ភ្នំពេញៈ បុរសជនជាតិចិនអាយុ ៤៣ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបើករថយន្តបុកមនុស្សម្នាក់ស្លាប់ និង ៣ នាក់របួស នៅលើផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា។
លោក ឆេង សារីម ប្រធានផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ឧសភាថា៖ «យើងឃាត់ខ្លួនគេតែ ៤៨ ម៉ោងទេ យើងកំពុងរៀបចំសំណុំរឿងនេះបញ្ជូនទៅតុលាការឱ្យហើយនៅថ្ងៃទី ១៧ ឧសភា»។
លោក សារីម បានឱ្យដឹងថា បើទោះបីជាមិនទាន់ឃើញមានពាក្យបណ្ដឹង ពីក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះក៏ដោយ ក៏សមត្ថកិច្ចកសាងសំណុំរឿងជាស្វ័យប្រវត្តិបញ្ជូនទៅតុលាការដែរ។
លោកបញ្ជាក់ថា ជនជាតិចិនបង្កគ្រោះថ្នាក់ឈ្មោះ ហ័ង តាវហ្វា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរដែលមានយីហោឈ្មោះ ជី ហ៊ួយ។
លោក វ៉ន សារឿន នាយនគរបាលប៉ុស្តិ៍សង្កាត់ពងទឹក ក្នុងខណ្ឌដង្កោ បានថ្លែងនៅថ្ងៃទី ១៧ ឧសភា ដោយយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោងប្រមាណជា ៤ រសៀល ថ្ងៃទី ១៦ឧសភា ស្ថិតនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ស៊ិកូ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដោយរថយន្តជនបង្កបានរេចង្កូតចូលទៅចំណែកផ្លូវម៉ូតូដែលជិះខាងស្តាំដៃ ហើយបានបុកម៉ូតូចំនួន៣គ្រឿងពេញទំហឹង។
លោកប្រាប់ថា៖ «ជនបង្កបានបើកឡានចូលទៅក្នុងចំណែកផ្លូវរបស់ម៉ូតូ ដែលគេកំពុងបើកស្របផ្លូវខាងស្តាំដៃរបស់គេត្រឹមត្រូវ។ ក្រោយបង្កហេតុខ្ញុំបានបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់នោះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់»។
មន្ត្រីរូបនេះបានឱ្យដឹងថា ជនរងគ្រោះជាបុរសអាយុ ២៨ ឆ្នាំម្នាក់ និងស្ត្រីអាយុ ២៧ ឆ្នាំ ពួកគេជាកម្មករកាត់ដេរ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត និងស្ត្រីកម្មការិនីម្នាក់ទៀតអាយុ ៤១ ឆ្នាំ រស់នៅ ក្នុងភូមិតានួន សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឆេង សារីម បានថ្លែងដោយយោងតាមសម្តីជនសង្ស័យ ដែលបានសារភាពថា មុនកើតហេតុគេបានបើករថយន្តពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៣។ ការបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រោះគេបានបើកបរគេចពីអ្នកបើកបរផ្សេងទៀត ដែលបើកជែងបញ្ច្រាស់ទិសគ្នា៕