សៀមរាបៈ តុលាការ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​បាន​ចោទប្រកាន់​ជនជាតិ​ចិន​ ២ ​នាក់ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ក្រោយពី​សមត្ថកិច្ច​ចាប់បាន​ពាក់ព័ន្ធ​ការ​លួច​ម៉ូតូ​ ១ ​គ្រឿង ​ដែល​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ ​អាច​នឹង​ជាប់​ពន្ធនាគារ​ពី​ ៣ ​ទៅ​ ១០ ​ឆ្នាំ​ បើ​រកឃើញ​ថា មានទោស​។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ទាំង​​ ២ ​នាក់​នោះ​ ឈ្មោះ WEI JUN HI អាយុ ៣២ ​ឆ្នាំ និង​ឈ្មោះ LIANG HENG អាយុ ៣២ ​ឆ្នាំ ​ត្រូវ​ជាប់ចោទ​តាម​មាត្រា​ ៣៥៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក ស្រាង ​បាន​ថ្លែង​ប្រាប់ថា​៖ «​សំណុំរឿង​ជនជាតិ​ចិន​ ២ ​នាក់ ​ខាង​លើ​ខ្ញុំ​បានឃើញ​ហើយ ហើយ​ត្រូវ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។

លោក​ ភឹង ចន្ថារ៉េត ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត សៀមរាប​រំឭក​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​នៅ​ថ្ងៃទី​​ ១៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ មាន​ជនជាតិ​ថៃ​ប្រុស​ស្រី​ ២ ​នាក់​បាន​ទៅ​ជួល​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ហុងដា​ឃ្លីក​ផលិត​ឆ្នាំ​ ២០១២ ​ពណ៌​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង​ ១L-៩៣៤៣ ពី​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នៅ​ខេត្ត​សៀមរាប​ដែល​មាន​យីហោ​ឈ្មោះ​ «​វិមាន​ណេទួរ​» ​ដែល​ការជួល​រយៈពេល​ ៣ ​ថ្ងៃ​។

លុះ​រហូត​មក​ដល់​ថ្ងៃទី​ ១៨ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅវេលា​ម៉ោង​ ១០ ​ជាង​ព្រឹក​ជនជាតិ​ថៃ​ដែល​បាន​ជួល​ម៉ូតូ​ខាងលើ​បាន​ទាក់ទង​ប្រាប់​ទៅ​ក្រុមហ៊ុន​ថា ម៉ូតូ​ដែល​ពួកគេ​បាន​ជួល​ពី​ក្រុមហ៊ុន​ទៅ​ជិះ​នោះ​បាន​បាត់​ហើយ​។ នៅពេល​នោះ​ខាង​ក្រុមហ៊ុន​ឆែក​មើល​តាម​ប្រព័ន្ធ GPS ​ដែល​ភ្ជាប់​នឹង​ម៉ូតូ​នោះ​ក៏ឃើញ GPS លោត​បង្ហាញ​សញ្ញា​ទីតាំង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៦ ​ជា​មុខសញ្ញា​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ទើប​កម្លាំង​នគរបាល​ចាប់​បាន​តែ​ម្ដង​៕