ព្រះសីហនុៈ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធចាប់ និង​បាន​ប្រើ​ហិង្សា​បង្ក​ឲ្យ​រងរបួស​មធ្យម ហើយ​សមត្ថកិច្ច​កំពុង​ត្រៀម​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​បើកបរ​រថយន្ដ​ដោយ​មិន​មាន​ប័ណ្ណបើកបរ ហើយ​បង្ក​គ្រោះថ្នាក់​បើក​បុក​រថយន្ដ និង​ម៉ូតូ​ចំនួន​ ៤ ​ករណី​ជា​បន្ដបន្ទាប់​រួច​បន្ដ​បើក​រត់​កាលពី​ថ្ងៃ​ចុងសប្តាហ៍​កន្លង​ទៅ​នេះ​។

លោក ព្រុំ ពៅ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១៧ ខែ​វិច្ឆិកា​នេះ​ ដោយ​ជន​បង្ក​ឈ្មោះ ZHEAR MING LUY ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ស៊ិនយ៉ុងលី​ស្នាក់នៅ​ក្នុងភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​បាន​បើក​ឡាន​ ១ ​គ្រឿង ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ 2B-8018 ទៅ​បុក​ប៉ះ​នឹង​រថយន្ត​ ១ ​គ្រឿង​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-8189 បើកបរ​ដោយ​ឈ្មោះ ហេង ឡេង ភេទ​ស្រី អាយុ​ ៣៦ ​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ មាន​ទិសដៅ​ផ្ទុយគ្នា​រួច​ជនបង្ក​បន្ដ​បើក​រត់​គេច​ខ្លួន​។

លោក​បន្ដ​ថា​រថយន្ត​បង្ក​បាន​បើក​រត់​ទៅ​បុក​លើក​ទី​ ២ នឹង​ម៉ូតូ​ចំនួន​ ២ ​គ្រឿង​ម៉ាក HONDA C125 និង ម៉ាក SMASH ឈប់​ចត​មុខផ្ទះ ម្ចាស់​ឈ្មោះ​ឡឹង ស្កូដាលីន ភេទ​ស្រី អាយុ​ ៣៣​ ​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ ហើយ​ក៏​បន្ត​បើក​រត់​ទៅបុក​លើក​ទី​ ៣ នឹង​ម៉ូតូ​ ១ ​គ្រឿង​ទៀត​ម៉ាក HONDA C100 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1B-1339 បើកបរ​ដោយ​ឈ្មោះ សៅ សុផារ៉ូ ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ ២ សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ​មាន​ទិសដៅ​ស្រប​គ្នា​។

បន្ទាប់មក​រថយន្ត​បង្ក​បាន​បើក​រត់​រហូត​ទៅ​បុក​លើក​ទី​ ៤ នឹង​រថយន្ត​ ១ ​គ្រឿង​ទៀត​ម៉ាក SIENNA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-7572 ឈប់​ចត​លើផ្លូវ អ្នក​បើកបរ​ឈ្មោះ​ រស់ ឧត្តម ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ​ស្នាក់​នៅ​ភូមិ​៣ សង្កាត់​លេខ​ ២ ក្រុង​ព្រះសីហនុ​មាន​ទិសដៅ​ស្រប​គ្នា​រួច​ហើយ​រថយន្ត​បង្ក​ក៏​បាន​ថយ​បុក​កិន​ម៉ូតូ​ ១ ​គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1H-6751 អ្នក​បើកបរ​ឈ្មោះ​ ម៉េត សុខន ភេទ​ប្រុស អាយុ ២៨ ​ឆ្នាំ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ម៉េត មើត ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​អ្នក​ទាំង​ ២ ​ស្នាក់​នៅ​ភូមិ​ ២ សង្កាត់​លេខ​ ២ ក្រុង​ព្រះសីហនុ មាន​ទិសដៅ​ស្រប​គ្នា​។

