ភ្នំពេញៈ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បានប្រកាស​សាលដីកា ប្តូរ​បទចោទ​និង​បន្ថយទោស​ដល់​បុរស​ម្នាក់​ពី​ជាប់​ពន្ធនាគារ ៨ ឆ្នាំ​មក​នៅត្រឹម​ ៥ ​ឆ្នាំ​វិញ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៣ ​កញ្ញា​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន ២​ នាក់​នៅ​ក្រុង​តាខ្មៅ​កាលពី​ឆ្នាំ ២០១៦​។

លោក ចៅក្រម ប៉ុល សំអឿន បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​បុរស​ជាប់​ចោទ​ថា រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ យឹម សុភាព អាយុ ៤០ ​ឆ្នាំ ហើយ​ក្នុង​អង្គហេតុ​គឺ​ពាក់ព័ន្ធ​នឹង​ក្មេងស្រី​ជា​អនីតិជន​ ២ ​នាក់​ដែល​សំណុំ​រឿងនេះ ពាក់ព័ន្ធ​បទរំលោភ​សេពសន្ថវៈ​ដែល​មាន​ក្មេងស្រី​រងគ្រោះ​ ២ ​នាក់​។

លោក ចៅក្រម អាន​សាលដីកា​នៅក្នុង​អង្គសវនាការ​ថា ក្រោយពី​បាន​ពិភាក្សា​គ្នា និង​ក្រោយពី​បាន​ពិចារណា​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ឃើញ​ថា​នៅក្នុង​សំណុំរឿង​របស់​សាលាដំបូង​ខេត្តកណ្តាល​បង្ហាញ​ថា យោងតាម​សាក្សី​ម្នាក់ បញ្ជាក់​ថា​បានឃើញ​ឈ្មោះ​ យឹម សុភាព ដែល​ជា​ជនជាប់ចោទ​នេះ​គឺ​នៅ​ថ្ងៃកើតហេតុ​បាន​ប៉ះពាល់​ក្មេងរងគ្រោះ​ ២ ​នាក់​ពិតប្រាកដ​មែន​។ ប៉ុន្តែ​នៅក្នុង​សំណុំរឿង​ដែល​ដាក់​ចូល​មក​សាលាឧទ្ធរណ៍​មិនឃើញ​មាន​លិខិត​បញ្ជាក់​ធ្វើ​កោសល្យវិច័យ​ពី​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​​ក្មេងស្រី​រងគ្រោះ​ទេ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ជនជាប់ចោទ​ត្រូវ​សាលាឧទ្ធរណ៍​ប្តូរ​បទ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​​ស្ថាន​ទម្ងន់​ទោស​តាម​បញ្ញត្តិ​​មាត្រា​ ២៤១ ​មក​មាត្រា​ ២៤៨ នៃ​ក្រមព្រហ្មទណ្ឌ​វិញ និង​ពី​ជាប់ពន្ធនាគារ​ ៨ ​ឆ្នាំ​មក​នៅត្រឹម​ ៥ ​ឆ្នាំ​វិញ​» ។

ពាក់ព័ន្ធ​ការបន្ថយ​ទោស​របស់​សាលាឧទ្ធរណ៍​នេះដែរ​លោក អ៊ឹម ម៉ាច ជា​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ យឹម សុភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ក្រោយ​ប្រកាស​សាលដីកា​ថា កូនក្តី​របស់​លោក​ត្រូវបាន​សាលាដំបូង​ខេត្ត​កណ្តាល​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ។ ប៉ុន្តែ​នៅក្នុង​សំណុំរឿង​ពុំមាន​ភ័ស្តុតាង​ណា​បញ្ជាក់ថា កូនក្តី​របស់​លោក​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេងស្រី​រងគ្រោះ​​ ២ ​នាក់​នោះទេ​។

ឯខាង​តុលាការ​ខេត្តកណ្តាល​វិញ​ក៏​ស្នើសុំ​សមត្ថកិច្ច​នគរបាល​ឲ្យ​ខាង​គ្រូពេទ្យ​ធ្វើ​លិខិត​កោសល្យវិច័យ​បញ្ជាក់ ប៉ុន្តែ​មិន​ឃើញ​មាន​លិខិត​កោសល្យវិច័យ​ទេ​រហូតដល់​តុលាការ​ខេត្តកណ្តាល​ធ្វើការ​ចាត់​របៀប​ (​ស៊ើបអង្កេត​ឡើងវិញ​) ​ម្តង​ហើយ​ក៏​នៅតែ​គ្មាន​លិខិត​កោសល្យវិច័យ​ទៀត​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​រឿងនេះ​យើង​រក​មិនឃើញ​មាន​ភ័ស្តុតាង​ថា មាន​ករណី​រំលោភ​សេពសន្ថវៈ​ទេ​។ បើទោះបី​ជា​តុលាការ​ប្រកាស​បន្ថយទោស​ក៏ដោយ តែ​ចំពោះ​ឆន្ទៈ​កូនក្តី​ខ្ញុំ​វិញ​គឺ​គាត់​នៅតែ​មិន​ទទួល​យក​ទោស​​ ៥ ​ឆ្នាំនេះ​ទេ​»​។

