ភ្នំពេញៈ មន្ត្រីថា បុរសជនជាតិចិនដែលមានជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាដែលជាករណីរកឃើញដំបូងនៅកម្ពុជានឹងត្រូវចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ក្រោយពីត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុអស់រយៈពេល ១៤ ថ្ងៃ ដើម្បីព្យាបាល និងតាមដានពីសុខភាព។ សមាជិកគ្រួសារ ៣ នាក់របស់បុរសជនជាតិចិនរូបនេះក៏ត្រូវរួចផុតពីការតាមដានសុខភាពនៅថ្ងៃជាមួយគ្នានេះដែរ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃម្សិលមិញថាកម្ពុជាមិនទាន់បានរកឃើញមានករណីវីរុសកូរ៉ូណាបន្ថែមនៅឡើយទេ ក្រៅតែពីការរកឃើញជនជាតិចិនម្នាក់ ដែលឆ្លងវីរុសនេះ ១ ករណី កាលពីថ្ងៃទី ២៧ ខែមករា ដែលធ្វើដំណើរជាមួយគ្រួសារចំនួន ៣ នាក់ ចេញពីទីក្រុងវូហានតំបន់កំពុងឆ្លងរាលដាលខ្លាំងបំផុត នៅក្នុងប្រទេសចិនចូលមកកាន់ខេត្តព្រះសីហនុ។
លោកសរសេរថា៖ «អ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី គាត់បានជាសះស្បើយ និងអនុញ្ញាតឱ្យគាត់ចាកចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទទី ១០ កុម្ភ:។ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺរហូតដល់ពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ»។
លោកបន្តថា៖ «ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃើញករណីបន្ថែមទៀតនឹងអាចកើតមានព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយ នៅទីក្រុងវូហានប្រទេសចិន។ ក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាង ២ ០០០ នាក់ កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស»។
លោកបន្ថែមថា ក្រុមគ្រូពេទ្យតាមព្រំដែនកំពុងបន្តឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោក ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ ដូចជានៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុតាមរយ:ម៉ាស៊ីនស្ទង់កម្តៅ និងពិនិត្យសុខភាព។
បើតាមលោក លី សូវ៉ាន់ ក្រៅនេះវិទ្យាស្ថានប៉ាស្ទ័របានដំណើរការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើតេស្ដវត្ថុវិភាគដែលបានផ្ញើមកពីទូទាំងប្រទេស ហើយក្រសួងសុខាភិបាលក៏បានត្រៀមមន្ទីរពិសោធន៍ ២ ទៀតនៅក្នុងក្រសួងសុខាភិបាល ដើម្បីជំនួយដល់ការធ្វើតេស្ដរកមេរោគវីរុសកូរ៉ូណានេះ។
លោក លី សូវ៉ាន់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ៕
វីដេអូ៖