ស្ទឹងត្រែងៈ កម្លាំងនគរបាលគ្រឿងញៀនបានសហការគ្នា ចាប់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ អាយុ ៤៣ ឆ្នាំ ដោយបានសង្ស័យមានជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរសារធាតុញៀន នៅច្រកត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃម្សិលមិញ។
ស្ថាប័នដដែលនេះបានឲ្យដឹងថា នគរបាលបានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៤ កញ្ចប់ធំ និងតូច ដែលគាត់បានច្រកនៅក្នុង កញ្ចប់នំគ្រប់ប្រភេទ ក្នុងកញ្ចប់កាហ្វេ និងកញ្ចប់ប្រដាប់ប្រដាក្មេងលេង។
លោក ចែម ផានិត ប្រធានការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់អង្គភាពមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនមួយយប់នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