បាត់ដំបង៖ ស្នងការដ្ឋាន​​នគរបាល​ខេត្ត​បាត់ដំបង បាន​បញ្ជូន​បុរស​​សង្ស័យ​ម្នាក់​ ​ដែល​បាន​​ចាប់​ប្អូនថ្លៃ​ខ្លួន​ជា​​អនីតិជន​រំលោភ​សេពសន្ថវៈ​ជាង ១០ ដង​ ប្រព្រឹត្ត​នៅ​ឃុំ​ពេជ្រចិន្តា ​ស្រុកភ្នំ​ព្រឹក​ ទៅ​​សាលា​ដំបូង​ខេត្ត​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បាន​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​២២​​ ខែ​កញ្ញា​​។

លោក ​ប៊ុន​ វ៉ាន់ណារ៉ា​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​ខេត្ត​បាត់ដំបង​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​​ពី​ម្សិលមិញ​ថា ​ជន​សង្ស័យ​ឈ្មោះ​វ៉ា ​សុភ័ក្រ្ត​ អាយុ ​៣៤ ឆ្នាំ​ ដែល​ពាក់ព័ន្ធ​រំលោភ​​ប្អូន​ថ្លៃ​ឈ្មោះ រ.ថ អាយុ ១៤ ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​បាត់ដំបង កាល​ពី​​រសៀល​ថ្ងៃ​ទី ​២៣ ​ ខែ ​​កញ្ញា​។ «បន្ទាប់​ពី​បាន​ធ្វើ​ការ​សាកសួរ​​​​បន្ថែម​​តាម​នីតិវិធី​ច្បាប់​​​ ជន​ម្នាក់​នោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​ហើយ នៅ​រសៀ​ល​ថ្ងៃ​ព្រហស្បតិ៍»​​។

លោក​ ​អៀប​ ម៉ៅ ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ​ពេជ្រចិន្តា​ ​ឲ្យ​ដឹង​ថា ​បើ​តាម​ស្រ្តី​ដែល​​ជា​ប្រពន្ធ​​​ជន​សង្ស័យ​​ និង​ត្រូវ​ជា​បងស្រី​ក្មេង​ស្រី​រងគ្រោះ​បាន​រៀបរាប់​ថា​​ កាល​ពី​វេលា​ម៉ោង​ប្រហែល ​៦ ល្ងាច​​ ថ្ងៃទី ​២២ ​កញ្ញា​ គាត់​បាន​ចូល​ក្នុង​ផ្ទះ​ហើយ​ក៏​ទៅ​ទាន់​ឃើញ​ប្តី​របស់​ខ្លួន​កំពុង​ដោះអាវ​ប្អូន​ស្រី​។ បន្ទាប់​ពី​​ជន​សង្ស័យ​ឃើញ​សភាព​មិន​ស្រួល​បែប​នេះ ​ក៏​បង្អាក់​សកម្មភាព​របស់​ខ្លួន​ហើយ​ស្ទុះ​ចេញ​មក​ក្រៅ​ផ្ទះ​​។​

នៅ​ពេល​បន្ទាប់​មក​ស្រ្តី​បង​ក្មេង​ស្រី​រងគ្រោះ​បាន​ជជីក​សួរ​ប្អូនស្រី​ហើយ​ក្មេង​រងគ្រោះ ​បាន​រៀបរាប់​​ប្រាប់ថា ​បង​ថ្លៃ​បាន​ចាប់​នាង​រំលោភ​សេពសន្ថវៈ​ប្រមាណ​ជា ​៣ ​ខែ​មក​ហើយ​​។ ប៉ុន្តែ​ជនសង្ស័យ​ហាម​មិន​ឲ្យ​​ក្មេង​រងគ្រោះ​និយាយ​ប្រាប់​​បងស្រី​​របស់​នាង​ទេ​ ដោយ​គំរាម​ថា បើ​ហ៊ាន​តែ​​យក​រឿង​នេះ​ទៅ​​ប្រាប់​គេ​ គឺ​ជន​សង្ស័យ​នឹង​សម្លាប់​ចោល​។​ ដោយសារ​តែ​ខ្លាច​គេ​សម្លាប់​ទើប​ក្មេង​រងគ្រោះ​ចេះ​តែ​សម្ងំ​រហូត។ បន្ទាប់​ពី​ប្អូន​ស្រី​ប្រាប់​ពី​ដំណើរ​រឿង​មក​បង​ក្មេង​​ស្រី​បាន​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពេជ្រចិន្តា​​ ហើយ​ក្រោយ​ពី​​ទទួល​បាន​បណ្តឹង​មក​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ដល់​ផ្ទះ​កើត​ហេតុ​ និង​​នាំ​ជនសង្ស័យ​​មក​សាកសួរ​រួម​ទាំង​ក្មេង​ស្រី​រងគ្រោះ​ផង​។

ក្រោយ​សាក​សួរ​ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូន​ថ្លៃ​ពិត​មែន​។​ ចំណែក​ក្មេង​ស្រី​រងគ្រោះ​ក៏​ប្រាប់​សមត្ថកិច្ច​​ដែរ​ថា បង​ថ្លៃ​បាន​ចាប់​នាង​រំលោភ​ប្រហែល​ជា ​៣ ​ខែ​មក​ហើយ ​ក្នុង​ឆ្នាំ ​២០២០ ​នេះ។

