ភ្នំពេញៈ បុរស​ជាប់ចោទ​វ័យ​ចំណាស់​ម្នាក់​កាលពី​ម្សិលមិញ​បាន​ស្នើ​សុំ​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដោយ​ថា​ខ្លួន​មាន​ជំងឺ​សរសៃ​ប្រសាទ​ខណៈ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ១០ ឆ្នាំ​ពាក់ព័ន្ធ​បទ​រំលោភ​សេព​សន្ថវៈ​នារី​ម្នាក់ កាល​ពី​ឆ្នាំ ២០០៧។

ឆ្លើយ​នៅក្នុង​សវនាការ​ពី​ម្សិលមិញ ជនជាប់ចោទ​ឈ្មោះ រី យឿង អាយុ ៦២ ឆ្នាំ បាន​ប្រាប់​ចៅក្រម​ថា គាត់​ជា​អ្នក​ប្រកប​របរ​ទិញ​អេត​ចាយ រស់​នៅ​ភូមិ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ហើយ​នារី​រង​គ្រោះ ឈ្មោះ ស.ច. ន អាយុ ២៣ ឆ្នាំ (២០០៧) បាន​មក​ស៊ី​ឈ្នួល​ជួយ​លក់​ផ្លែឈើ​ឲ្យ​ប្រពន្ធ​គាត់។ នៅ​ពេល​នោះ​គាត់​និង​ស្ត្រី​រង​គ្រោះ​ស្រឡាញ់​គ្នា​និង​បាន​រួមភេទ​ជាមួយ​គ្នា​បាន ២ ដង ប៉ុន្តែ​ត្រូវ​បែកការ​ហើយ​ត្រូវ​ស្ត្រី​រង​គ្រោះ​ប្តឹង​គាត់។

ជនជាប់ចោទ​បន្តថា កាលពី​ឆ្នាំ ២០០៧ ក្រោយពី​ត្រូវ​ស្ត្រី​រង​គ្រោះ ប្តឹង គឺ​គាត់​បាន​រត់​គេច​ខ្លួន​ហើយ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជំនុំ​ជម្រះ​កំបាំង​មុខ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១០ ឆ្នាំ និង​បង្គាប់​ឲ្យ​គាត់​សង​ជំងឺ​ចិត្ត​ឲ្យ​ស្ត្រី​រង​គ្រោះ ៤ លាន​រៀល។

ជនជាប់ចោទ​ប្រាប់​ចៅក្រម​ថា៖ «ខ្ញុំ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​អំឡុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន ៩ ឆ្នាំ ហើយ​ខ្ញុំ​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ប្តឹង​ឧទ្ធរណ៍ ព្រោះ​ខ្ញុំ​មាន​ជំងឺ​សរសៃ​ប្រសាទ ហើយ​ចំពោះ​រឿង​ថា ខ្ញុំ​ចាប់​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី​រង​គ្រោះ​នោះ​មិន​ពិត​ទេ ព្រោះ​ពួក​យើង​ព្រមព្រៀង​ស្រឡាញ់​គ្នា​ទេ។ដូច្នេះ​សូម​តុលាការ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ផង​ដើម្បី​បាន​ព្យាបាល​ជំងឺ»។

ស្ត្រី​រងគ្រោះ​ឈ្មោះ ស.ច.ន បាន​ឆ្លើយ​ចំពោះមុខ​ចៅក្រម​ដែរ​ថា៖ «កាល​នោះ​ឪពុក​ខ្ញុំ​បង្ខំ​ខ្ញុំ​ឲ្យ​ប្តឹង​គាត់ តែ​ក្រោយ​មក​ខ្ញុំ​បាន​ដក​ពាក្យ​បណ្តឹង​វិញ។ ពេល​នេះ គាត់​សុំ​តុលាការ​នៅ​ក្រៅ​ឃុំ​ខ្ញុំ​ក៏​យល់​ព្រម​ដែរ ខ្ញុំ​មិន​ខ្លាច​គាត់​សម្លុត​គំរាម​ធ្វើបាប​ខ្ញុំ​ទេ។ ព្រោះ​ខ្ញុំ​និង​គាត់​ស្រឡាញ់​គ្នា​ចិត្ត​និង​ចិត្ត ហើយ​កាល​នោះ​ខ្ញុំ​បាន​រួម​ភេទ​ជាមួយ​គាត់​ផង»។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ លោក ជូ​ង ជូ​ងី បាន​សន្និដ្ឋាន​ថា កូន​ក្តី​លោក​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ពេល​នេះ​ដោយសារ​រវាង​គាត់​និង​ស្ត្រី​រង​គ្រោះ​ព្រម​ស្រឡាញ់​គ្នា​គ្មាន​ការ​បង្ខិត​បង្ខំ​រួមភេទ​ទេ។ម្យ៉ាង​ស្ត្រី​រង​គ្រោះ​ក៏​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ​ដែរ ប៉ុន្តែ​កូន​ក្តី​លោក​មាន​ជំងឺ​សរសៃ​ប្រសាទ​កាន់​តែ​ខ្លាំង​ទើប​គាត់​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លោក​ថា៖ «កូនក្តី​ខ្ញុំ​មាន​ទីលំនៅ​ច្បាស់លាស់​និង​មានមុខ​របរ​ពិត​ប្រាកដ។ បើ​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​គឺ​ខ្ញុំ​ធានា​ថា គាត់​នឹង​ចូល​ខ្លួន​តាម​ការ​បង្គាប់​របស់​តុលាការ ដូច្នេះ​សូម​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ផង»។

លោក​ព្រះរាជអាជ្ញា ជុំ សែន​សទ្ធា តំណាង​មហាអយ្យការ​សន្និដ្ឋានថា ករណី​នេះ​ទាំង​ស្ត្រី​រង​គ្រោះ​និង​ជន​ជាប់​ចោទ​ឆ្លើយ​ថា ពួកគេ​ព្រម​ព្រៀង​ស្រឡាញ់​គ្នា ហើយ​ម្យ៉ាង​ជន​រង​គ្រោះ ក៏បាន​យល់​ព្រម​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ដែរ។ ស្ត្រី​រង​គ្រោះ​ថា​បើ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​គឺ​នាង​មិន​ខ្លាច​គាត់​គំរាម​ទេ។ «ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិចារណា​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​គាត់​និង​យោង​លិខិត​បញ្ជាក់​ពី​មន្ទីរពេទ្យ​ពី​ជំងឺ​សរសៃ​ប្រសាទ​គាត់»។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម ចាន់ ម៉ា​ឌី​ណា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា សាល​ដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ២៨ ខែ​មករា ខាង​មុខ​នេះ៕