បើ​តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា កាលពី​អំឡុង​ឆ្នាំ​ ២០១៥ ជន​ជាប់ចោទ​ឈ្មោះ យឹម សុភាព អាយុ ៤០ ​ឆ្នាំ​គាត់​បាន​មក​ជួល​ផ្ទះ​ឈ្មោះ ស្រីមុំ មួយ​ផ្នែក​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​បើក​លក់​បាយ​ដោយ​មាន​ប្រពន្ធ និង​កូន​រស់នៅ​ជាមួយ​ផង​។ រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ​ ស្រីមុំ ​នោះ​គឺ​បាន​បើក​លក់​គុយទាវ ហើយ​ក្មេងរងគ្រោះ​ម្នាក់​ឈ្មោះ ស.ស.ភ អាយុ ១០ ​ឆ្នាំ​បាន​ទៅ​ជួយ​លាងចាន តែ​ក្រោយមក​បាន​ឈប់​លក់​គុយទាវ​វិញ បន្ទាប់ពី​បុរស​ជាប់ចោទ​ជួល​ស្នាក់នៅ​។

តាម​ចម្លើយ​ក្មេងស្រី​រងគ្រោះ​ម្នាក់ ឈ្មោះ ស.ស.ភ អាយុ ១០ ឆ្នាំ​កាលពី​នៅ​ដំណាក់កាល​នគរបាល​បាន​និយាយថា កាលពី​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ ២០១៦ ឈ្មោះ យឹម សុភាព បាន​ទិញ​ស្ករ​គ្រាប់​ឲ្យ​នាង​ញាំ ខណៈ​នាង​ទៅ​ផ្ទះ​របស់​ម្តាយធម៌​ឈ្មោះ​ ស្រីមុំ​។

នៅពេល​នោះ​ជនជាប់ចោទ​បាន​ទាញ​ដៃ​នាង​ចូលក្នុង​បន្ទប់​ដាក់​អីវ៉ាន់​មួយ​រួច​បិទ​ទ្វារ​ហើយ​បាន​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​នាង​ដែល​សកម្មភាព​នេះ​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​ចំនួន ៤-៥ លើក​មក​ហើយ​។ បន្ទាប់មក​ពេល​នាង​ទៅ​សាលារៀន ស្រាប់​តែ​មាន​អ្នកគ្រូ​ម្នាក់​បាន​ឃើញ​សំពត់​នាង​ប្រឡាក់​ឈាម ហើយ​បាន​ប្រាប់​ម្តាយ​ក្មេងស្រី​នោះ​។ បន្ទាប់មក​ម្ដាយ​នាង​បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ដោយ​ចោទ​ថា រំលោភ​កូន​គាត់​តែម្ដង​។ រីឯ ក្មេងរងគ្រោះ​ម្នាក់​ទៀត ឈ្មោះ ស.ណ មាន​អាយុ ១០ ​ឆ្នាំ​ក៏​ធ្លាប់​ត្រូវ​ឈ្មោះ យឹម សុភាព ​ច្របាច់​ដោះ​របស់​នាង​លេង ហើយ​ក៏បាន​ប្តឹង​បុរស​ជាប់ចោទ​ដែរ​។

លោក យឹម សុភាព ត្រូវ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទាំង​ ២ ​នាក់​ប្តឹង​សមត្ថកិច្ច​កាលពី​ថ្ងៃ​​ទី​ ១៨ ខែ​ធ្នូ ឆ្នាំ​ ២០១៦ ហើយ ដល់​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០១៦ ត្រូវ​នគរបាល​ចាប់ខ្លួន​តាម​បណ្តឹង​ពី​ម្តាយ​ក្មេងស្រី ទាំង ២ នាក់​។

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​កណ្តាល​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧ ផ្តន្ទាទោស​ជនជាប់ចោទ​ឲ្យ​ជាប់ពន្ធនាគារ​ ៨ ​ឆ្នាំ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ក្មេងរងគ្រោះ​ម្នាក់ៗ​ចំនួន​ ៣ ​លាន​រៀល​៕