ភ្នំពេញៈ បុរស​ជាប់ចោទ​ម្នាក់​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​សាលដីកា​កំបាំងមុខ ដោយ​តម្កល់​ទោស​ជាប់គុក​អស់ ១ ​ជីវិត​ដដែល បន្ទាប់ពី​បើក​សវនាការ​ជំនុំជម្រះ​រួច​ភ្លាមៗ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​ម្តាយមីង​សាច់ថ្លៃ ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៤ នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។

លោក ចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ​ជន​ជាប់ចោទ​ថា សំណុំ​រឿង​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ឆៃ យក់លាភ ហៅ រ៉ែន អាយុ​ ៣១ ​ឆ្នាំ​នេះ​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី​ជនជាប់ចោទ និង​ក្រោយ​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក ក្រុមប្រឹក្សា​បាន​យល់​ឃើញ​ថា​៖ «​យោង​ចម្លើយ​របស់​ជនជាប់ចោទ​នៅ​តុលាការ​ថ្នាក់ក្រោម​ថា ពេល​កើត​ហេតុ​ខ្លួន​កំពុង​អង្គុយ​ហូបបាយ ហើយ​ក៏​ឃើញ​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ ឆឹម សុខគីម អាយុ ៣៣ ឆ្នាំ​បាន​ដួល​ដេក​ប្រឡាក់​ឈាម ហើយ​ខ្លួន​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដែល​ចម្លើយ​នេះ​មិន​ពិត​ទេ​។ ព្រោះ​បើ​តាម​កំណត់ហេតុ​នគរបាល​ថា ជន​ជាប់ចោទ​ពិតជា​បាន​ចាក់​សម្លាប់​ស្ត្រី​រងគ្រោះ​មែន​។ ដូច្នេះ​តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បានការ »​។

ថ្លែង​ក្នុង​ពេល​ជំនុំជម្រះ​កាលពី​ម្សិលមិញ​លោក ថាវ វុត្ថា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា​៖ «​កូនក្តី​របស់​ខ្ញុំ​ពិតជា​បាន​ចាក់​សម្លាប់​ម្តាយមីង​ខ្លួន​មែន​។ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិនិត្យ​ពិចារណា​តាម​ច្បាប់​»​។

លោក​ព្រះរាជអាជ្ញា ឌុច គឹមសន តំណាង​មហាអយ្យការ​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា យោងតាម​អង្គហេតុ និង​កំណត់ហេតុ​នគរបាល​បញ្ជាក់​ថា​ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។ ដូច្នេះ​ការសម្រេច​សេចក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​មាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ ហើយ​លោក​សូម​តម្កល់​ទុក​ជា​បាន​ការ​ដដែល​។

តាម​កំណត់ហេតុ​របស់​តុលាការ​បាន​បង្ហាញ​ថា​កាលពី​ថ្ងៃទី​ ៤ សីហា ឆ្នាំ​ ២០១៤ ជនជាប់ចោទ​បាន​យក​កាំបិត​ចាក់​សម្លាប់​ស្ត្រី​រងគ្រោះ ខណៈ​កំពុង​នៅក្នុង​ផ្ទះ នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​បាន​ដោះ​យក​គ្រឿងអលង្ការ​មួយ​ចំនួន ហើយ​គេច​ខ្លួន​បាត់​។ លុះ​ក្រោយ​មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនជាប់ចោទ​បាន​នៅ​ថ្ងៃទី​ ១៥ ខែ​ធ្នូ ឆ្នាំ​ ២០១៤ ក្នុង​ភូមិ​កៅ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បន្ទាប់ពី​ជន​ជាប់ចោទ​គេចខ្លួន​បាន​ជាង​ ៥ ​ខែ​៕