ភ្នំពេញៈ សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ បញ្ជូន​ជន​បរទេស​ម្នាក់​ទៅ​តុលាការ​ ក្រោយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យា​ចារ​និង​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​​ចំនួន ​៥ នាក់ ​ខណៈ​មន្ត្រី​ជំនាញ ​កំពុង​ស្រាវជ្រាវ​រកអ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដែល​តាម​ការ​សន្និដ្ឋាន​អាច​​មាន​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​ច្រើន​ជាង​នេះ។

កាលពី​ថ្ងៃ​ទី ២ ​ខែ មីនា ​​ជនបរទេស​​ម្នាក់ ​​ឈ្មោះ ​POPE DANNY LEE ហៅ​រ៉ានី ​អាយុ ​៦០ ឆ្នាំ ​ជនជាតិ​អាមេរិក​ កាន់​លិ​ខិត​ឆ្លងដែន​លេខ​ 546245420 ត្រូវ​បាន​ឃាត់​ខ្លួន​ នៅ​​ចំណុច​ផ្ទះ​ម៉ាស្សា ​យីហោ​ ស្រី​នាង​ ៨៧១ ​សង្កាត់​កាកាប ២ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ។

លោក កែវ ធា ​ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិជន ​រាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ជន​បរ​ទេស​រូបនេះ ​បានប្រព្រឹត្ត​បទល្មើស​នេះជាយូរ​មកហើយ​ ប៉ុន្តែ​មិនទាន់​មាន​ភ័ស្តុតាង ​ទើបតែ​ពេលនេះឈានដល់​ការឃា​ត់​ខ្លួន ​ព្រោះតែ​មន្ត្រី​ជំនាញ ​បានប្រមូល​ភ័ស្តុតាង​គ្រប់​គ្រាន់ ​ហើយ​បានឃាត់​ខ្លួន​នៅ​នឹង​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​តែ​ម្តង។

លោក​បានបញ្ជាក់ថា​៖ «ជន​បរ​ទេសរូបនេះ​បានចេញ​ចូល​មក​ស្រុក​ខ្មែរ​យូរ​ហើយ ​ហើយ​ក៏បាន​ដឹង​យូរ​ដែរ​ ប៉ុន្តែ​​យើង​មិន​ទាន់​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ ​ទើបតែ​ដល់​ឥឡូវ​យើង​មានភ័ស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​ឃាត់​ខ្លួន​គាត់។ ច្បាស់ណាស់​មានអ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ដែលយើង​កំពុង​ស៊ើបអង្កេត​បន្ត​ទៀត​រកជន​ពាក់ព័ន្ធ​ក្នុង​បទ​ល្មើស នេះ​តែ​ក្រុម​ការងារ​យើង​កំពុង​ធ្វើ ការ​យើង​មិន​អាច​ប្រាប់​បាន​ទេ»។

លោក​បន្តថា​៖ «ចំពោះ​មុខ​យើង​បានចោទ​គាត់​ ចំនួន ​២ ​បទ​ល្មើស ​គឺ​អំពើ​ពេស្យាចារ​លើ​កុមារ ​និង​អំពើ​រំ​លោ​ភ​សេពសន្ថវៈ​មានស្ថាន​ទម្ងន់​ទោស។ ក្នុង​ករណីនេះ ​មាន​អនីតិជន​ចំនួន​ ៥ នាក់ ​អាយុ​ ៨ ឆ្នាំ ​៣ នាក់និងលើ​អាយុ​ ១៨ ឆ្នាំ​ ២ នាក់​ ប៉ុន្តែ​វា​បាន​ប្រព្រឹត្ត​យូរ​ឆ្នាំ​កន្លង​មក​ហើយ ​ទម្រាំ​ចាប់​បាន​ សរុប​ទៅ​ទាំង​ ៥ នាក់​ហ្នឹង ​គឺ​សុទ្ធ​តែ​អនីតិជន​ទាំងអស់។ ​តាម​ការ​ស្រាវ​ជ្រាវ ​នៅមាន​ជន​រងគ្រោះ​​ផ្សេង​​ទៀត​ ជាបន្តបន្ទាប់​ ដែល​ប៉ូលិស​យើង​​កំពុង​ធ្វើការ​បន្ត​ទៀត»។

តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រ​ឆាំងការជួញដូរ​មនុស្ស​ ក្រោយការ​ឃាត់​ខ្លួន​ ជនសង្ស័យ​ត្រូវបាន​ឃុំ​ខ្លួ​ន​បណ្ដោះ​អាសន្​ន​នៅ​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជ​ធានីភ្នំ​ពេញ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ចាត់ការ​តាម​នីតិវិធី។ ចំណែក​ជន​រង​គ្រោះ​ទាំង ៥ នាក់​ គឺ​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​។​

តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ ​របស់​ក្រសួង​មហាផ្ទៃ ​បានឲ្យ​ដឹងថា ​សមត្ថកិច្ច​បានអន្តរាគមន៍​ជួយ​ជនរង​គ្រោះ​ក្នុង​ករណី​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ចំនួន​ ២៣០ នាក់​ ក្នុង​ចំណោម ៣៤៥ ​នាក់​ រួមមាន​ អាយុ​ក្រោម​ ១៥ ឆ្នាំ​ ៩២ នាក់ ​អាយុ​ពី​១៥ ​ដល់ ១៧ ​ឆ្នាំ ​​២៣ នាក់ ​និង​អាយុ​ចាប់ពី ​១៨ ឆ្នាំ​ឡើង ១១៥ នាក់។

ក្នុង​ចំ​ណោម​ជនរងគ្រោះ​ទាំង​នោះ ​គឺ​មាន​ ៩២ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ ២ នាក់ ​បញ្ចូន​ទៅ​អង្គការ​និង​ ១៣៦ នាក់​ បញ្ជូនទៅ​អាណា​ព្យាបាល​គ្រប់គ្រង​វិញ។

លោក ​ខឹម វ៉ានដូ​ អ្នកឯកទេស​ ការពារ​កុមារ​ ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​អំពើ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ ​និយាយ​ថា ករណី​រំលោភ​បំពាន​លើ​កុមារ​ពី​សំ​ណាក់​ជន​បរទេស ​តែងតែ​កើត​មានជា​រឿយៗ​​ព្រោះ​​មានកត្តា​បូករួម​ជា​ច្រើន​ដែល​បណ្តាល​ឲ្យជន​ល្មើស​នៅ​តែ​បន្ត​ប្រព្រឹត្ត​។

លោក​បញ្ជាក់ថា​៖ «អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ទិដ្ឋភាព​រួម​ការរំលោភ​បំពាននេះ ​បណ្តាល​មកពី​ការយល់ដឹង​ពួក​គាត់​នៅ​មាន​កម្រិត ​ហើយ​វិធីសាស្ត្រ​លួងលោម​របស់​ជនល្មើស​រំលោភ​ផ្លូវភេទ​លើ​កុមារ​មួយចំនួន​នោះ​ តែងតែ​ប្រើ​នូវវិធី​សា​ស្ត្រ​លួងលោម​បែប​ស្មុគស្មាញ ​ក៏ដូចជា​វិធី​អូសទាញ​ ដែល​ធ្វើឲ្យ​គ្រួសារ​មាន​ចំណូល​ទាប ​និង​មិនមាន​ការយល់ដឹង​ខ្ពស់​ គាត់់​មិនបាន​ការពារ​លើ​កុមារ​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ធ្វេស​ប្រហែស​ប្រការ​ណា​មួយ។ ដូច្នេះ​ស្នើឲ្យ​ការអនុវត្ត​ទោស​ធ្ងន់​ធ្ងរ​ទៅ​លើ​ជន​ល្មើស​តាម​ច្បាប់ ​ព្រោះថា ​បទ​ល្មើស​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ ​គឺជា​ទង្វើ​មួយ​ដែល​​ធ្វើឲ្យ​ប៉ះពាល់​ដល់​កុមារ​ធ្ងន់ធ្ងរ​និង​បន្ត​ទៅ​មុខ​ទៀត ​ដែល​ពួកគេ​ទទួល​បាន​ពី​ផល​ប៉ះពាល់​ទាំង​នេះ»៕