បាត់ដំបង: បុរស​ម្នាក់​ដែល​បាន​ជាប់​ខ្លួន​ ៣ ​យប់​ ៤​ ថ្ងៃ​​ នៅក្នុង​រូង​ភ្នំ​នោះ​ ត្រូ​វបាន​ក្រុម​សមត្ថ​កិច្ច​ចម្រុះជួយសង្គ្រោះ​បាន​ហើយ​ កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​រូប​គាត់​បាន​ឡើង​កើប​អាច​ម៍​ប្រចៀវ​ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រូងភ្នំ​​ តាំង​ពី​ថ្ងៃ​ទី​ ៤ ​រហូ​ត​ដល់​ថ្ងៃទី​ ៨​ ខែ​ សីហា​ នៅ​ភ្នំ​ចក្រី ស្ថិត​ក្នុង​ភូមិ​ក្បាល​ហុង​ទឹក ឃុំ​បា​រាំង​ធ្លាក់ ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់​ដំប​ង ។

លោក សៅ រតនា អធិការរង​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​ថា បុរស​ម្នាក់​ដែលជា​ប់​ខ្លួន​នៅក្នុង​រូងភ្នំ​ចក្រី​នោះ​ឈ្មោះ ស៊ិន បូរ៉ា អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវ​បាន​​សមត្ថ​កិច្ច​ចម្រុះ​ប្រមាណ​ជាង ២០០ នាក់ ជួយ​សង្គ្រោះ​រួច​ចេញ​ពី​ក្នុង​រូងភ្នំ​នោះ​ហើយ​កាលពី​​រសៀលម្សិលមិញ​ ប៉ុន្ដែ​មិនមាន​ប៉ះ​ពាល់​ដល់​អាយុជីវិត​ទេ ដោយ​គ្រាន់​តែ​អស់​កម្លាំង ព្រោះ​គាត់​មិន​មាន​អា​ហារ​បរិភោគ​អស់​រយៈពេល ៤ ថ្ងៃ​មកហើយ។

លោកបាន​បន្ត​ថា ការទទួល​ដំណឹង​នេះ គឺបន្ទាប់​ពី​ម្ដាយ​ជនរងគ្រោះ​បានមក​ប្ដឹង​សមត្ថកិច្ច​ថា គាត់​បាន​បាត់​កូន​ប្រុ​ស​​ឈ្មោះ ស៊ិន បូរ៉ា អាយុ ២៧ ឆ្នាំ រយៈ​ពេល​ ៤ ថ្ងៃ​ ដោយ​មិន​ទាន់​ឃើញ​វិលត្រឡប់​មក​ផ្ទះ​វិញ​។

ភ្លាមៗ​នោះ សម​ត្ថ​កិច្ច​ និង​ប្រជាពលរដ្ឋ​បាន​សហ​ការ​គ្នា​ចុះ​តាម​រក​គ្រប់​កន្លែង​ក្រោយ​មក​មាន​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុង​រូងភ្នំ​ចក្រី​នេះ​​តែ​ម្ដង​ ។

លោក សៅ រតនា បញ្ជាក់​ថា៖ «ពេល​នៅ​កន្លែ​ង​កើត​ហេតុ​ហ្នឹង ជនរង​គ្រោះ គាត់​អាច​និយាយ​ឆ្លើយ​ឆ្លង​ជា​មួយ​យើង​បាន​ធម្មតា​ មិន​ទាន់​សន្លប់​បាត់​ស្មារតី​​ទេ ហើយ​គាត់​បាន​ប្រាប់​សមត្ថ​កិច្ច​យើង​ថា គាត់​បាន​ឡើង​មករក​កើប​អាច​ម៍​ប្រចៀវ​ដូច​សព្វមួយដង ហើយ​ភ្លាមនោះ​ ក៏បាន​ជ្រុះ​ពិល ហើយ​គាត់​ក៏បាន​ដើររក​ពិល ក៏​រអិល​ធ្លាក់​ចូល​ជាប់​ក្នុង​រូង​ថ្ម​ហ្នឹង​តែម្ដង ប៉ុន្ដែ​​ចេញមក​មិន​រួចខំ​ស្រែក​ឲ្យ​គេ​ជួយ​ដែរ តែ​គ្មាន​អ្នក​នៅក្បែរ​ហ្នឹង​ទេ»។

