កណ្តាល: បុរសម្នាក់​ជាប្អូនប្រុស​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដែលមាន​ទីតាំង​នៅ​ភូមិ ​អង្គស្នួល​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ត្រូវ​បាន​នគរបាល​ស្រុក​នាំយក​ទៅ​សាកសួរ​ករណី​ប្រើ​កាំភ្លើង​ខ្លី​វាយក្បាល​បុរសជា​សន្តិសុខ​ម្នាក់​ កាល​ពី​ថ្ងៃ​ទី ៤​ មករា។

លោក​ ថាច​ ផល្លា ​អធិការរង​ទទួលផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថ្ងៃទី ៤ មក​រា​ នេះ​​ថា​ ជនរងគ្រោះ ​ឈ្មោះ ​ច្រឹក ស៊ីណា ​អាយុ​ ២៧ ឆ្នាំ។ ករណី​នេះ​សមត្ថកិច្ច​របស់លោក​បានហៅ​បុរស​ជា​ម្ចាស់​គ្លីនិក​នោះ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ហើយ។ ចំពោះ​លទ្ធផល​យ៉ាងណា​នោះ ​លោក​មិនទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ជូន​នៅ​ឡើយ​ទេ។​

លោក​ប្រាប់ថា​៖ «ករណីនេះ​យើង​កំពុងតែ​មាន​ចំណាត់ការ​សាកសួរ​ជនបង្ក​។ ខ្ញុំ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ស្នើសុំ​យោ​បល់​ពី​ព្រះរាជអាជ្ញា​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់»។​

ទោះ​យ៉ាងណា​ បើតាម​មន្រ្តី​នគរបាល​ស្រុក​អង្គស្នួល​ម្នាក់​ប្រាប់​ថា​ ហេតុការណ៍​នេះ ​បានកើតឡើង​កាលពី​វេលាម៉ោង​ជិត​ ១២ ថ្ងៃត្រង់​ ថ្ងៃទី ៤ ​មករា​ ឆ្នាំ​ ២០២១ ​ស្ថិត​ក្នុង​ភូមិ-​ឃុំ-​ស្រុក​ អង្គស្នួល ​ខេត្ត​កណ្តាល។ ជន​បង្កជា​មន្រ្តីយោធា​ពាក់​ផ្កាយ ១​ និង​ជាប្អូនប្រុស​របស់​ម្ចាស់​គ្លីនិក​ដែល​មាន​ហី​ហោ​ឈ្មោះ ​សុខ ​ម៉េង។

បើ​តាម​មន្រ្តី​នគរបាល​រូបនោះ​នៅអធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បានរៀបរាប់​ថា​ តាមពិត​ជន​បង្ក​មិនមែន​ជា​ម្ចាស់​គ្លីនិក​នោះ​ទេ ​រីឯ​ម្ចាស់ ​គឺជា​បងស្រី​បង្កើត​របស់​ជនបង្ក​។ ប៉ុន្តែ​ជនបង្ក​ឧស្សាហ៍​ចេញចូល​គ្លីនិក​ខាងលើ​ ហើយ​មុន​បង្ក​ហេតុ​ បងស្រី​របស់​ជនបង្ក​បាន​និយាយ​ប្រាប់​ប្អូន​ប្រុស​ខ្លួនថា​គាត់បាត់​ស្បែក​ជើង។​

មន្រ្តី​នគរបាល​បន្តថា​ គ្រានោះ ​ជនបង្ក​បានបើក​មើល​កាមេរ៉ា​សុវត្ថិភាព​ ក៏ឃើញ​បុរសម្នាក់​បានចូល​យក​ស្បែកជើង​ ១ គូ​ ដែល​បាត់នោះ​នៅ​ពេល​យប់។ ដោយ​មើល​ឃើញ​រូបភាព​ជនសង្ស័យ​បែបនេះ ​ជនបង្ក​បាន​សង្ស័យ​ទៅ​លើ​បុរសជា​សន្តិ​សុខ​រងគ្រោះ​ ព្រោះ​យល់ថា​ អាច​ជា​អ្នក​ឲ្យ​ដៃ​ទៅចោរ​ទើប​បាន​ជា​បាត់​ស្បែកជើង។

បើ​តាម​មន្រ្តី​នគរបាល​ថា​ បន្ទាប់​ពីជនបង្ក​វាយ​ជនរងគ្រោះ​ហើយ​នោះ​ ជនបង្ក​មិនបាន​គេចខ្លួ​ន​ទៅណា​ទេ​ ហើយ​ភ្លាមៗ​នោះ​ដែរ​ នគរបាល​ប៉ុស្តិ៍​ឃុំពើក​បាន​ចុះ​អន្តរាគមន៍​ដល់ទីតាំង​កើតហេតុ​ដើម្បី​សាកសួរ​ព័ត៌មាន។ រីឯ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ក៏បាន​ចុះ​ទៅដល់​ទីតាំង​កើតហេតុ​ និងនាំ​ជនបង្ក​ឡើង​រថយន្ត​ ដើម្បី​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​តែ​ម្តង៕​​