​​ព្រះ​សី​ហនុ៖ បុរស​ជា​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់​និង​ ​៣ នាក់​ទៀត​របួស​ធ្ងន់​ ក្រោយ​ពី​បង្កអំ​ពើហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ហាង​នំ​មួយ​កន្លែង​ ស្ថិត​​​នៅក្នុង​​ភូមិ​ ១ ​សង្កាត់ ​២ ​ក្រុ​ង​-​ខេត្ត​ ព្រះសី​ហនុ​​​ ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​មេសា។​​

​លោក​ ជួន ​ណា​រិន្ទ​ ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​​ ករណី​អំពើ​ហិង្សា​ដែល​ជន​ជាតិ​ចិន​ដូច​គ្នា​ចាក់​សម្លាប់​គ្នា​​ក្នុង​នោះ​មាន​បុរស​ម្នាក់​ស្លាប់​រីឯ​មនុស្ស​​ប្រុស-ស្រី ៣​ នាក់​​របួស​ធ្ងន់​។​​

លោក​​ ​ណារិន្ទ​​ បាន​ថ្លែង​ថា​៖​ «​រឿង​នេះ​បង្ក​ឡើង​​ដោយ​ជន​ជាតិ​​ចិន​និង​ជន​ជាតិ​ចិន​គ្នា​គាត់​​ទេ​ហើយ​​ជន​ជាតិ​ចិន​ប្រុស​-​ស្រី​ ២ នាក់​កំពុង​​ព្យា​បាល​នៅ​ភ្នំ​ពេញ»​​​។​

លោក ​កុល​ ផាលី​ ​ស្នង​ការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ខេត្ត​ព្រះសី​ហនុ​​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​នោះ​មាន​ ឈ្មោះ ​ឈូ​​ ហ័រសាំង​ ភេទ​ ប្រុស​  អាយុ ​៣២ ​ឆ្នាំ​ ជន​ជាតិ​ចិន​ មុខ​របរ​ថៅ​កែហា​ង​នំ​ ស្នាក់​នៅ​ក​ន្លែ​ង​កើត​​ហេតុ​ (​ ស្លាប់ )​។​ ​ចាង​ ឃុន​ ភេទ​ប្រុស​អាយុ​ ២០​ ឆ្នាំ​ ​ជន​ជាតិ​ចិន​ មុខ​របរ​ បុគ្គ​លិក​ហាង​នំ​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ (​ រ​ង​របួស​ធ្ងន់​ )​។​ ​ឈ្មោះ​ លាំង​ ជិន​ឆាវ​ ភេទ​ប្រុស​ អាយុ​ ៣៣ ​ឆ្នាំ​  ជន​ជាតិ​ចិន​ មុខ​របរ​បុគ្គិ​លិក​ហាង​នំ​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ (​ ​រង​របួស​ធ្ងន់​ )​។​ ​លី​ ជៀន​យាន​ ភេទ​ស្រី​  អាយុ​ ៣០ ឆ្នាំ​ ជន​ជាតិ​ចិន​ (​សង្សារ​បស់​​ ឈ្មោះ​ ឈូ​ ហ័រ​សាំង​ )​ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ ​(​ រង​របួស​ធ្ងន់​ ​)​។​

ទោះ​យ៉ាង​ណា​ បើ​តាម​មន្រ្តី​នគរបាល​មួយ​រូប​នៃ​អធិការដ្ឋាន​នគរបាល​​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ដោយ​យោង​ តាម​សម្តី​សាក្សី​នៅ​ក្បែរ​ទី​តាំង​កើត​ហេតុ​ថា​ មុនពេល​​កើតហេតុ​គេ​បាន​ឮ​សំឡេង​ជជែ​ក​គ្នា​ខ្លាំ​ង​ៗ​ចេញ​ពី​ហាង​នំប៉ុន្តែ​មិន​ដឹង​ថា​ការ​ជជែក​គ្នា​នោះ​មាន​ន័យ​អ្វី​ទេ​ព្រោះ​ជា​ភាសា​ចិន​។ បន្ទាប់​ពី​ជជែកគ្នា​បាន​មួយ​សន្ទុះ​ស្រាប់​តែ​គេ​ឃើញ​អ្នកទាំង​ ៤ នាក់​ ប្រតាយប្រ​តប់គ្នា​រត់​ពេញ​ក្នុង​ហាង​នំ និង​​អ្នក​ខ្លះ​មាន​កាន់​កាំបិត​ទំហ៊ំប៉ុន​​ ២​ ទៅ ​៣ ​ម្រាម​ដៃ​ដេញ​​ចាក់​គ្នា។​

មន្រ្តី​បន្ត​ថា​ ពេល​នោះ​គេ​ឃើញ​អ្នកខ្លះ​ត្រូវ​បាន​ចាក់​នឹង​កាំបិត​មាន​ហូរ​ឈាម​ និង​បុរស​រង​គ្រោះ​​ម្នាក់ ​(អ្នក​ស្លាប់​) ប្រហែល​ជា​ត្រូវ​របួស​​ធ្ងន់​បាន​ដួល​ដេក​នៅ​​លើ​កំរាល​ឥដ្ឋ​ហើយ​មួយ​សន្ទុះ​សមត្ថកិច្ច​​នគរបាល​ក្រុងព្រះ​សីហនុ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បន្ទាប់​ពី​ទទួល​​បាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​។​

មន្រ្តី​​រូបនោះ​បន្ត​ថា ​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​លើ​ជនរងគ្រោះ​​ដោយ​អ្នក​ស្លាប់​ត្រូវ​គេ​ចាក់​ ​២​ កាំបិត​ចំពោះ​ខណៈ​​ជន​ទាំង​ ៣ នាក់​ទៀត​ត្រូវ​ចាក់​ចំ​ដង​ខ្លួន​ និង​ត្រូវ​ចំ​ក្បាល​ពោះ​​។

ទោះ​យ៉ាង​ណា​​ បើ​តាម​លោកស្នង​ការរ​ង​ប្រាប់​ថា​ហេតុការណ៍​​មិន​មាន​ជន​ល្មើស​​ផ្សេង​ទេ​ ពោល​គឺ​ពួកគេ​ទាំង​ ៤​ នាក់​ បង្ក​ហេតុ​ជា​មួយ​គ្នា​ហើយ​ចំពោះ​ការ​អនុវត្ត​ការងារ​បន្ត​យ៉ាង​ណា​នោះ​រង់​ចាំ​ជន​ទាំង​ ៣​ នាក់​ជា​សះ​ស្បើយ​ពី​ជំងឺ​សិន​៕