លោក​បាន​បន្ថែម​ថា​ នីតិ​វិធីនៃ​កា​រជួយ​សង្រ្គោះ សមត្ថ​កិច្ច​បាន​ខួង​ថ្ម​ពីខា​ងក្រោម​វិញ ដើម្បី​បើក​មុខឲ្យ​ធំទូលាយ​ ក្នុ​ង​ការ​​ងាយ​ស្រួល​ដល់​ការយ​ក​ចេ​ញម​ក​ក្រៅ។​ ក្នុង​សកម្ម​ភាព​នោះ ក៏​មាន​កា​រលំបាក​ខ្លាំង​ដែរ ​ដោយ​សារ​កន្លែង​តូច​ចង្អៀត ហើយ​ថ្មភ្នំ​នោះ​ក៏​ពិបាក​ក្នុង​ការ​ខួង​វា​ដែរ​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​ទាន់​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិល​មិញ​ ប៉ុន្ដែ​សមត្ថ​កិច្ច​ប្រាប់​ថា ​ម្ដាយ​ជន​រងគ្រោះ​ជា​អ្ន​កប្ដឹងថា​ គាត់​បាន​បាត់​កូនពី​ផ្ទះ​ ៤​ ថ្ងៃ ​ដោយ​មិន​ទាន់​ឃើញ​ត្រឡប់​វិញ​។

អ្នកស្រី​​ប្រាប់​សមត្ថ​កិច្ច​បន្ត​ថា ការបាត់​ខ្លួន​នេះ ដោយ​កូនប្រុ​ស​អ្នក​ស្រី​មិនបាន​ប្រាប់​ថា រូបគេ​ចេញ​ទៅ​ណា​ ឬ​ទៅធ្វើ​អ្វី​ទេ ព្រោះ​ថ្វីបើ​ពួក​គាត់​រស់នៅ​ជាមួ​យគ្នា​ តែពេល​ទៅណា​មក​ណា កូន​ប្រុស​ក៏មិន​ដែល​ប្រាប់​គាត់​ដែរ ប៉ុន្ដែ​ដល់​ពេលបាត់​ខ្លួន​ច្រើន​​ថ្ងៃ​ពេក ទើប​អ្នកស្រី​តាម​រក​បែបនេះ។

ជុំវិញ​ករណី​នេះ​លោក​ គន់​ គីម ​អនុ​ប្រធា​ន​ទី១ នៃ​​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្ដរាយ​ដែ​ល​បា​នចុះ​ជួ​យ​សង្គ្រោះ​ដោយ​ផ្ទាល់​ ត្រូ​វបាន​​សារ​ព័ត៌មា​ន Fresh News ដកស្រង់​សម្ដី​កាលពី​ម្សិល​មិញ​ថា លោក​បាន​ស្នើ​ទៅ​ក្រុម​សង្គ្រោះ​នៅ​អង្គ​ភាព ៧១១ របស់​កង​ពល​តូ​ចលេ​ខ ៧០ ​និងនគ​របាល​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ទៅ​ជួ​យ​សង្គ្រោះ​បុរស​រងគ្រោះ​ខាង​លើ​នេះ។ក្នុង​នោះ​ក្រុម​អង្គ​ភាព ​៧១១​ បាន​ជិះ​យន្ដ​ហោះ​ទៅ​ទីតាំង​កើត​ហេតុ​នោះ​តែ​ម្ដង ដើម្បី​ជួយ​សង្គ្រោះ​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា៕

វីដេអូ៖