ស្វាយរៀងៈ បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ នៅ​រសៀល​ថ្ងៃទី​៣ ខែ​ឧសភា បន្ទាប់​ពី​នគរបាល​បញ្ជូន​ដល់​តុលាការ។

លោកស្រី កែវ សាក់ ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​រសៀល​ថ្ងៃទី​៣ ឧសភា ថា ជនឈ្មោះ សាង វ៉ាង អាយុ​ ៧០ ឆ្នាំ​កំពុង​ត្រូវ​បាន​តំណាង​អយ្យការ​សាកសួរ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

លោក​ស្រី​ថ្លែង​ថា៖«រឿងនេះ​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​តុលាការ​ថា គឺ​អយ្យការ​កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ»។

គួររំឭកថា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ ឃុំ​ទួលកី ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ឃាត់​ខ្លួន កាល​ពីថ្ងៃទី១ ឧសភា នៅ​ថ្ងៃ​ដែល​ជនសង្ស័យ​ចាប់​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រងគ្រោះ​អាយុ ១៤ ឆ្នាំ​នោះ​តែ​ម្តង។

បើតាម​លោក ញ៉ែម សុធាវុធ នាយប៉ុស្តិ៍​នគរបាល​ឃុំ​ទួលកី ប្រាប់ នៅ​ថ្ងៃទី​២ ឧសភា តាម​សម្តី​របស់​អ្នក​ភូមិ​ថា ជន​សង្ស័យ និង ក្មេង​ស្រីរងគ្រោះ​ជា​មនុស្ស​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។

លោក​បន្ត​ថា មុន​ពេល​កើត​ហេតុ ក្មេង​រងគ្រោះ​ត្រូវ​បាន​ជន​សង្ស័យ​ល្បួង​ឱ្យ​លុយ​នៅ​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ចាប់​រំលោភ តែ​ម្តង ខណៈដែល​ឪពុក​ម្តាយ​របស់​ក្មេងស្រី ចេញ​ទៅ​ធ្វើការ​អស់។

ប៉ុន្តែ នៅ​ពេល​នាំ​ខ្លួន មក​ដល់​ប៉ុស្តិ៍​នគរបាល​ឃុំ ជន​សង្ស័យ រូបនេះ បាន​បដិសេធ ថា មិន​បាន​ចាប់​រំលោភ​នាង​នោះ​ទេ៕