ភ្នំពេញៈ បុរស​ជាតិ​ចិន​តៃវ៉ាន់​​ និង​ខ្មែរ​ ៤ ​នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​កែច្នៃ​ និង​ជួញដូរ​គ្រឿងញៀន​រួម​ទាំង​ថ្នាំញៀន​ជិត​ ២៧ ​គីឡូក្រាម​ និង​វត្ថុ​ធាតុដើម​កែច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ​បន្ទាប់ពី​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​បង្ហាញ​មុខ​ពួកគេ​កាលពី​ម្សិលមិញ​។ នេះ​បើ​តាម​លោក ឡឹក វណ្ណៈ ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​នៃ​ក្រសួង​មហាផ្ទៃ​។

លោក ឡឹក វណ្ណៈ បាន​ថ្លែង​ថា​ក្រុម​ជនសង្ស័យ​ទាំង​ ៤ ​នាក់​​ និង​គ្រឿងញៀន​ជិត​ ២៧ ​គីឡូ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់ពី​សាកសួរ និង​បង្ហាញ​​មុខ​ជនសង្ស័យ​រួចរាល់​ក្រោយ​ពេល​បង្ក្រាប​បាន​នៅ​ថ្ងៃទី​ ៧ ខែ​មេសា ឆ្នាំ​ ២០១៨​។

បើ​តាម​លោក វណ្ណៈ ជនសង្ស័យ​ទាំង​នោះ​រួមមាន ទី​ ១- ​ឈ្មោះ Lee Hong Yu ជនជាតិ​ចិន​តៃវ៉ាន់ ទី​ ២៖ ​ឈ្មោះ Hsu Yao Feng ជនជាតិ​ចិន​តៃវ៉ាន់ ទី​ ៣- ​ឈ្មោះ ឈរ ប៊ុនឆាយ និង​ទី​ ៤- ​ឈ្មោះ សំ កុកឈាង ដែល​ពួកគេ​ ២ ​នាក់​នេះ​ជា​ជនជាតិ​ខ្មែរ ហើយ​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​តាម​ ៣ ​គោលដៅ​ផ្សេងៗ​គ្នា​។

លោក វណ្ណៈ បាន​បន្ថែម​ថា​គោលដៅ​ទី​ ១ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​អង្គរ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​, គោលដៅ​ទី​ ២ នៅ​ផ្ទះ​លេខ​ ១២២ ផ្លូវ​លេខ​ ២ ក្នុង​បុរី​កាំកូស៊ីធី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និង​គោលដៅ​ទី​ ៣ នៅ​ផ្ទះ​លេខ​ ១១២E2 ផ្លូវ​ ១៧៣ សង្កាត់​ទួលស្វាយព្រៃ​ ១ ខណ្ឌ​ចំការមន ដែល​​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​ម៉ាទឹកកក ​(ICE) ​ទម្ងន់​ ១៨,១៦៦ ​គីឡូក្រាម​, ហេរ៉ូអ៊ីន​ទម្ងន់​ ២១៧,៨៣ ក្រាម និង​កេតាមីន​ទម្ងន់ ៨,៨៣ ​គីឡូក្រាម ដែល​សរុប​ទាំងអស់​មាន ២៦,៧៦៨ គីឡូក្រាម​។

លោក វណ្ណៈ បាន​បញ្ជាក់​ថា​៖ «​គ្រឿងញៀន​ប្រភេទ​អាយ​ (ICE) ​និង​វត្ថុធាតុដើម​នេះ​គឺ​ជនល្មើស​បាន​នាំ​ចេញ​មកពី​ប្រទេស​ឡាវ​ដោយ​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​កែច្នែ ដើម្បី​នាំ​ចេញ​ទៅ​វៀតណាម និង​​ប្រទេស​ទី​ ៣ ​ផ្សេង​ទៀត ប៉ុន្ដែ​មិន​មាន​កន្លែង​ផលិត​ទេ​» ។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ថា គេ​កែច្នៃ​ហ្នឹង​គឺ​គេ​ទិញ​ប្រភេទ​គ្រឿងញៀន​ដែល​មាន​សារធាតុ​ញៀន​ត្រឹម​ ៧០ ​ភាគរយ ហើយ​គេ​យក​មក​កែ​ដាក់​បន្ថែម​សារធាតុ​ញៀន​ ១០០ ​ភាគរយ ឬ​ដក​សារធាតុ​ញៀន​ត្រឹម​ ៥០ ​ភាគរយ​វិញ ហើយ​ពេល​គេ​កែ​ច្នែ​រួច គេ​យក​វា​ទៅ​លក់​តាម​គោលដៅ​របស់​គេ​តែ​ម្ដង​»​។

លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំ​រឿង​ដល់​តុលាការ​ហើយ បន្ទាប់ពី​ព្រះរាជអាជ្ញា​សាកសួរ​រួចរាល់​នឹង​ចោទប្រកាន់​ទៅ​តាម​នីតិវិធី​ច្បាប់​ស្ដីពី​គ្រឿងញៀន ប៉ុន្តែ​ពេល​នេះ​តុលាការ​កំពុង​ពិនិត្យ​​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​យើង​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ជំនាញ​បង្ហាញ​មុខ​ជនសង្ស័យ​ជា​សាធារណៈ​ជា​មុន​សិន ហើយ​បញ្ជូន​ទាំង​ជនសង្ស័យ និង​វត្ថុតាង​នានា​ទៅ​តុលាការ​។ ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​តុលាការ​កំពុង​ពិនិត្យ​គឺ​យើង​បាន​ទទួល​សំណុំ​រឿង​ហើយ​»​។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំ​នេះ​គិត​ត្រឹម​ថ្ងៃទី​ ១ ​ខែ​មករា​ដល់​ថ្ងៃទី​ ១១ ​ខែ​មេសា​ជា​លទ្ធផល​នៃ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ ២១៦៦ ​ករណី​ឃាត់​ខ្លួន​ ៤៣០៤ ​នាក់ ស្រី​ ៣៧៣ ​នាក់​ជនបរទេស​ចំនួន​ ៧១ ​នាក់​ក្នុង​នោះ​ករណី​ជួញដូរ​រក្សាទុក កែច្នៃ ដាំ​ដុះ​ ១៣៨០ ​ករណី​, ប្រើប្រាស់​ ៧៨៦ ​ករណី​, អនុវត្ដ​ដីកា​ ៧៤ ​ដីកា​។ រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ ៦៤ ​គីឡូក្រាម និង​ ២៥៦ ​កញ្ចប់​, កញ្ឆា​ក្រៀម​ ២២ ​គីឡូក្រាម និង​ ១២២៦៩៤ ​ដើម​ និង​សម្ភារ​ចាប់​យក​មាន​រថយន្ដ​ ២៣ ​គ្រឿង​,​ម៉ូតូ​ ៦២៦ ​គ្រឿង​,​ទូរស័ព្ទ​ ១៥១១ ​គ្រឿង​, ជញ្ជីង​ ៨៣ ​គ្រឿង​, អាវុធខ្លី​ ៧ ​ដើម និង​អាវុធ​វែង ៧ ​ដើម​៕