សៀមរាបៈ នគរ​បាល​ខេត្ត​សៀម​រាប​គ្រោង​បញ្ជូន​បុរសជា​ជន​ជាតិ​ជប៉ុន ​២ នាក់​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​នេះ​ បន្ទាប់​ពី​ចាប់ខ្លួន​បាន​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៧​ ខែ​មីនា​ នៅ​ស្រុក​ពួក ​ខេត្ត​សៀម​រាប​ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ និង​សម្លាប់​ម្ចាស់​រថយន្ត​ឈ្នួល។

​យោង​តាម​គេហ​ទំ​ព័រ​របស់​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ទាំង​ ២ នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ មាន​ឈ្មោះ ​ISHIDA REIMON​ អាយុ ​២៤ ​ឆ្នាំ ​និង​ឈ្មោះ ​NAKA KUKI RYUJI​ ​អាយុ ២៤ ឆ្នាំ។

ជន​រ​ង​គ្រោះ​មាន​ឈ្មោះ ​ហ៊ឹម​ ចាន់​ ភេ​ទ​ប្រុស អាយុ​ប្រមាណ​ជាង​ ៤០ ឆ្នាំ ​​ រស់​នៅ​ខេត្ត​កំពង់ធំ។

​លោក​ ​ដួង​ ​សុខា ​នាយ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ​ខេត្ត​សៀម​រាប​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ត្រូវ​បាន​ឃុំ​ខ្លួ​ន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប។​

​លោក​ សុខា​ ថ្លែង​ថា៖ «ពួក​គេ​ត្រូវ​បាន​ចោទ​ប្រ​កាន់ពី​អំ​ពើ​ឃាត​កម្ម​គិត​ទុក​ជាមុន»។​

​ទេព​ ​ពុំ​សែន​ ​អធិ​ការ​ស្រុក​ពួក​ ខេត្ត​សៀម​រាប​ ​បាន​ឱ្យ​ដឹង​ថា​ ​​ជន​សង្ស័យ​បាន​ជួល​រថ​​យន្ត​មួយ​គ្រឿង​​របស់​ជ​ន​រងគ្រោះ ​ហ៊ឹម​ ​ចាន់ ​ហើយ​ក៏​បាន​ធ្វើ​ស​កម្ម​ភាព​ប្លន់​ដោយ​អារ​ក​ជន​​រង​គ្រោះ​នឹង​កាំបិត។

​ក្រោយ​ធ្វើ​សកម្ម​ភាព​ប្លន់​ ​ជន​សង្ស័យ​ក៏​បាន​ទម្លាក់​ជន​រង​គ្រោះ​ចោល​នៅ​លើ​ផ្លូវ​ ហើយ​ព្យាយាម​បើក​រថ​យន្ត​រត់​គេច​ខ្លួន​។​ ​ភ្លាម​នោះ ​សមត្ថ​កិច្ច​ស្រុក​ពួក​បាន​ទទួល​ដំណឹង​អំពី​ហេតុ​ការណ៍​នេះ​​ក៏​បាន​ចុះ​អន្ត​រាគមន៍​ដេញ​ចាប់​ជន​សង្ស័យ។

ខណៈ​រត់​គេច​ខ្លួន​ ​ជន​សង្ស័យ​បាន​​បើក​រថ​យន្ត​ទៅ​បុក​គោយន្ត​ដឹក​ស្រូវ​ ​ហើយ​បាន​រេច​ង្កូត​ទៅ​បុ​ក​តូប​លក់​ដូរ​អ្នក​ស្រុក​ ​ដែល​ធ្វើ​ឱ្យ​រថយន្ត​មិន​អាច​ទៅ​មុខ​រួច។

ជន​សង្ស័យ​ទាំង​ ២ បាន​ចូល​មក​​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១៦​ ​[​ខែ​មីនា​ ឆ្នាំ​ ២០១៩] តាម​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត ​ដោយ​ស្នាក់​នៅ​ខេ​ត្ត​សៀម​រាប​ ​ហើយ​ធ្វើ​សកម្ម​ភាព​ប្លន់​ដើម្បីរ​ក​លុយ។​ ​ជនសង្ស័យ​បាន​យក​កាំបិត​២ដើម​មក​តាម​ខ្លួន​ជា​ស្រេច​ពី​ប្រ​ទេស​ជប៉ុន​ដើម្បី​មក​រក​លុយ​ដោយ​សកម្មភាព​បទ​ល្មើស៕