កែប៖ នគរបាល​ខេត្ត​កែប​បាន​បញ្ចូន​អ្នក​បើកបរ​រថយន្ត​តាក់​ស៊ី​ម្នាក់ ទៅ​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃទី​ ២២ ខែ​មេសា​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​បាន​កាល​ពីថ្ងៃទី ២១ មេសា ខណៈ​បុរស​រូប​នេះ​កំពុង​បើក​រថយន្ត ដឹក​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់ ចេញ​ពី​ខេត្ត​ព្រះសីហនុ គេច​គោលដៅ​បិទ​ខ្ទប់​ចូល​មក​ក្នុង​ខេត្ត​កែប ដើម្បី​បន្ត​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម។

លោក ប៉ូង សុខេង ស្នងការ​រង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​ខេត្ត​កែប បាន​ប្រាប់​នៅ​ថ្ងៃទី ២២ មេសា​នេះ​ថា បុរស​សង្ស័យ​ឈ្មោះ សាន គៀន អាយុ ៣៧ ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី រស់នៅ​ភូមិ​កំពង់ដូង ឃុំ​កំពង់ត្នោត ស្រុក​ឈូក ខេត្ត​កំពត។

លោក​ប្រាប់​ថា៖ «បុរស​ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​ម្នាក់​នោះ បាន​បំពាន​នឹង​បទ​បញ្ជា​នៃ​បម្រាម​បិទ​ខ្ទប់ ហើយ​សមត្ថកិច្ច​បាន​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ តាម​មាត្រា ១១»។

យោង​តាម​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ដទៃ​ទៀត​ បើ​បុរស​ខាង​លើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ពិត​ជា​បាន​ប្រព្រឹត្ត​មែន​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ២ លាន​ ទៅ ១០ លាន​រៀល។

លោក សុខេង រៀបរាប់​ថា កាល​ពី​ល្ងាច​ថ្ងៃទី ២១ មេសា មាន​រថយន្ត ១ គ្រឿង ដែល​បើកបរ​ដោយ​បុរស​សង្ស័យ​ខាង​លើ បាន​ដឹក​ជនជាតិ​វៀតណាម ៧ នាក់ (ប្រុស ២ នាក់) មក​ពី​ខេត្ត​ព្រះសីហនុ ចូល​ក្នុង​ទឹក​ដី​ខេត្ត​កែប លើ​ផ្លូវ​ជាតិ​លេខ ៣៣ ហើយ​កម្លាំង​សមត្ថកិច្ច​ដែល​យាម​គោលដៅ​បិទ​ខ្ទប់ បាន​ធ្វើ​ការ​ឃាត់​រថយន្ត​នោះ និង​បញ្ចូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​ចាត់​ការ។

អ្នកបើកតាក់ស៊ីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីដឹកជនជាតិវៀតណាម ១ ក្រុម ទៅ​ប្រទេស​វៀតណាម។ រូបថត ប៉ូលិល

ចំពោះ​ជនជាតិ​វៀតណាម​ទាំង ៧ នាក់ ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កែប គឺ​ត្រូវ​ផាក​ពិន័យ​អន្តរកាល​តាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដោយ​ពិន័យ​ចន្លោះ​ពី ១ លាន ទៅ ៥ លាន​រៀល ហើយ​ត្រូវ​បញ្ចូ​នទៅ​មណ្ឌល​ចត្តាឡីស័ក ១៤ ថ្ងៃ។ ទោះ​យ៉ាង​ណា​លោក​មិន​បាន​ប្រាប់​ថា តើ​ក្រោយ​ធ្វើ​ចត្តាឡីស័ក នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ឬ​យ៉ាង​ណា​ទេ។

នៅ​ថ្ងៃ​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​លោក ហ៊ុន ឌី ស្នងការ​រង​ទទួល​ការងារ​ផែន​អន្តោប្រវេសន៍​ខេត្ត​កែប តែ​មិន​អាច​ទាក់ទង​បាន។ ប៉ុន្តែ​បើ​តាម​មន្រ្តី​នគរបាល​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ក្រុម​ជនជាតិ​វៀតណាម​ប្រុស-ស្រី​ទាំង ៧ នាក់ ក្រោយ​ពី​ធ្វើ​ចត្តាឡីស័ក​រួច​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម វិញ។

លោក សុខេង បញ្ជាក់​ប្រាប់​ថា ចាប់​តាំង​ពី​ថ្ងៃ​អនុវត្ត​បទបញ្ជា​បិទ​ខ្ទប់​ខេត្ត​មក គឺ​នៅ​ខេត្ត​កែប ទើប​កើត​មាន​ការ​ល្មើស​នឹង​បម្រាម​តែ ១ ករណី​នេះ​ទេ។

ចំណែក​នៅ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២២ មេសា​ថា ពេល​នេះ​មិនមាន​ជន​បំពាន​នឹង​បម្រម​ឆ្លង​កាត់​ខេត្ត​ទៀត​ទេ។

លោក​ថ្លែង​ថា៖ «យើង​នៅ​តែ​បន្ត​ពង្រឹង​ការងារ​នេះ ដោយ​តឹងតែង​បំផុត ហើយ​បើ​សិន​ជា​មាន​ករណី​ល្មើស និង​វិធានការ​បិទ​ខ្ទប់​ខេត្ត គឺ​យើង​អនុវត្ត​តាម​ច្បាប់»៕