The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ចិន​ ២ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ស្ត្រី​ចិន​ម្នាក់​ធ្លាក់​ពី​អគារដែល​ខ្លួន​ស្នាក់នៅ

បុរស​ចិន​ ២ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ស្ត្រី​ចិន​ម្នាក់​ធ្លាក់​ពី​អគារដែល​ខ្លួន​ស្នាក់នៅ

Content image - Phnom Penh Post
បុរស​ចិន​ ២ ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ស្ត្រី​ចិន​ធ្លាក់​ពី​ខុនដូ​នៅ​កោះពេជ្រ​ម្សិលមិញ​។ រូប សហការី

បុរស​ចិន​ ២ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ស្ត្រី​ចិន​ម្នាក់​ធ្លាក់​ពី​អគារដែល​ខ្លួន​ស្នាក់នៅ

ភ្នំពេញៈ សមត្ថកិច្ច​ខណ្ឌ​ចំការមន​បន្ត​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ ២ នាក់ ​ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់ពី​មាន​នារី​ជនជាតិ​ចិន​ម្នាក់​បាន​ធ្លាក់​ពី​លើ​អគារ​ខុនដូ​កម្ពស់​ ១២ ​ជាន់​ កាលពី​ម៉ោង​ជិត​ ២ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ការសន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាចជា​ករណី​ធ្វើអត្តឃាត​។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មាន​ឈ្មោះ ម៉ី ម៉ី អាយុ​ ៤១ ​ឆ្នាំ​ ចំណែក​ជនជាតិ​ចិន​ ២ ​នាក់​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ទី​ ១ ឈ្មោះ​ ហ្វុង ឡុង ភេទ​ប្រុស​អាយុ​ ២៨ ​ឆ្នាំ​ ស្នាក់នៅ​ជាន់​ទី​ ១២ បន្ទប់​លេខ​ ៥៦ និង​ទី​ ២ ​ឈ្មោះ ចូវ ជាម៉ិញ ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ​ស្នាក់​ជាន់​ទី​ ២៤​។ ទីតាំង​អគារ​ដែល​នារី​រងគ្រោះ​បាន​ធ្លាក់​នោះ​ស្ថិត​នៅ​លើផ្លូវ​ច្រកចូល​ស្ពាន​ហង្ស​កោះពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

លោក​ ឈួន មៀចស៊ីម៉ូលីន អធិការរង​នគរបាល​ខណ្ឌ​ចំការមន​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​មាន​ហេតុការណ៍​នារី​រងគ្រោះ​ធ្លាក់​ពី​លើ​អគារ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន បុរស​ជា​ជនជាតិ​ចិន​ ២ ​នាក់​ខាងលើ​ដែល​ម្នាក់​ឈ្មោះ​ ហ្វុង ឡុង ត្រូវជា​មិត្ត​ប្រុស​របស់​ជនរងគ្រោះ​។

លោក​បន្តថា ក្រោយ​ការឃាត់ខ្លួន​បុរស​ចិន​ដែល​ជា​សង្សារ​ជនរងគ្រោះ បាន​ប្រាប់​ថា ពួកគេ​ទាំង​ ២ ​នាក់​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​។ ប៉ុន្តែ​ក្នុង​ថ្ងៃកើត​ហេតុ​ខ្លួន​បាន​សុំ​បែក​គ្នា​ពី​នារី​រងគ្រោះ ហើយ​បណ្តាល​ឲ្យ​នាង​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង​តែម្តង​។

លោក​បន្តថា​៖ «​នេះ​គ្រាន់តែ​ជា​សម្តី​របស់​សង្សារ​គាត់​អ៊ីចឹង ហើយ​យើង​មិនទាន់​ជឿ​ទាំង​ស្រុង​ទេ​។ ឥឡូវ​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​មើល​កន្លែង​កើតហេតុ និង​ការធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​សិន​។ យើង​បន្ត​ឃាត់ខ្លួន​សង្សារ​ (​ជនរងគ្រោះ​) ​ម្នាក់ និង​មិត្តភក្តិ​គាត់​ម្នាក់​»​។

