
សមត្ថកិច្ចឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ករណីកាប់សម្លាប់ប្រពន្ធកាលពីម្សិលមិញ។ រូបថត ប៉ូលិស
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វារនៅថ្ងៃនេះ បានបញ្ជូនបុរសជាកម្មករសំណង់ម្នាក់ ដែលបានកាប់សម្លាប់ប្រពន្ធ ដោយសារតែជម្លោះក្នុងគ្រួសារទៅតុលាការ ដោយបន្សល់ទុកកូនស្រីពីរនាក់។
ការកាប់សម្លាប់ដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ០៤ ឧសភា ស្ថិតនៅចំណុចរោងកម្មករក្នុងបុរីភ្នំពេញផាក តាមផ្លូវជាតិលេខ ៦ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ចៅសង្កាត់ព្រែកលៀប លោក ព្រាប មុន្នី បានថ្លែងថា បុរសជាជនបង្កត្រូវបានឃាត់ខ្លួន ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកថា៖ «យើងមិនទាន់ដឹងតុលាការចោទប្រកាន់ពីបទអ្វីទេ ព្រោះផុតពីដៃសមត្ថកិច្ចហើយ»។
ភ្នំពេញ ប៉ុស្តិ៍ ពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយនៅថ្ងៃនេះ។
លោក មុន្នី បានរៀបរាប់ហេតុការណ៍ថា តាមរបាយការណ៍បឋម ប្តីប្រពន្ធក្នុងគ្រួសារនេះ តែងមានទំនាស់ពាក្យសម្តីនឹងគ្នាជារឿយៗ យូរណាស់មកហើយ។
លោកថា៖ «នៅថ្ងៃកើតហេតុប្រពន្ធខឹងប្តី ក៏បានជេរបុរសជាស្វាមី ហើយប្តីទ្រាំមិនបានក៏បានយកកាំបិតតាំងតោកាប់សម្លាប់ប្រពន្ធតែម្តង»។
លោកបន្តថា៖ «ប្រពន្ធតែងជេរប្តី រឿងប្រើប្តីឱ្យជួយលក់ដូរ ប៉ុន្តែប្តីអត់ជួយធ្វើគិតតែចុចទូរស័ព្ទ»។
បើតាមលោក មុន្នី បុរសជាប្តីបានប្រើកាំបិត កាប់ស្រ្តីដែលជាប្រពន្ធចំនួន ៤ កាំបិត ចំថ្ពាល់ឆ្វេង ដៃឆ្វេង និងចំស្មាឆ្វេង បណ្តាលឱ្យស្រ្តីជាប្រពន្ធរងរបួសធ្ងន់ និងបានស្លាប់អំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
សាកសពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តបាក់ខែង។
លោកឱ្យដឹងដែរថា បុរសជាជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងនោះ មានឈ្មោះ ញឹម ពិសិដ្ឋ អាយុ ៣៥ ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅរោងកម្មករកន្លែងកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះដែលជាប្រពន្ធឈ្មោះ វែង នី អាយុ ៣៥ ឆ្នាំ មានមុខរបរលក់អីវ៉ាន់ចាបហួយ បច្ចុប្បន្នបន្សល់ទុកកូនស្រីពីរនាក់៕