ភ្នំពេញៈ សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​កាលពី​យប់​ថ្ងៃ​ពុធ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ជាមួយ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជិត ១ លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក​ នៅ​ច្រក​ទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​បន្ទាប់​ពី​រូបគេ​បាន​ព្យាយាម​នាំចូល​លុយ​ទាំង​នេះ​ពី​ទីក្រុង​ហុងកុង​ ចូល​មក​ប្រទេស ​កម្ពុជា។

តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ​នៅវេលា​ម៉ោង​ ​១៥:១០ ​នាទី​រសៀល ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​បាន​ផ្អាក​ដំណើរ​ជនជាតិ​ចិន​ម្នាក់ ​ឈ្មោះ​ LIAO JINGQING កើត​ថ្ងៃ​ទី 16/​11/1971 ​កាន់​លិខិត ​ឆ្លងដែន​លេខ EG0115690 ​មុខរបរ​នៅ​ប្រទេស ចិន ​ជាជាង​ផ្នែក​ដេគ័រ​ សណ្ឋាគារ។

តាម​របាយការណ៍​ដដែលបាន​បន្តថា ​ក្រោយ​ការឃាត់ខ្លួន ​ក្នុង​ខ្លួន​ជនសង្ស័យ​ រកឃើ​ញ​មាន​វត្ថុតាង ​ដូចជា ​លិខិត​ឆ្លងដែន​ចិន​ចំនួន​ ១ ក្បាល ​ប្រាក់​ចំនួន​ ៨៥៥ ០០០ ដុល្លា​ (៧២ដុំ)​ ទូរស័ព្ទដៃ​ចំនួន ​១ គ្រឿង ​និង​កាបូប​ធំ​ចំនួន​ ២។ សមត្ថ​កិច្ច ក៏បាន​សម្រេច​ឃាត់​ខ្លួន ​និង​រក្សាទុកជនសង្ស័យ​ជាមួយ​​នឹង​វត្ថុតាង ​ដើម្បី​សាកសួរ ​និង​អនុវត្ត​នីតិវិធី​បន្ត។

លោក ​កែវ វ៉ាន់​ថន ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ​សមត្ថកិច្ចនឹង​កសាង​សំណុំ​រឿងនេះ​បញ្ជូន​ទៅ​តុលាការ​យ៉ាងយូរ​បំផុត​ថ្ងៃ​សុក្រ​នេះ។ ​លោក​ក៏បាន​អះ​អាងថា ​សមត្ថកិច្ច​នឹងបន្ត​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

លោក​បញ្ជាក់ថា​៖ «[យើង]​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឆាប់ៗ​ហ្នឹង។ ដោយ​សារ​ថា​ ជនសង្ស័យ​មិនអាច​បញ្ជាក់​ប្រភព​ដើម​នៃ​សាច់​ប្រាក់​ ច្បាស់លាស់ ​ហើយក៏​មិនអាច​បញ្ជាក់​ពី​គោលដៅ​នៃ​ការ ប្រើប្រាស់​សាច់ប្រាក់​នៅ​កម្ពុជា​នេះ ​អ៊ីចឹង​យើង​ចោទ​ពីបទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់»។

មាត្រា ​៣ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្ប​ទាន ​ភេរ​វកម្ម ​បាន​ឲ្យ​និយមន័យ ​នៃ​ការលាង​លុយ​កខ្វក់ថា​ជាការ​បំប្លែង ​ឬ​ផ្ទេរ​ទ្រព្យសម្បត្តិ​ដោយ​ដឹងថា ​ទ្រព្យសម្បត្តិ​នេះជា​ផល​នៃ​បទល្មើស ​ការបិទបាំង ​ការក្លែង​សភាវៈ​ពិត ​ប្រភព ​ទីតាំង ​សិទ្ធិ​ចាត់ចែង ​និង​ការធ្វើ​លទ្ធ​កម្ម ​ការប្រើប្រាស់​ទ្រព្យសម្បត្តិ ​ដើម្បី​ឲ្យ​បុគ្គល​នោះ​គេច​ផុតពី​ផល​​វិបាក​តាម​ច្បាប់​នូវ​សកម្មភាព​របស់​ខ្លួន។

