សៀមរាបៈ សាលាដំបូង​ខេត្ត​សៀមរាប​ពី​ម្សិលមិញ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន បុរស​វ័យ​ចំណាស់​ម្នាក់​ពី​បទរំលោភ​សេពសន្ថវៈ​លើ​កុមារី​ម្នាក់​អាយុ​ ១២ ​ឆ្នាំ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ នៅ​ឃុំ​ចារឈូក ស្រុក​អង្គរជុំ កាលពី​ថ្ងៃទី​ ២០ ខែមីនា​។

លោកស្រី ដួង ថាវរី ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ម៉ៃ មៀន អាយុ​ ៧៤ ​ឆ្នាំ​រស់នៅ​ឃុំ​ចារឈូក ស្រុក​អង្គរជុំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ឌ. ល អាយុ​ ១២ ​ឆ្នាំ​មាន​លំនៅ​ឃុំ-ស្រុក​ជាមួយ​ជនល្មើស​ដែរ​។ ជនសង្ស័យ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក មុយ សុភ័ក្រ សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២២ មីនា​។

លោកស្រី​ថ្លែងថា​៖ «​ជនសង្ស័យ​ត្រូវ​ចោទប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​តាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ក៏​ព្រោះតែ​គាត់​សារភាព​រឿងនេះ​នៅ​តុលាការ​ក៏ដូចជា​នៅ​ចំពោះមុខ​សមត្ថកិច្ច​របស់ខ្ញុំ​ដែរ​»​។

យោងតាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បើ​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​រកឃើញថា ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​រងគ្រោះ​មែន​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ដល់​ ១០ ​ឆ្នាំ​។

លោក សៀវ ឌាន នាយ​នគរបាល​ប៉ុស្តិ៍​ស្តីទី ឃុំ​ចារឈូក ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្មេងស្រី​រងគ្រោះ​ជា​កូន​ទី​ ២ ក្នុងចំណោម​បងប្អូន​ ៣ ​នាក់​មាន​ផ្ទះ​នៅជាប់​នឹង​ផ្ទះ​ជនសង្ស័យ​។ ជា​រៀងរាល់ថ្ងៃ​ក្មេងរងគ្រោះ​តែងតែ​ទៅ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ជនសង្ស័យ​។ ក្នុងពេល​មើល​ទូរទស្សន៍​ម្តងៗ​ជួនកាល​សមាជិក​របស់​ជនសង្ស័យ​ក៏​នៅផ្ទះ​ជុំគ្នា និង​ពេលខ្លះ​ក៏​គ្មាន​មនុស្ស​នៅ​ព្រោះ​មនុស្ស​ក្នុង​គ្រួសារ​ចេញ​ទៅ​ប្រកបរបរ​រកស៊ី​ក្រៅ​ផ្ទះ​។

លោក​បន្តថា ដោយសារ​ពុំមាន​អ្នក​នៅផ្ទះ​ទើប​ធ្វើឱ្យ​ជនសង្ស័យ​មាន​ឱកាស​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ទៅលើ​ក្មេង​រងគ្រោះ​ ដែល​សកម្មភាព​នេះ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ចាប់តាំងពី​ខែមករា​ឆ្នាំ​ ២០២១ ​មក​ ប៉ុន្តែ​ជនសង្ស័យ​គំរាម​ក្មេងរងគ្រោះ​រាល់​ពេល​ប្រព្រឹត្ត​។ បើតាម​ចម្លើយ​ក្មេងរងគ្រោះ ជនសង្ស័យ​តែង​លួងលោម​ឱ្យ​លុយ​នាង ហើយ​ចាប់​នាង​រំលោភ និង​គំរាម​មិន​ឱ្យ​នាង​ប្រាប់​ម្តាយ​ឪពុក​ឡើយ​។ ​ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​រំលោភ​ក្មេងស្រី​រងគ្រោះ​ ៦ ​ដង​៕