ភ្នំពេញៈ នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រ​សួង​ម​ហា​ផ្ទៃ​បាននិងកំ​ពុង​ធ្វើប្រ​តិបត្តិការ​បង្ក្រាប​លើករណី​បុរស​ជន​ជាតិ​ចិន​មួយ​ក្រុម​ចាប់ពង្រត់​ស្រ្តី​ជន​ជាតិ​ចិន​ដូច​គ្នា​ចំ​នួន​ ៥ ​នាក់​ សេពសន្ថវៈ​ និង​ជំរិត​​យក​លុយ​កាល​ពី​យប់​ថ្ងៃ​ទី ​២​០ ​មេ​សា ចេញ​ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ឆ្ពោះទៅ​ខេត្ត​កំ​ពត​ដោយ​ប្រតិបត្តិការ​នេះ​បុរស​ជនជាតិ​ចិន​ ៣ នាក់​ ត្រូវបាន​ចាប់​ខ្លួន ​និង​ ២ នាក់​ទៀត​ សមត្ថកិច្ច​កំពុងបន្ត​ស្វែងរក។

លោក​ ង៉េង ​ជួរ ​ប្រធាន​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​ម​ហា​ផ្ទៃ​ប្រាប់​​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​​ម្សិល​មិញ​ថា​រឿង​បុរស​ជន​ជាតិ​ចិន​មួយ​ក្រុម​ចាប់​ពង្រត់​ក្រុម​ស្រ្តី​ជន​ជាតិ​ចិន​ដូច​គ្នា​នោះ​ពេល​នេះ​សមត្ថកិច្ច​របស់​លោក​​កំ​ពុង​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​លើ​ករណី​នេះហើ​យ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​លទ្ធផល​នៃ​ការ​បង្រ្កាប​នេះ​ទេ។

លោក​ថ្លែង​ថា​៖ «​រឿង​នេះ​ខាង​នា​យក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រ​សួង​កំពុង​បន្ត​ប្រ​តិ​បត្តិ​ការ​ហើយ។ ​នៅ​ពេល​នា​យក​ដ្ឋាន​ខ្ញុំ​ធ្វើ​កិច្ច​ការ​នេះ​ចប់​នឹង​ធ្វើ​របាយការណ៍​ទៅ​អគ្គស្នង​ការ​នគរបាល​ជាតិ​ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ចាំ​សួរ​អ្នក​នាំពាក្យ​នៅ​អគ្គស្នង​ការដ្ឋាន​នគរបាល»។​

ទោះ​យ៉ាងណា​បើ​យោងតាម​របាយ​ការណ៍​សមត្ថកិច្ច​បង្ហាញ​ថា​រហូត​មកដល់​ថ្ងៃទី ២២​ មេសា​ឆ្នាំ ២០១៩ នេះ​ សមត្ថកិច្ច ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ចិន​បាន​ ៣ នាក់​ហើយ​ក្នុង​ចំណោម​៥នាក់​ដែល​រួមមាន​ទី១ ឈ្មោះ​Guo Yuwei អាយុ​ ៣១ ឆ្នាំ ​ទី២ ឈ្មោះ​ Li Xiaoxiang អាយុ​ ២៧ ឆ្នាំ ​ និង ​ឈ្មោះ​ Li Hongjie អាយុ​ ៣២ ឆ្នាំ ​ឯជន​សង្ស័យ​ជាជនជាតិ​ចិន ​២ នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន។

ចំពោះវត្ថុតាង​ សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ ១ គ្រឿង​ ជារបស់​ជន​រងគ្រោះ ​រថយន្ត​ម៉ាក​ Starex ពណ៌​ខ្មៅ ​ស្លាកលេខ​ភ្នំពេញ​ 2AX-8067 ជា​ រថយន្ត​ធ្វើ​សកម្ម​ភាព។ ជាមួយគ្នានេះ​ដែរ​សមត្ថកិច្ច​រំដោះ​បាន​នារី​ជនជាតិ​ចិន​ ២ ​នាក់​នៅ​ខេត្ត​ព្រះសីហនុ។

​របាយការណ៍​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ​បាន​ឲ្យដឹង​ថា​ មុនពេល​កើតហេតុ​ មាន​បុរស​ជនជាតិ​ចិន​ ១ ក្រុម​មាន​គ្នា ​៥ នាក់ ​នាំនារី​រង​គ្រោះ​យកមក​ពី​ហាង​បាយ​យីហោ​ «ថាង​ទីង»​ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​និងបាន​ចូល​ច្រៀង​ខារ៉ា​អូខេ​យីហោ​តុងហ្វាំង​ម៉េងជូ។

ក្រុម​ជន​សង្ស័យ ​បានបើក​រថយន្ត ​ម៉ាក​ហ៊ី​យ៉ាន់ដាយ ​ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ ដឹក​នារី​រងគ្រោះ​ចេញ​ពី​ភ្នំពេញ​ឡើង​ភ្នំ ​(អត់ស្គាល់) ​រួច​ដក​យក​ប្រាក់​ពី​នារី​រងគ្រោះ​ផ្ទេរ​តាម​ទូរស័ព្ទ ​(WeChat)​ សរុប​នារី​ទាំង ​៥ នាក់​ ជាង​ ៤ ពាន់​ដុល្លារ។

បន្ទាប់​មក ​ពួកគេ​បាន​ចាប់​នារី​រងគ្រោះ​រំលោភ​សេព​សន្ថវៈ ​ក្នុង​រថ​យន្ត។ជន​សង្ស័យ​បានមក​ដល់​ក្រុង​កំពត ​នៅ​ម៉ោង​ប្រមាណ​ជា ៥ ភ្លឺ ​ហើយ​ជន​សង្ស័យ ​ក៏បាន​ទាញ​ជនរងគ្រោះ​ចេញ​ពី​រថយន្ត​ចំនួន​៣នាក់​មាន​ Xiang kai pi​, Chen Sihong ​និង Huang Shuang Giong ​រីឯ​នារី​រងគ្រោះ ​peng Lin hui និង​ Hua. Na ត្រូវបាន​ជន​សង្ស័យ​ យក​ទៅ​ជាមួយ​ពួកគេ ​ដែល​រថយន្ត​នោះ បាន​បើក​តាម​បណ្តោយ​មាត់​ព្រែក​ឆ្ពោះ​ទៅ​ទិសខាង​ជើង​សំដៅ​ទៅស្ពាន​ថ្មី​ រហូត​មាន​ការចាប់​ខ្លួន​បាន​នៅ​ក្រុង​ព្រះសីហនុ។

បើតាម​របាយការណ៍ដដែល ​រវាង​ជន​សង្ស័យ ​និង​ជន​រង​គ្រោះ ពួកគេ​ស្គាល់​គ្នា​តាមរយៈ ​WeChat ​ហើយ​មុន​កើត​ហេតុ ​ជនសង្ស័យ​បាន​ណាត់​ជន​រងគ្រោះ ​មក​ហូប​បាយ​នៅ​ហាង​ថាង​ទីង៕