តាកែវៈ តុលាការ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​ ៨ សីហា បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​នគរបាល​ចាប់ខ្លួន​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​ ៧ សីហា ពាក់ព័ន្ធ​យក​ពូថៅ​កាប់​ក្បាល​ម្តាយ​ខ្លួនឯង​ស្លាប់ ប្រព្រឹត្ត​នៅក្នុង​ភូមិ​ព្រៃឈើ​ទាល​លើ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។

បើតាម​លោក សែម សុជាតិ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​សង្ស័យ​ឈ្មោះ ជន បូណាត អាយុ​ ៣៤ ​ឆ្នាំ​ ត្រូវ​ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តហើយ​។ រីឯ​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ​ ប៊ុត ខាន់ណារ៉េត អាយុ ៥៩ ​ឆ្នាំ​។ «​ជន​ម្នាក់នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។ ខ្ញុំ​គ្រាន់តែ​ដឹងថា តុលាការ​ចោទ​ពី​បទ​ឃាតកម្ម តែ​ខ្ញុំ​មិន​ចាំ​មាត្រា​ទេ​ហើយ​តុលាការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ខ្ញុំ​នាំ​គាត់​ទៅ​ពន្ធនាគារ​ខេត្ត​»​។

លោក សុ សុខជា អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ថ្លែង​ថា បើតាម​សម្តី​សាច់ញាតិ​ជនសង្ស័យ​ថា ជន​ម្នាក់នេះ​មាន​ប្រពន្ធ​ និង​មាន​កូន​ប្រុស​ចំនួន​ ២ ​នាក់ ​ដែល​កូនប្រុស​ច្បង​អាយុ​ជាង ១០ ​ឆ្នាំ ប៉ុន្តែ​ប្រពន្ធ​របស់គាត់ មិន​រស់នៅ​ជាមួយ​គាត់​ទេ ព្រោះ​ជនសង្ស័យ​ចេះតែ​បង្កជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​នាង​បាន​រត់​ទៅ​រស់នៅ​ជាមួយ​ម្តាយ​របស់​នាង​នៅ​ស្រុក​បាទី​។

បើតាម​ការបញ្ជាក់​ពី​សាច់ញាតិ​ថា ជនសង្ស័យ​មិនមែន​ជា​មនុស្ស​ញៀន​ស្រា ឬ​ញៀន​គ្រឿងញៀន​អី​ទេ តែ​ជនសង្ស័យ​មាន​ជំងឺ​សរសៃប្រសាទ ដោយ​មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​អំពី​ជំងឺ​សរសៃ​ប្រសាទ​។ ​ប៉ុន្តែ​សាច់ញាតិ​របស់​ជនសង្ស័យ រក​លិខិតពេទ្យ​មិនទាន់​ឃើញ​។ លោក​ថា​៖ «​សាច់ញាតិ​ជនល្មើស​ប្រាប់​ខ្ញុំ​ថា មាន​លិខិត​ពេទ្យ តែ​ដោយសារ​ថ្ងៃកើតហេតុ​ជាប់រវល់​មើល​ម្តាយ​រងគ្រោះ​ទើប​រក​មិនឃើញ​»​។

បើ​តាម​លោក សុខជា មុន​កើតហេតុ ជនសង្ស័យ ទើប​មកពី​លេង​ប្រពន្ធ​កូន​នៅ​ស្រុក​បាទី ហើយ​បាន​មក​ដល់ផ្ទះ​នៅ​ម៉ោង​ ៣ ​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃទី​ ៧ ខែ​សីហា​។ គ្រានោះ​អ្នកជិតខាង បានឮ​សំឡេង​ជនសង្ស័យ​ស្រែក​ឡូឡា​ក៏​ផ្អើល​ទៅ​មើល​ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ ដេក​ស្តូកស្តឹង​លើ​គ្រែ ដោយ​មាន​ស្នាម​កាប់​ចំក្បាល ខណៈ​ដៃ​ជនសង្ស័យ​មាន​កាន់​ពូថៅ​១៕