សៀមរាបៈ នគរបាល​អន្តោប្រវេសន៍​ខេត្ត​សៀមរាប​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនជាតិ​ចិន​ ៩ ​នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​ ១១ ​ធ្នូ​នេះ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៨ ​ធ្នូ​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​វីដេអូ​អាសអាភាស​កុមារ​បរទេស​ទៅ​ប្រទេស​ចិន​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោក ជា គឹមសាន្ត ស្នងការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍​ខេត្ត​សៀមរាប​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​ទាំង​នោះ​កាលពី​ថ្ងៃទី​ ៨ ​ធ្នូ​ក្នុង​នោះ​រួមមាន ទី​ ១- ​ឈ្មោះ​ PAN ZHIFU អាយុ ៣០ ​ឆ្នាំ ២- ​ឈ្មោះ​ HUANGXINFA អាយុ​ ២៣ ​ឆ្នាំ ៣- ​ឈ្មោះ​ HUANG FULONG អាយុ ២៧ ​ឆ្នាំ​ ៤- ​ឈ្មោះ​ WEI JIBO អាយុ​ ២២ ​ឆ្នាំ ៥- ​ឈ្មោះ GU SHENGFENG អាយុ​ ២០ ​ឆ្នាំ ៦- ឈ្មោះ LI WEIMING អាយុ​ ២៥ ​ឆ្នាំ ៧- ​ឈ្មោះ PAN XIADONG អាយុ​ ៣១ ​ឆ្នាំ ៨- ឈ្មោះ PAN ZONGJI អាយុ​ ៣៦ ​ឆ្នាំ និង ទី​ ៩- ឈ្មោះ DAI GUANGQIANG អាយុ ៣៤ ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​រូបភាព​​អាសអាភាស​របស់​កុមារ​នោះ​មិនមែន​ជា​កុមារ​កម្ពុជា​ទេ ហើយ​ក្រុម​នេះ​បង្ហោះ​រូបភាព​ទាំងនេះ​ទៅ​ប្រទេស​ចិន​វិញ​​ដោយ​មាន​ដាក់​លេខ​អាខោន​ផង​។

ប្រសិន​បើ​នរណា​ចង់​ចូល​មើល​វីដេអូ​នោះ​ត្រូវ​បង់លុយ​ចូល​អាខោន​របស់​គេ​។ ពួកគេ​ត្រូវ​បញ្ជូន​ទៅ​តុលាកា​ខេត្ត​នៅ​​ថ្ងៃទី​ ១១ ធ្នូ ហើយ​»​។

លោក​វរសេនីយ៍ឯក តូច សុគន្ធ ប្រធាន​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ជនជាតិ​ចិន​ទាំង​ ៩ ​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ និង​ឃាត់ខ្លួន​នៅ​ក្នុង​ទីតាំង​ ៣ ​ផ្សេង​គ្នា​ដែល​ទីតាំង​ទី​ ១ ​នៅ​ផ្ទះ​លេខ E២១ បុរី​អាក់ខេត ភូមិ​ក្រួស​ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប​ដោយ​ឃាត់ខ្លួន​បាន​​ម្នាក់​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​។ ២- ​ផ្ទះ​វីឡា​ជួល​ក្នុង​ភូមិ​ក្រូស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប​ឃាត់ខ្លួន​បាន​ ៥ ​នាក់​រួម​នឹង​វត្ថុតាង​មួយ​ចំនួន និង​ទីតាំង​ទី​ ៣ នៅ​បន្ទប់​លេខ ៣០៥ ផ្ទះសំណាក់​មហាមាន ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​ ក្រុង​/​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​បាន​ ៣ ​នាក់​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​ប្រាប់​ថា​៖ «​យើង​សន្និដ្ឋាន​ដំបូង​គឺ​ពាក់ព័ន្ធ​ការ​ចែកចាយ​វីដេអូ និង​សម្ភារ​អាសអាភាស​របស់​កុមារ ប៉ុន្តែ​យើង​កំពុង​បន្ត​នីតិវិធី​បន្ថែម​ក្នុង​ការស្រាវជ្រាវ​លម្អិត​បន្ត​ទៀត​។ ​យើង​ពិនិត្យ​បឋម​ក្នុង​ប្រព័ន្ធ​វីឆាត និង​ទូរស័ព្ទ​គឺ​វា​បង្ហាញ​ថា​ជា​ករណី​អ៊ីចឹង​»​។

លោក​ថ្លែង​ប្រាប់​ថា ចំពោះ​សម្ភារ​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​កុំព្យូទ័រ​យួរដៃ​មួយ​ចំនួន​រួម​នឹង​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការបម្រើ​សេវាកម្ម​ល្មើស​ច្បាប់​នេះ​៕