លោក ម៉ៅ​ ​ថ្លែង​ថា៖ ​«ដោយសារ​ចម្លើយ​ជនសង្ស័យ ​និង​ចម្លើយ​ក្មេង​រង​គ្រោះ​ឆ្លើយ​ស៊ី​ចង្វាក់​គ្នា ​ដូច្នេះ​អាច​បញ្ជាក់​បាន​ថា ជន​សង្ស័យ​ពិត​ជា​ប្រព្រឹត្ត​បទល្មើស​​ទៅ​លើ​ក្មេង​ស្រី​រងគ្រោះ​មែន។ ហេតុ​នេះ​ហើយ​ខ្ញុំ​ក៏​ឃាត់​ខ្លួន​​ជន​សង្ស័យ​ទៅ»។ ក្រោយ​សាកសួរ​សមត្ថកិច្ច​​របស់​លោក​បាន​បញ្ជូន​​ក្មេង​ស្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំ​ព្រឹក​ ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ ​ដើម្បី​យក​ជា​ឯកសារ​ទុក​​បង្ហាញ​ដល់​តុលាការ​។

ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើ​កម្លាំង​ពលកម្ម​កុមារ​នៅ​តែ​ជា​ក្តី​កង្វល់​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល ​និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល។​​

លោក ​អំ​​ សំអាត​ នាយករង​កម្មវិធី​ស៊ើប​អង្កេត​​អង្គការ​លីកាដូ​​ថ្លែង​​ពី​ម្សិលមិញ​ថា​ ពី ​១ ឆ្នាំ ​ទៅ ១ ​ឆ្នាំ​នៅ​តែ​មាន​​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​បំពាន​លើ​កុមារ​បំពាន​ផ្លូវ​ភេទ​ទៅ​​លើ​កុមារ​​ ការ​ប្រើ​​អំពើ​ហិង្សា​​លើ​កុមារ​ និង​ការ​ប្រើ​​កម្លាំង​ពលកម្ម​​កុមារ​​។ អង្គការ​លីកាដូ​ រក​​ឃើញ​ថា ក្នុង ​១ ឆ្នាំ​ៗ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ មាន​មិន​តិច​ជាង ១០០ ​ករណី​ទេ។ ដោយ​ឡែក​រយៈពេល​ពី​ដើម​ខែ​មករា ដល់​ខែ​កញ្ញា ​ឆ្នាំ ​២០២០ ​នេះ​ក៏​មាន​ប្រហាក់​ប្រហែល​នឹង ​១០០ ​ករណី​ដែរ ​ពាក់ព័ន្ធ​នឹង​ហិង្សា​ផ្លូវ​ភេទ​ និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​។

លោក ​អំ សំអាត ​និយាយ​ថា​៖ «​អ៊ីចឹង​​យើង​នៅ​តែ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ហ្នឹង​កាន់​តែ​កើត​មាន​ធ្ងន់ធ្ងរ​ច្រើន​ទៅៗ​។​ បើ​យើង​និយាយ​ពី​ការ​បំពាន​ផ្លូវ​ភេទ​វិញ​​ បាន​កើត​លើ​កុមារ​ក្រោម​អាយុ ១៨ ឆ្នាំ​ហាក់​បី​ដូច​ជា​ច្រើន​​ជាង​ស្រ្តី​​ពេញ​វ័យ​ទៅ​ទៀត​»។

ចំណែក​លោក​ស្រី ​ញេប​ សុភាព​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​​ក៏​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា ​ការ​ការពារ​​សិទ្ធិ​កុមារ​នេះ ​គឺ​មិន​អាច​មាន​យន្តការ ​ឬ​បុគ្គល​ណា​មួយ​ធ្វើ​ការ​តែ​ឯង​​បាន​​ទេ​ គឺ​ត្រូវ​តែ​​មាន​ការ​ចូលរួម​​​សហការ​ពី​គ្រប់​ស្ថាប័ន​​​ពាក់​ព័ន្ធ​​ទាំង​អស់​ ចាប់​​តាំង​ពី​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ អាជ្ញាធរ​ដែន​ដី ​និង​ត្រូវ​មាន​ការចូល​រួម​ពី​ឪពុក​​ម្តាយ​ និង​ពី​កុមារ​​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ​​។ លោកស្រី​ថា​៖ «​អ្នក​ធ្វើ​ការងារ​ជាមួយ​កុមារ ​គឺ​លះបង់​​ទាំង​ធនធាន​​ទាំង​ពេល​វេលា​សម្រាប់​គ្រួសារ​ គឺ​​​ត្រូវ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់​ ដើម្បី​​ណែនាំ​អប់រំ​ឲ្យ​យល់​ដឹង​ពី​បញ្ហា​គ្រោះ​ថ្នាក់​គ្រប់​​រូបភាព​ដល់​ឪពុក​ម្តាយ ​​ស្រ្តី​មាន​​ផ្ទៃ​ពោះ​និង​កុមារ​»៕