​បម្រុង​របស់​អាមេរិក​។

កូនស្រី​លោក​បាន​សរសេរ​ទៅ​ការិយាល័យ​លោក​អភិបាល​ថា​៖ «​មិន​ថា​គាត់​កំពុង​ធ្វើការ កំពុង​ធ្វើ​ជាង​ម៉ាស៊ីន​ ឬ​ដុត​នំ​​រយៈពេល​ ១២ ​ទៅ​ ១៣ ​ម៉ោង​រៀងរាល់​ថ្ងៃ​ដោយ​គ្មាន​សម្រាក​នោះ​ទេ គាត់​មិន​ដែល​បោះបង់​យើង​ចោល​ឡើយ​»​។

លោក ភាជ បាន​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក​កាល​អាយុ​ ១ ​ឆ្នាំ និង​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ ៦ ​​ខែ​ពី​បទ​កាន់កាប់​សារធាតុ​ហាមឃាត់​ដើម្បី​លក់ និង​អំពើ​រារាំង​មន្ត្រី​នគរបាល​ម្នាក់​។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​​បាន​ «​រស់នៅ​ក្នុង​ជីវិត​ស្មោះត្រង់​ និង​មាន​សីលធម៌​»​។ នេះ​បើ​តាម​ការិយាល័យ​លោក​អភិបាល​។

លោក Bill Herod ស្ថាបនិក​នៃ​មណ្ឌល​ទ្រទ្រង់​ជន​មាតុភូមិ​និវត្តន៍​សមាហរណកម្ម​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ភ្នំពេញ​បាន​ហៅ​ការលើកលែង​ទោស​នេះ​ថា​ «​ដំណឹង​ដ៏ល្អ​»​។

ប៉ុន្តែ​លោក​ថា​ការលើកលែង​នេះ​មិនមែន​ទាំង​ស្រុង​ចំពោះ​ការ​និរទេស​ពួកគេ​ទេ​៕ PS