យោង​ច្បាប់​និយមន័យ​នេះ ​ជនល្មើសនឹងត្រូវ​ទទួល​ទណ្ឌ​កម្ម​ព្រហ្មទណ្ឌ​តាម​មាត្រា ២៩ ​ ដោយ​ត្រូវ​ផ្តន្ទា ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦ ថ្ងៃ ​ដល់​ ១ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់ចន្លោះ​ពី ១ ​សែន​រៀល ​ដល់ ​៥ ​លាន​រៀល ​ដោយ​ពុំទាន់​គិត​ដល់​បទ​ល្មើស​ទាំង​ឡាយ​ណា​ដែលមាន​បញ្ញតិ្ត​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។

កាលពី​ថ្ងៃ​ទី ២៣ ​ខែ មេសា​ កន្លងទៅ ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ ​និង​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ ​ប្រចាំ​នៅ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​ ៣ នាក់ ​និង​បញ្ជូនទៅ​តុលាការ​ ពាក់​ព័ន្ធ​នឹង​ការនាំ​លុយ​ចំនួន​ ៣ ៥២០ ០០០ ដុល្លារ​អាមេរិក ​ពី​ទីក្រុង​ហុងកុង ​ចូលមក​ប្រទេស ​កម្ពុជា ​ដោយ​ពុំមាន​ការ​បញ្ជាក់​ពី​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់​លាស់​ផងដែរ។

លោក​ ព្រាប កុល ​នាយក​ប្រតិ​បត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា ​នេះ​ជា​ករណី​ទី២ ​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាត់វិធានការ​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា ​កម្ពុជា​ជា​គោលដៅ​សំខាន់​នៃ​ការលាងលុយ​កខ្វក់​ ជាពិសេស​ជន​បរទេស​មក​ពី​ចិន។ លោកក៏ ​បង្ហាញ​ក្តីបារម្ភ ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​គួរ​មាន​វិធាន​ការ​លើ​បញ្ហា​នេះ​ ឲ្យ​បាន​តឹងរ៉ឹង។

លោក​បញ្ជាក់ថា​៖ «​អាជ្ញា​​ធរ​មាន​សមត្ថកិច្ច​ត្រូវតែ​រឹតបន្តឹង​ការត្រួត​ពិនិត្យ​នៅតាម​ច្រក​ផ្លូវគោក ​និង​ផ្លូវទឹក​តាម​កំពង់​ផែ​ដែលមាន​ជន​បរទេស​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ​ចិន»។

កាលពី​ខែកុម្ភៈ ​ដើមឆ្នាំ​នេះ ​អង្គការ​ឃ្លាំមើល​ការលាង​លុយ​កខ្វក់​អន្តរជាតិ ​Financial Action Task Force បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​របស់​ខ្លួន​សាជាថ្មី ​ដើម្បី​ត្រួតពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ ​វិនិយោគ ​និង​ពាណិជ្ជកម្មចេញ ​និង​ចូល​ប្រទេស​ កម្ពុជា ក៏​ព្រោះតែ​អះអាងថា ​ប្រទេស​នេះ​ងាយ​ស្រួល​ក្នុងការ​ប្រព្រឹត្ត​សកម្មភាព។

បន្ទាប់ពី​ការ​ប្រកាស​យ៉ាង​ដូច្នេះ ​កាលពី​ខែ​មេសាថ្មីៗ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង ​បាន​ចេញ​សេចក្ដីណែនាំ​មួយ​ដល់​មន្ត្រី​ព្រំដែន​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត។

ជាពិសេស​ទៅលើ​បទល្មើស​គ្រឿងញៀន ​និង​ការសម្អាត​ប្រាក់ ​បន្ទាប់ពី​លោក​សង្កេត​ឃើញ​មានការប៉ុនប៉ង​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិ​សាស្ត្រ​មួយចំនួន​ដែលមាន​ការធ្វេស​ប្រហែស ​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន៕