កំ​ពតៈ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពត​ រួម​សហការ​ជា​មួយកម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ​បាន​ចាប់​ឃាត់​ខ្លួន​​ជនសង្ស័យ​ម្នាក់​ទៀត ​ដែល​បាន​ចូល​រួ​ម​ក្នុង​អំពើ​បាញ់​ប្រហារ​បុគ្គលិក​សន្តិ​សុខ​ក្រុម​ហ៊ុន​ សូ ​ងួន​ គ្រុប​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៨ ​ខែ ​វិច្ចិកា​ ឆ្នាំ​ ២០២០​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និងរបួស​ធ្ងន់​ម្នាក់​។​

លោក​ ​ម៉ៅ ​ច័ន្ទ​មធុរិទ្ធ​ ស្នង​ការនគរ​បាល​ខេត្ត​កំពត​ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​ ​ជន​សង្ស័យ​ឈ្មោះ ​ហេង​ យ៉ុង​ អាយុ ៥៧ ​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ពោពិ៍​ដុស​ ​ឃុំ​បឹង​និមល​ ស្រុក​ឈូក​ ខេត្ត​កំពត​ ត្រូវបាន​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍​សាត់​ ​ចាប់​ឃាត់​ខ្លួន​នៅព្រឹក​ថ្ងៃទី​ ២៣ ​ខែ​ ធ្នូ ​ឆ្នាំ​ ២០​២០ ​បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​ ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​កំពត​ ​អស់​រយៈ​ពេល​ជាង​ ១ ខែ​។​

លោក​ថ្លែង​ថា៖​ «​នៅ​ពេល​នេះ​ជន​សង្ស័យ​កំពុង​ត្រូវ​បាន​នាំខ្លួន​ពី​ខេត្ត​ពោធិ៍​សាត់​ ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត​ ដើម្បី​សាក​សួរ​ចម្លើយ​​ ​និង​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធាន​ការ​ប​ន្ត​តាម​នីតិ​វិធី​ច្បាប់​»​។

បើ​តាម​លោក​ ​ច័ន្ទ​មធុរិទ្ធ​ ​ជន​សង្ស័យ​ ឈ្មោះ ​ហេង​ ​យ៉ុង​ ​ជា​អ្នក​ផ្ដល់​អាវុធ​ AK-47​ ទៅ​ឲ្យ​ឈ្មោះ ​ស៊ុយ ​ធា​ ដែល​ជាជន​ដៃ​ដល់​ និង​ជា​មេ​ខ្លោង​នៃ​អំពើ​បាញ់​ប្រហារ​នោះ​ ​និង​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​។​ ​

​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ហេង​ ​យ៉ុង​ ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍​សាត់​ នាព្រឹក​ថ្ងៃទី​ ២៣ ខែ ធ្នូ​ ​ឆ្នាំ ២​០២០ ​គឺធ្វើ​ឡើង​តាម​ដីកាបង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក ​គាំ ​គង្គា ​ចៅក្រម​ស៊ើប​អង្កេត​សាលា​​ដំបូង​ខេត្ត​កំពត ចុះថ្ងៃ​ទី​ ២៣ ​ខែ វិច្ឆិកា​ ឆ្នាំ​ ២​០២០​ ដែល​បាន​ចោទ​ប្រកាន់​ជនសង្ស័យ​ពី​បទ​ «​ឃាតកម្ម​គិត​ទុក​ជាមុន​»​។​ នេះ​បើតាម​ការអះ​អាង​របស់​លោក ​ស ​ថេង​ ស្នង​ការ​នគរបាល​ខេត្ត​ពោធិ៍​សាត់​។​

