កណ្តាលៈ ជន​ម្នាក់​ដែល​ចាក់​សម្លាប់​ក្មេងស្រី​ជា​សិស្សសាលា​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​កាលពី​ល្ងាច​ថ្ងៃទី​ ៦ មករា បន្ទាប់ពី​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង ក្រោយពី​បង្កហេតុ​កាលពី​ថ្ងៃទី​ ៥ មករា ប្រព្រឹត្ត​នៅ​ភូមិ​ព្រែកហូរ​កើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

លោក​ សូ សារិន អ្នកនាំពាក្យ​តុលាការ​ខេត្ត​កណ្តាល​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ ដើម្បី​សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ ប៉ុន្តែ​បើ​យោងតាម​ដីកា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​ចុះ​ថ្ងៃទី​ ៦ មករា ដែល​មាន​ចុះហត្ថលេខា​ដោយ លោក​ចៅក្រម​ស៊ើបសួរ​ឈ្មោះ​ ជួន វណ្ណៈ បានចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ​ ទូច សុជាតិ ហៅ អា​ដំរី អាយុ​ ៤១ ​ឆ្នាំ ដាក់​ពន្ធនាគារ​ខេត្តកណ្តាល​បណ្តោះអាសន្ន​ក្នុង​បទ​ចោទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​បញ្ញត្តិ​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ​លោក​ ឯម ចាន់រ៉ាត់ នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រែក​ហូរ​ប្រាប់​កាលពី​ថ្ងៃទី​ ៥ មករា ថា ក្មេង​រងគ្រោះ​ជា​កូនច្បង ហើយ​មាន​ប្អូនប្រុស​តូចៗ​ ២ ​នាក់​ទៀត ដែល​មាន​ឪពុក​ជា​កម្មករសំណង់ រីឯ​ម្តាយ​លក់​បន្លែ​។ ចំណែក ជនសង្ស័យ​មាន​បងប្អូន​ ៣ ​នាក់​ប៉ុន្តែ​ពួកគេ​គ្មាន​ម្តាយ​ឪពុក​ទេ និង​ជួល​បន្ទប់​ស្នាក់​នៅក្បែរ​បន្ទប់​ក្មេងស្រី​រងគ្រោះ​ដែរ​។

លោក​បន្ត​តាម​សម្តី​ក្មេងប្រុស​ឈ្មោះ​ ផេងរិន ណារុង អាយុ​ ១០ ​ឆ្នាំ​ ជា​ប្អូន​របស់​ជនរងគ្រោះ​ថា មុនពេល​កើតហេតុ​ប្រហែល​ជា​ម៉ោងជាង​ ៦ ​កន្លះ​ព្រឹក​ថ្ងៃទី​ ៥ មករា ឪពុកម្តាយ​គេ​បាន​ចេញពីផ្ទះ​អស់​នៅ​សល់​តែ​ខ្លួន​ (​ក្មេងប្រុស​) ​និង​បងស្រី​នៅក្នុង​បន្ទប់​ជួល​តែ​​ ២ ​នាក់​។ ពេលនោះ​ជនរងគ្រោះ​បាន​ប្រើ​រូបគេ​ឱ្យទៅ​ទិញ​បាយក្តាំង​ហូប ហើយ​ជនសង្ស័យ​ឱ្យ​លុយ​មក​គេ​ចំនួន​ ៥០០ ​រៀល​ដើម្បី​ទិញ​បារី​ឱ្យ​ជនសង្ស័យ​ជក់​។

លោក​ថា ក្រោយពី​ទិញ​បារី​រួចមក​ក្មេងប្រុស​បាន​ត្រឡប់មក​បន្ទប់​វិញ ក៏​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​នៅមុខ​បន្ទប់​ជួល​របស់ខ្លួន​ហើយ​ប្អូនប្រុស​របស់​ជនរងគ្រោះ​បាន​ហុច​បារី​ឱ្យ​ជនសង្ស័យ​។ គ្រានោះ​ប្អូន​របស់​ជនរងគ្រោះ​បានឃើញ​បងស្រី​របស់ខ្លួន​ដេក​នៅលើ​ពូក​ក្នុង​បន្ទប់​ជួល​របស់ខ្លួន ដោយមាន​ឈាម​ជោក​ខ្លួន​ហើយ​បាន​ប្រាប់​ឱ្យ​ជនសង្ស័យ​យក​បងស្រី​ខ្លួន​ទៅ​ពេទ្យ​។

បើតាម​លោក​ ឯម ចាន់រ៉ាត់ ថា នៅពេល​នោះគេ​បានឃើញ​ជនសង្ស័យ​បី​បងស្រី​របស់ខ្លួន​ដើរ​ទៅរក​ពេទ្យ​ភូមិ​នៅក្បែរ​នោះដែរ​តែ​ដោយ​គ្រូពេទ្យ​ឃើញ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ដេញ​ជនសង្ស័យ​ឱ្យទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​តាខ្មៅ​។ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យជំនះ​។

លោក​ថ្លែងថា​៖ «​ដំបូង​អ្នកភូមិ​ឃើញ​ជនសង្ស័យ​បី​ជនរងគ្រោះ​ដែរ​តែ គេ​មិន​ចាប់អារម្មណ៍​ថា​ជា​ជនល្មើស​។ ក្រោយមក​ទើប​សមត្ថកិច្ច​ហៅ​ជនសង្ស័យ​មក​សាកសួរ​ទើប​ដឹងថា ជន​នោះ​ជា​អ្នក​សម្លាប់​ក្មេងស្រី​រងគ្រោះ​»​។

លោក​ប្រាប់ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​សេពសន្ថវៈ​តាំងពី ២ ​ទៅ​ ៣ ​ថ្ងៃ​មុន​ថ្ងៃ​ចាក់​សម្លាប់​ជន​រងគ្រោះ​ទៅទៀត​។ ប៉ុន្តែ​ដោយ​ជនសង្ស័យ​ខ្លាច​ក្មេងរងគ្រោះ​យក​រឿងនេះ​ទៅ​និយាយប្រាប់​ឪពុកម្តាយ​នាង​ទើប​នៅ​ព្រឹក​ថ្ងៃទី​ ៥ មករា ជនសង្ស័យ​ក៏​រៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ​តែម្តងទៅ​។

បើតាម​ការធ្វើ​កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ឃើញ​ថា ក្មេងស្រី​រងគ្រោះ​ត្រូវ​ជនល្មើស​ចាក់​ត្រូវ​ចុងដង្ហើម​ ១ ​កន្លែង​នៅ​ត្រង់​ក្បាលពោះ​ពី​ ១ ​ទៅ​ ២ ​កន្លែង​ទៀត​ដោយ​កាំបិត​ចុង​ស្រួច​៕