ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃម្សិលមិញពីករណីបុរសជនជាតិខ្មែរអាយុ ៥០ ឆ្នាំម្នាក់ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ជាលើកដំបូងនៅកម្ពុជា ដែលការស្លាប់របស់បុរសរូបនេះ គឺបន្ទាប់ពីគាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ១០ ថ្ងៃ ខណៈអ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ៥៦៥ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យដឹងថា៖ «នាថ្ងៃទី ១១ ខែមីនា វេលាម៉ោង ១០:៤០ នាទីព្រឹកមានបុរសជនជាតិខ្មែរម្នាក់ អាយុ ៥០ ឆ្នាំបានទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកដំបូងនៅកម្ពុជា»។ ជនរងគ្រោះរូបនេះមានលំនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុដែលមានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ក្រសួងបញ្ជាក់ថា សពបុរសរូបនេះត្រូវបានរកឃើញមានឆ្លងវីរុសកូវីដ ១៩ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយករណីខាងលើនេះបានទេ ប៉ុន្តែលោកស្រីបានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុកមួយពីថ្ងៃម្សិលមិញថា ពិតជាមានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ មែន។ អ្នកជំងឺរូបនេះបានវិវត្តទៅរកសភាពធ្ងន់ធ្ងរនៅថ្ងៃទី ៥ ខែមីនា ដែលក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ស្ថានភាពរបស់គាត់មិនល្អដោយគាត់មានអាការហត់ខ្លាំងក៏បានបញ្ជូនគាត់ពីមណ្ឌលសុខភាពចាក់អង្រែមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «ក្រុមគ្រូពេទ្យបានធ្វើការថតសួតរបស់គាត់ហើយឃើញថា សួតរបស់គាត់មានបញ្ហាធ្ងន់ធ្ងរទាំងសងខាងហើយនៅពេលដែលមានបញ្ហាសួតទាំងសងខាងធ្វើឱ្យគាត់មានកង្វះនូវអុកស៊ីហ្ស៊ែនហើយក្រុមគ្រូពេទ្យក៏បានព្យាយាមព្យាបាល និងជួយគាត់អស់លទ្ធភាពតាមដែលអាចធ្វើទៅបានប៉ុន្តែមិនអាចជួយសង្គ្រោះបាន»។
លោកស្រីបានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់ជនរងគ្រោះរូបនេះ។ «បច្ចុប្បន្ននេះអ្នកជំងឺមួយចំនួនទៀតស្ថិតក្នុងស្ថានភាពមិនសូវជាល្អប៉ុន្មានដែរទេហើយក្រុមគ្រូពេទ្យរបស់យើងក៏កំពុងតែខ្នះខ្នែងនៅក្នុងការជួយសង្គ្រោះពួកគាត់ផងដែរ ប៉ុន្តែស្ថានភាពបែបណានោះ យើងនឹងបន្តធ្វើការតាមដានទៀត»។
អ្នកនាំពាក្យរូបនេះបានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវមើលស្រាលលើការវាយលុករបស់កូវីដ ១៩ នោះទេ ពិសេសកូវីដបំប្លែងខ្លួនថ្មី ហើយស្ថានភាពបច្ចុប្បន្ននេះ គឺជាស្ថានភាពដែលគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយកុំភ្លេចឱ្យសោះនូវវិធានសុខាភិបាល «៣ ការពារ និង ៣ កុំ»។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី ១០ ខែមីនា បានផ្ញើសារជាសំឡេងដោយបញ្ជាឱ្យថ្នាក់ដឹកនាំនៃរាជធានី-ខេត្ត ទាំងអស់ត្រូវត្រៀមរៀបចំជាមុននូវទីកន្លែងសម្រាប់បូជាសព និងបញ្ចុះសពតាមប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាក់ថា ការដែលលោកត្រៀមរៀបចំនូវកន្លែងបូជាសព ឬកប់សព និងការត្រៀមក្តារមឈូសសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ គឺមិនមែនជាការប្រមាថជីវិតរបស់ពលរដ្ឋទេ ប៉ុន្តែជាការគោរពទៅដល់ប្រជាជននៅពេលដែលមានឧបសគ្គកើតមានឡើង។
លោក ហ៊ុន សែន បានស្នើឱ្យរាជធានី-ខេត្តទាំងអស់រៀបចំនូវកន្លែងបញ្ចុះសព និងប៉ាឆាបូជាសពដែលលោកបានយល់ព្រមឱ្យមានការប្រារព្ធពិធីតាមទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅពេលមានសមាជិកគ្រួសារស្លាប់។