បើ​ទោះ​ជា​មាន​ការអះអាង​ដូច្នេះ ក៏​លោក មៀចស៊ីម៉ូលីន បាន​បញ្ជាក់ថា សមត្ថកិច្ច​នៅតែ​បន្ត​សាកសួរ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​ ២ ​នាក់​នេះ បណ្តោះអាសន្ន​សិន​។ បើ​ក្នុងករណី​រកឃើញ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ​នឹង​ដោះលែង​វិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទាំងស្រុង​ទេ ប៉ុន្តែ​តាមមើល​ករណី​នេះ​មិនមែន​ជា​រឿង​ឃាតកម្ម​ទេ អាច​ជា​គាត់​ (​ជនរងគ្រោះ​) ​លោត​មក​ខ្លួនឯង​។ យ៉ាងណា យើង​មិន​ទាន់​ច្បាស់​ទេ យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​សិន ព្រោះ​យើង​បន្ត​ឃាត់ខ្លួន​គាត់​ទុក​សិន​។ យើង​បន្ត​សួរនាំ​ឲ្យ​បាន​ដឹង​ច្បាស់​សិន ហើយ​បើ​ករណី​មិនមែន​ជា​ករណី​ឃាតកម្ម យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ហើយ​បើ​ករណី​ឃាតកម្ម យើង​នឹង​កសាង​សំណុំរឿង​ទៅ​តុលាការ​»​។

បើ​តាម​លោក​ ឈួន មៀចស៊ីម៉ូលីន គឺ​នារី​រងគ្រោះ​បាន​ធ្លាក់​ចេញ​ពី​បន្ទប់​លេខ​ ៥៦ នៅ​ជាន់​ទី​ ១២ ដែលជា​បន្ទប់​របស់​សង្សារ​ខ្លួន ខណៈ​ជនរងគ្រោះ​បាន​ស្នាក់​នៅក្នុង​បន្ទប់​ខុនដូ​ជាន់​ទី​ ១៧ ក្នុង​អគារ​នោះដែរ​។ ក្រោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ​ សាកសព​នារី​រងគ្រោះ​ត្រូវ​បាន​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។

លោក នង សុវណ្ណរ័ត្ន វេជ្ជបណ្ឌិត​ផ្នែក​កោសល្យវិច័យ​នៃ​គណៈកម្មាធិការ​កោសល្យវិច័យ​វិទ្យាសាស្ត្រ​ថ្នាក់​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​បញ្ចប់​ការត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ការធ្លាក់​ពី​លើ​ទីខ្ពស់ ហើយ​ប៉ះ​ត្រូវចំ​ក្បាល និង​ខ្លួនប្រាណ ដែល​បណ្តាល​ឲ្យ​បាក់ដៃ ជើង និង​បែកក្បាល​។ បន្ថែម​ពីនេះ​ទៀត​សោត ការពិនិត្យ​សាកសព​ គឺ​មិនបាន​រកឃើញ​ស្លាកស្នាម​នៃ​ការប្រទូសរ៉ាយ​ណាមួយ​នោះទេ​។

ប៉ុន្តែ​លោក សុវណ្ណរ័ត្ន បាន​បន្ថែមថា​ចំពោះ​ការសន្និដ្ឋាន​បែបណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច ព្រោះ​លោក​មាន​ភារកិច្ច​ក្នុង​ការពិនិត្យ​សាកសព និង​រក​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​កាតព្វកិច្ច​របស់ខ្ញុំ​គឺ​ត្រួតពិនិត្យ​រក​មូលហេតុ​ស្លាប់ ហើយ​ករណី និង​មូល​ហេតុអ្វី​ផ្សេងទៀត គឺជា​សមត្ថកិច្ច​របស់​ប៉ូលិស​ដែល​ខាង​ជំនាញ​ស៊ើបអង្កេត និង​បើក​ការស៊ើបអង្កេត​តាមរយៈ​ការបំភ្លឺ​អ្នក​នៅ​ជុំវិញ​អីហ្នឹង​។ យើង​មិនឃើញ​មាន​ស្នាម​ប្រទូសរ៉ាយ​អី​ទេ ហើយ​ការស្លាប់​នេះ​គឺ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ​»៕

អត្ថបទគួរចាប់អារម្មណ៍