លោកបា​ន​បន្ត​ថា ​កាល​ពីយប់​ថ្ងៃអង្គារ ​ក្រោយ​ពីទទួល​បាន​ដំណឺង​អំពី​វត្តមាន​របស់​ជនសង្ស័យ ​កំពុ​ង​​​​រស់នៅ​លាក់​ខ្លួន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានចុះ​ប្រតិ​បត្តិការ​ស្រាវជ្រាវ​ និង​ចាប់​ខ្លួន។​ លុះដល់​វេលា​ម៉ោង ​៨:៣០ ​នាទី​ព្រឹក​ថ្ងៃពុធ​ ទី​ ២៣ ​ខែ​ ធ្នូ​ ឆ្នាំ​ ២០២០ ​កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ហេង​ ​យ៉ុង​ ​នៅ​ចំណុច​ភូមិ​វាល​ ​ឃុំ​សំរោង​ ​ស្រុក​ភ្នំ​ក្រវាញ​។​

លោក​បាន​បញ្ជាក់​ថា​៖ ​«​ក្រោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នង​ការដ្ឋាននគរ​​បាល​ខេត្ត​កំពត​ ​ដែល​ជាម្ចាស់​សំណុំ​រឿង​ ​ដើម្បី​ចំណាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​»​។​​​

កាល​ពីព្រឹក​ថ្ងៃទី​ ១៨ ​ខែ វិច្ឆិកា ​ឆ្នាំ​ ២០២០ ​មាន​ករណី​លបបាញ់​ប្រហារ​មួយ​កើត​ឡើង​នៅ​ចំណុច​ទ្រនាប់​បាត់​ដឹង ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ព្រៃពាយ​ ​ឃុំ​ត្រពាំង​ភ្លាំង​ ​ស្រុក​ឈូក​ ខេត្ត​កំពត។ ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ ​បុគ្គលិក​សន្តិសុខ​ ក្រុម​ហ៊ុន​ សូ ងួន​ គ្រុប ២ នាក់​ ​រួម​មាន​ឈ្មោះ ​នួន​ ​ភ័ក្ត្រា​ អាយុ​ ២៧ ​ឆ្នាំ ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​បាញ់​ចំត្រង់​ក្រោម​ក្លៀក ​និង​ម្នាក់​ទៀត​ឈ្មោះ ​ផន​ ​ដា​ ​អាយុ ៣១ ​ឆ្នាំ​ បាន​រង​របួស​ធ្ងន់​ចំបំពង់​ក ​ហើយត្រូវបាន​ក្រុម​ការងារ​ ដឹក​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​ព្រះ​អង្គ​ឌួង​ ក្នុង​រាជ​ធានី​ភ្នំពេញ។ ​បច្ចុប្បន្ន​ជន​រងគ្រោះ​បាន​ជា​សះ​ស្បើយ​ហើយ ​និង​កំពុង​ស្នាក់​នៅ​ជា​មួ​យ​ក្រុម​គ្រួសារ​ ​នៅ​ឯស្រុក​កំណើត​ ក្នុង​ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិ៍​សាត់​។​

គិត​រហូត​មកទល់​ពេល​នេះ ​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន ​ក្រុ​ម​ជន​សង្ស័យ​ក្នុង​អំពើ​បាញ់​ប្រហារ​ទៅលើ​បុគ្គលិក​សន្តិ​សុខ ​ក្រុម​ហ៊ុន សូ ​ងួន​ ​គ្រុប​ បាន​ចំនួន ​៣ នាក់​ហើយ​ ក្នុង​នោះ​ជន​សង្ស័យ​ ២ នាក់​ រួម​មាន​ឈ្មោះ ​ញ៉ាន​ សែង​ អាយុ​ ២៣ ​ឆ្នាំ ​និង​ឈ្មោះ ​ស៊ីម ថែ​ ​អាយុ ២១ ​ឆ្នាំ​ ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ នៅ​ពី​ថ្ងៃ​ទី ២២ ​ខែ វិច្ឆិកា ​ឆ្នាំ ២​០២០។ ​ជន​សង្ស័យ​ទាំង ២​ ត្រូវ​បាន​តុលាការ​ខេត្ត​កំព​ត​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​ ដោយ​​​ចោទ​ប្រកាន់​ពី​បទ​ «ឃាត​កម្ម​គិត​ទុក​ជា​មុន​»​៕​