ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​នីហ្សេរីយ៉ា​ដែល​ពាក់ព័ន្ធ​អំពើ​ប្លន់​លុយ​ចំនួន​ ៣៥០០ ​ដុល្លារ​អាមេរិក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៧ ​មេសា ​ក្នុង​បុរី​ពិភពថ្មី​ចំការដូង​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​។

អធិការនគរបាល​ខណ្ឌដង្កោ​លោក​ ជឹម ស៊ីថា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​នីហ្សេរីយ៉ា​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​ ២៩ ​មេសា បន្ទាប់ពី​បញ្ចប់​ការសាកសួរ​ករណីនេះ​។

លោក​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ប្ដឹង​ឲ្យ​ឃាត់ខ្លួន​បុរស​រូបនេះ​ដោយ​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ប្លន់​យកលុយ​របស់​គាត់​អស់​ ៣ ៥០០ ​ដុល្លារ​ ព្រមទាំង​បាន​បង្ក​របួស​ស្នាម​ដល់​ពួកគាត់​ទាំង​ ២ ​នាក់​ទៀតផង​។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ និង រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​បន្ត​នីតិវិធី​ច្បាប់​។

លោក​ ជឹម ស៊ីថា បញ្ជាក់​ថា​៖ «​យើង​កំពុង​សាកសួរ​សិន​ [​ព្រឹក​ម្សិលមិញ​] បន្ទាប់មក​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ [​នៅ​ល្ងាចម្សិលមិញ​]។ មុន​បញ្ជូន​ទៅ​តុលាការ យើង​ចង់​រក​ឲ្យ​ដឹង​ការពិត​សិន ហើយ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​បន្ត​នីតិវិធី​ច្បាប់​។ ចំពោះ​ឈ្មោះ​ជនសង្ស័យ និង​ឈ្មោះ​ជនរងគ្រោះ​គឺ​មិន​បាន​ចាំ​ទេ ព្រោះ​សរសេរ​នៅក្នុង​របាយការណ៍​»​។

លោក​ គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ ស៊ុំ សារី នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃស​ថ្លែង​កាលពី​ថ្ងៃទី​ ២៨ ​មេសា​ ថា សមត្ថកិច្ច​លោក​នៅ​ថ្ងៃទី​ ២៧ ​មេសា​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ស្ដ្រី​ជនជាតិ​ខ្មែរ​ម្នាក់ និង​មាន​ប្តី​ជា​ជនជាតិ​នីហ្សេរីយ៉ា​ដោយ​បាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ទៀត​ [​ភ្លេចឈ្មោះ​] ​ដែល​ត្រូវជា​មិត្តភក្ដិ​របស់​ប្ដី​នាង​។

លោក​ថា តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ខ្មែរ​ពោះធំ​ម្នាក់ និង​ប្តី​ជា​ជនជាតិ​នីហ្សេរីយ៉ា​បាន​ចោទ​បុរស​ខាងលើ​ថា បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួន ហើយ​ថែម​ទាំង​វាយ និង​យក​កាំបិត​ចាក់​មកលើ​ពួកខ្លួន​បណ្តាល​ឲ្យ​រងរបួស​រួច​បាន​យក​លុយ​ចំនួន​ ៣៥០០ ​ដុល្លារ​គេច​បាត់​កាលពី​វេលា​ម៉ោង​ ២៣:៣០ ​នាទី​យប់​ថ្ងៃទី​ ២៧ ខែមេសា​។

លោក​បន្ថែមថា ក្រោយ​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​ស្នើសុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ឡោមព័ទ្ធ​ផ្ទះ​ ១ ​ខ្នង​ក្នុង​បុរី​ពិភពថ្មី​ចំការដូង និង​បាន​ឃាត់ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​នោះ​តែម្តង​។

លោក​ សារី បញ្ជាក់ថា​៖ «​នៅពេល​ឃាត់ខ្លួន​បាន​ភ្លាមៗ​នេះ ខ្ញុំ​បាន​សាកសួរ​តិចតួច​ដែរ ដោយ​ជនសង្ស័យ​បាន​និយាយ​ថា គាត់​ត្រូវបាន​គេ​មួលបង្កាច់ គេ​ចង់​ធ្វើ​បាប​គាត់ ហើយ​ខ្ញុំ​ក៏​មិន​បាន​សាកសួរ​ដេញដោល​អ្វី​ច្រើន​ដែរ​។ ប៉ុន្ដែ​បាន​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។ រឿង​ទុក​ឲ្យ​តុលាការ​ចាត់ចែង​ទៅ ខ្ញុំ​អត់​ដឹង​ទេ​»៕