លោក ពៅ ​បញ្ជាក់​ថា​៖ «​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ZHEAR MING LUY ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់​អូស​ចេញ​ក្រៅ​រថយន្ត រួច​ហើយ​វាយដំ​បណ្តាល​ឲ្យ​រងរបួស​មធ្យម​។ ពេល​សមត្ថកិច្ច​ទៅ​ដល់​ទើប​ឃាត់​ប្រជាពលរដ្ឋ និង​បញ្ចូន​ជន​បង្ក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​រហូត​មក​ដល់​ពេល​នេះ​ (​ម្សិលមិញ​) យើង​បាន​នាំ​ជន​បង្ក​មក​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាកា​តាម​នីតិវិធី​»​។

លោក​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ៣ ​នាក់ ១-​ឈ្មោះ ម៉េត សុខន អ្នក​បើកបរ​ម៉ូតូ HONDA C125 រងរបួស​ស្រាល ២-​ឈ្មោះ ម៉េត មើត អ្នក​រួមដំណើរ​លើ​ម៉ូតូ HONDA C125 រងរបួស​ស្រាល​។ ៣-​ឈ្មោះ ZHEAR MING LUY ជនបង្ក​ហេតុ រងរបួស​មធ្យម​បញ្ចូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សោកស្ដាយ​ដែរ​ព្រោះ​ប្រជាពលរដ្ឋ​យើង​ខ្លះ​គាត់​នៅ​មិន​ទាន់​យល់​ពី​នីតិវិធី​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ពួកគាត់​បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​ជនបង្ក​។ ករណី​គ្រោះថ្នាក់​ចរចរណ៍​បែប​នេះ បើ​ពួកគាត់​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ដល់​ថ្នាក់​បាត់បង់​ជីវិត ពួកគាត់​នឹង​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់ បើ​មាន​ករណី​កើតហេតុ ឬ​ចាប់​បាន​ជន​បង្ក​ត្រូវ​ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​ដោះស្រាយ​»​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ដ​ព្រះសីហនុ​ពិតជា​មាន​ការកើតឡើង​ច្រើន​ឡើង​នាពេល​បច្ចុប្បន្ន ហើយ​ភាគច្រើន​បង្ក​ឡើង​ដោយ​ជនបរទេស​ដែល​បើកបរ​ដោយ​ខ្លួនឯង និង​គ្មាន​ប័ណ្ណបើកបរ​។

លោកស្រី​បន្ដ​ថា​៖ «​កាលពី​មិន​ទាន់​មាន​ជនជាតិ​ចិន ជនបរទេស​ផ្សេងៗ គេ​បើកបរ​ដោយ​ខ្លួនឯង​ដែរ តែ​បើក​តែ​ម៉ូតូ​ទេ និង​មិន​សូវ​មាន​បង្ក​គ្រោះថ្នាក់​ដូច​ពេល​នេះ​ទេ​។ បច្ចុប្បន្ន​នេះ​ជនបង្ក​ភាគច្រើន​គឺជា​ជនជាតិ​ចិន ដែល​ជួល និង​ទិញ​រថយន្ដ​យក​មក​បើកបរ​ដោយ​ខ្លួនឯង ហើយ​មិន​គោរព​ច្បាប់​នោះ​ទេ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​សូម​ស្នើសុំ​ដល់​ប៉ូលិស​ដោយ​ឲ្យ​ពង្រឹង​ទៅ​លើ​ច្បាប់​ចរាចរណ៍ ដោយ​ត្រួតពិនិត្យ ឆែកឆេរ នូវ​រាល់​ការបើកបរ​ដែល​សង្ស័យ​ថា មាន​ការ​បើកបរ​ដោយ​ជនបរទេស ចំពោះ​ប័ណ្ណបើកបរ​។ មួយ​ទៀត​សូម​សមត្ថកិច្ច​ទៅ​ឲ្យ​បាន​ទាន់ពេល ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដើម្បី​ទប់ស្កាត់​បទល្មើស និង​នាំ​ខ្លួន​ជនបង្ក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ ព្រោះ​កន្លងមក​ភាគច្រើន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​តែ​មាន​ការ​សម្របសម្រួល​ហើយ​រួច​ខ្លួន​»​។

តាំងពី​មាន​ជនជាតិ​ចិន​ សម្រុក​ចូល​មក​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន​ក៏​មាន​បញ្ហា​ផ្សេងទៀត​ដូចជា​ជម្លោះ​វាយតប់​ជាដើម​ដែល​មួយរយៈ​នេះ​មិន​សូវ​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន​៕