ជន​សង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម ​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើការ​សាកសួរពី​ម្សិលមិញ ​បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ថ្ងៃទី ២៧​ ខែកញ្ញា ​ជាប់​ពាក់ព័ន្ធ​នឹងការ​លួច​លាក់ទុក​ក្រឡ​ចំនួន​ ២៨១ ក្រឡ​ នៅ​ភូមិ ​៣ ​សង្កាត់​លេខ ៣ ​ក្រុង/ខេត្ត​ព្រះសីហនុ​ ដោយ​មន្ត្រី​សន្និដ្ឋានថា ​ជា​ក្រឡ​ចាស់ៗ​ដែល​សេសសល់​ពី​បុរាណ។

លោក ​ប៊ុត បុប្ផា ​ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​សមត្ថកិច្ច​កំពុង​សាកសួរ​ជន​សង្ស័យ​ឈ្មោះ ​ឡេ វ៉ាង​ហួន​ ភេទ​ប្រុស ​អាយុ ៤២ ឆ្នាំ ​ជនជាតិ​វៀតណាម ​បន្ទាប់ពី​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២៧ ​ខែកញ្ញា។ ជន​សង្ស័យ​ពាក់ព័ន្ធ​នឹងការ​លួច​លាក់ទុក​ក្រឡ​ចំនួន​ ២៨១ ក្រឡ ​ដែល​គេ​បាន​រកឃើញ​នៅក្នុង​បាត​សមុទ្រ​ក្នុង​តំបន់​កោះ​ឫស្សី ​ស្ថិត​ក្នុង​ក្រុម ៣១ ​ភូមិ ៣ ​សង្កាត់​លេខ ៣ ​ក្រុង​/ខេត្ត​ព្រះសីហនុ។

លោក​បញ្ជាក់ថា​៖ «ក្រឡ​ទាំង​ ២៨១ ក្រឡ​នេះ​ គឺ​គាត់​បាន​ទៅយក​ពី​បាត​សមុទ្រ​មក​ តែ​ខ្ញុំ​មិនទាន់​ដឹងថា ​គាត់​បានទទួល​ព័ត៌​មាន​ពី​ណា​មក ​បានជា​គាត់​ដឹង​កន្លែង​ហ្នឹង​មាន​ក្រឡ​យ៉ាងច្រើន​បែប​នេះ។ ចំពោះ​ការងារ​បន្ទាប់ គឺ​អ្នកជំនាញ​យើង​កំពុង​ ពិនិត្យ​មើល​សាវតា​ក្រឡ​ឲ្យ​ច្បាស់លាស់​សិន ​ទើប​យើង​នឹង​ស្នើសុំ​គោលការណ៍​សម្រេច​ថា ​នឹង​យកមក​រក្សាទុក​នៅ​សារមន្ទីរ​ខេត្ត​ព្រះសីហនុ ​ឬ​បញ្ជូន​ទៅ​ទុក​សារមន្ទីរ​នៅ​ភ្នំពេញ»។

បើ​តាម​លោក​ ប៊ុត បុប្ផា ​គឺជនសង្ស័យ​បាន​ទៅ​ប្រមូលយក​ក្រឡ​ទាំង​អស់​ពី​បាតសមុទ្រ​តែមួយ​កន្លែង​ប៉ុណ្ណោះ ​ដោយ​នៅ​ក្នុង​ក្រឡ​មិនមាន​ផ្ទុក​វត្ថុ​អ្វី​ទេ ​ហើយ​ជនសង្ស័យ​ក៏​មិនបាន​ប្រមូល​ទិញ​ពី​តំបន់​ផ្សេង​ទៀត​ដែរ។ ក្រោយ​ពេល​បង្ក្រាប ​មន្ត្រី​ជំនាញ​បានរាប់​ចំនួន ​និង​កំណត់​ទំហំ​ក្រឡ​ជា៣ប្រភេទ ​គឺ​ទំហំ​តូច ​ទំហំ​មធ្យម ​និង​ទំហំ​ធំ។

លោក​ប្រធាន​មន្ទីរវប្ប​ធម៌ ​និង​មន្ត្រី​ជំនាញ ​បានសនិ្នដ្ឋាន​ជំហាន​ដំបូង​ថា ​ទម្រង់ ​និង​រូបរាង​ក្រឡ​នេះ ​មាន​លក្ខណៈ​ស្រដៀង​នឹង​ក្រឡ​ដែល​សមត្ថកិច្ច ​បាន​បង្ក្រាប​ករណី​ជួញដូរ​នៅ​ខេត្តកោះកុង​កាលពី​ពេលថ្មីៗ​នេះ​ដែរ។ ពោល​គឺ​អ្នកជំនាញ ​បានចាត់​ទុក​ក្រឡ​ទាំងនេះ ​ជាវត្ថុ​បុរាណ​ដែលមាន​អាយុកាល​ចន្លោះ​ពី​សតវត្សរ៍ទី ១៥ ​ដល់​ទី ១៧ ​នៃ​គ.ស។

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​លោក​ ហេង ប៊ុន​ទី ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃ​ទី ២៧ ​ខែកញ្ញា​ នេះ​ ដែលមាន​ការសម្របសម្រួល​នីតិវិធី​ ដោយ​លោក​ហួត វិចិត្រ​ ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ ​និង​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត ​បាន​ចុះ​ឃាត់​ជនសង្ស័យ​ម្នាក់​ដែល​លាក់ទុក​ក្រ​ឡ​ចាស់ៗ​ដែល​រកឃើញ​យកមក​ពី​បាត​សមុទ្រ​នៅ​ចំណុច​កោះ​ឫស្សី ​ស្ថិត​ក្នុង​ក្រុម​ ៣១ ​ភូមិ ៣ ​សង្កាត់​លេខ ៣ ​ក្រុង​/ខេត្ត​ព្រះ​សីហនុ។

របាយ​ការណ៍​បន្ត​បន្តថា ​ជនសង្ស័យ​ជនជាតិ​វៀតណាម​នេះ ​ជា​អ្នកនេសាទ​នៅ​តំបន់​នោះ។ សមត្ថកិច្ច​បាន​ដកហូត​ក្រឡ​ទាំង​តូច ​និង​ធំ​សរុប​ចំនួន​ ២៨១ ក្រឡ។ បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង ​ត្រូវ​បានរក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត៕

វីដេអូ៖