លោកថ្លែងថា៖ «ការរៀបចំនេះ គឺការត្រៀមទុកជាមុនដែលខុសពីអ្វីដែលមនុស្ស ១ ក្រុមបែរជានិយាយថា ការដែលខ្ញុំត្រៀមរៀបចំដូចនេះជាការប្រមាថអាយុជីវិតរបស់ប្រជាពលរដ្ឋទៅវិញ។ តែខ្ញុំសុំជម្រាបថា ខ្ញុំមិនបានប្រមាថជីវិតរបស់ប្រជាពលរដ្ឋណាទេ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ប៉ុន្តែផ្ទុយទៅវិញ នេះជាការគោរពទៅដល់ប្រជាជននៅពេលដែលមានឧបសគ្គកើតឡើងទាក់ទិនជាមួយនឹងមរណភាពរបស់អ្នកជំងឺកូវីដ១៩ដែលយើងមិនត្រូវបាត់ម្ចាស់ការហើយនាំទៅដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ និងអ្នកដទៃនោះទេ»។
លោក ហ៊ុន សែន បានពន្យល់ទៀតថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ភាគច្រើននៅពេលដែលមានឪពុកម្តាយចាស់តែងតែធ្វើក្តារមឈូសទុកជូនពួកគាត់ និងតែងតែធ្វើចេតិយទុកមុនពេលដែលពួកគាត់ស្លាប់ទៀត។ តើនោះជាការប្រមាថចំពោះជីវិតរបស់ឪពុកម្តាយដែរឬទេ?»។
ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំសណ្ឋាគារ ២ បន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ និងស្នើឱ្យក្រុមគ្រូពេទ្យទាហានចេញអន្តរាគមន៍ជួយគ្រូពេទ្យស៊ីវិល ខណៈអ្នកជំងឺកូវីដ១៩មានការកើនឡើង ព្រមទាំងអ្នកជំងឺផ្សេងៗផងដែរ។
ដោយមានការបារម្ភពីការកើនឡើងនូវអ្នកឆ្លងជំងឺកូវីដ ១៩ និងជំងឺផ្សេងៗទៀត លោកក៏បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោករៀបទីតាំងសម្រាប់ព្យាបាល ២ បន្ថែមទៀតដោយយកសណ្ឋាគារ ធ្វើជាទីកន្លែងរៀបចំដែលអាចមានប្រមាណ ២០០ បន្ទប់ ឬអាចលើសនេះ។ «ខ្ញុំបានពិភាក្សាជាមួយនឹងសម្តេចពិជ័យសេនាទៀ បាញ់ បញ្ចេញពេទ្យកងទ័ពដើម្បីជួយដល់គ្រូពេទ្យស៊ីវិល។ ខាងកងទ័ពក៏បានរៀបចំ ៣០ ក្រុមនៃក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យដើម្បីជួយដល់ផ្នែកស៊ីវិល»។
លោក ហ៊ុន សែន បានបន្តថា នៅពេលដែលមន្ទីរពេទ្យ ២ នេះបានបង្កើតឡើង គឺត្រូវប្រគល់ឱ្យពេទ្យកងទ័ពជាអ្នករៀបចំ និងគ្រប់គ្រងតែម្តង និងត្រូវបានផ្គត់ផ្គង់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកម្លាំងសល់ក៏នឹងត្រូវត្រៀមទៅតាមគោលដៅដែលមានហានិភ័យខ្ពស់។
លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញថ្លែងពីម្សិលមិញថា លោកកំពុងមានជម្រើស ៣ ទៅ ៤ សណ្ឋាគារសម្រាប់រៀបចំជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ «ខ្ញុំមិនចាំឈ្មោះសណ្ឋាគារដែលយើងនឹងធ្វើការសម្រេចយកនោះទេ ដោយក្នុងនោះមាននៅប្លុកត្រឡោកបែកក្នុងខណ្ឌទួលគោកដែលមាន ៤៥ បន្ទប់ ១ ទៀតនៅប្លុកបាមាន់ចែមាន ១៣៥ បន្ទប់ និងទី ៣ សណ្ឋាគារតូក្យូអ៊ីងដែលមានចំនួន ៣០០ បន្ទប់»។
ប៉ុន្តែលោក ឃួង ស្រេង បញ្ជាក់ថាគោលដៅសំខាន់របស់ក្រុមការងារគឺនៅទីតាំងពេទ្យក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោដែលជាទីតាំងពេទ្យជំនាញ សម្រាប់ព្យាបាលអ្នកជំងឺដែលមានបន្ទប់ និងឧបករណ៍អុកស៊ីហ្ស៊ែនទៅតាមបច្ចេកវិទ្យារបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលពីម្សិលមិញបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩ នាក់បន្ថែមទៀត ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងដល់ ១ ១៦៣ នាក់។ ប៉ុន្តែក៏មានអ្នកត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៨ នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាលអ្នកឆ្លងទាំងនេះមាននៅភ្នំពេញ (២២ នាក់) ព្រៃវែង (៦ នាក់) ខេត្តកណ្ដាល (៩ នាក់) បាត់ដំបង (១ នាក់) និងខេត្តព្រះសីហនុចំនួន (១ នាក់)។ ក្នុងនោះមានជនជាតិចិន ៧ នាក់ ជនជាតិវៀតណាម ១ នាក់ និងជនជាតិកូរ៉េ ១ នាក់ រីឯក្រៅពីនោះសុទ្ធតែជាជនជាតិខ្មែរ។
ទន្ទឹមនឹងនេះក្រសួងរកឃើញអ្នកជាសះស្បើយ ៤៨ នាក់ ដោយអ្នកទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ គិតត្រឹមថ្ងៃទី ១១ ខែមីនា កម្ពុជារកឃើញអ្នកឆ្លងកូវីដសរុប ១ ១៦៣ នាក់ក្នុងនោះព្យាបាលជាសះស្បើយមាន ៥៩៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៦៥ នាក់៕