កណ្តាលៈ ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​បាញ់​ប្អូនថ្លៃ​ខ្លួន​ស្លាប់​កំពុង​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​សាកសួរ​ពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​បាន​នៅ​ខេត្តស្ទឹងត្រែង ទី​ដែល​ជនសង្ស័យ​រត់​ទៅ​លាក់ខ្លួន ក្រោយ​បង្កហេតុ​កាលពី​ថ្ងៃទី​ ១៥ ​មេសា​នៅ​ភូមិ ចុង​កោះ ឃុំ​កោះ​ឧកញ៉ាតី ស្រុក​ខ្សាច់កណ្តាល​ដោយ​ផ្ដើមចេញ​ពី​ការប្រចណ្ឌ​។

លោក​ រឿន ណារ៉ា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ សែន រ៉ានុន ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ ជា​មន្ត្រីនគរបាល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បន្ត​សាកសួរ​ជុំវិញ​បទល្មើស​ឃាតកម្ម ដើម្បី​ធ្វើ​របាយការណ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​ ២២ មេសា​។ បន្ទាប់ពី​ចាប់ខ្លួន​សមត្ថកិច្ច​ខេត្តកណ្តាល​ឲ្យ​ជនសង្ស័យ​នាំ​ទៅ​យក​កាំភ្លើងខ្លី​ ១ ​ដើម​ដែល​ជា​វត្ថុតាង​ធ្វើ​សកម្មភាព​បាញ់​ជនរងគ្រោះ​លាក់ទុក​នៅ​ខេត្តសៀមរាប​ទាំងយប់ និង​បន្ត​ដឹក​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​នៅ​យប់​ថ្ងៃទី​ ២២ ​មេសា​នោះ​ដដែល​។

លោក​ប្រាប់ថា​៖ «​កាំភ្លើងខ្លី​នោះ​ម៉ាក​ k59 ក្នុង​បង់​មាន​ចំនួន​ ៥ ​គ្រាប់​។ គាត់​បាន​លាក់ទុក​ក្នុង​អាងទឹក​ក្នុង​ផ្ទះ​គេ​មុន​គាត់​បន្ត​គេចខ្លួន​ទៅ​ខេត្តស្ទឹងត្រែង​»​។

លោក​ ហម ប៊ុនធែល ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ស្ទឹងត្រែង​ប្រាប់​ឲ្យ​ដឹងថា មុន​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​គឺ​នៅ​ថ្ងៃទី​ ២១ ​មេសា​សមត្ថកិច្ច​ខាង​នាយកដ្ឋាន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ផ្តល់​ព័ត៌មាន​មក​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង​ថា ជនសង្ស័យ​បានគេច​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​ខេត្ត​នេះ​។ លុះដល់​ថ្ងៃទី​ ២២ ​មេសា សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង​នៃ​សាលា​ដំបូង​ខេត្តកណ្តាល​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​។

លោក​ថា​៖ «​ខាង​សមត្ថកិច្ច​ខេត្តកណ្តាល និង​ខាង​ក្រសួង​មហាផ្ទៃ​មក​សហការ​ជាមួយ​ខ្ញុំ​ម្សិលមិញ​ [​ថ្ងៃទី​ ២២ ​មេសា​] ​ប៉ុន្តែ​គេ​ស្រាវជ្រាវ​ពី​ហ្នឹង​មក​ប៉ុន្មាន​ថ្ងៃ​ហើយ ហើយ​មកដល់​ខាង​ខ្ញុំ​គឺ​ ១ ​ថ្ងៃ​ហ្នឹង​ខ្ញុំ​សហការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បានតែ​ម្តង​»​។

លោក​ ហោ វុទ្ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​បាន​នៅ​ម៉ោង​ប្រហែល​ ៣ និង​ ៤០ ​នាទី​នៅក្នុង​ចម្ការ​ព្រៃ​ស្វាយចន្ទី​មួយ​របស់​អ្នកភូមិ​ម្នាក់​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់​។ ម្ចាស់​ចម្ការ​ស្វាយចន្ទី​នោះ​មិនមែន​ជា​បងប្អូន​ទេ ប៉ុន្តែ​ជនសង្ស័យ​ស្គាល់​មិត្តភក្តិ​គាត់​នៅ​ខេត្ត​សៀមរាប​ហើយ​មិត្តភក្តិ​បាន​ណែនាំ​ជនសង្ស័យ​ឲ្យ​ស្គាល់​ម្ចាស់​ចម្ការ​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​មិនមែន​មក​ធ្វើ​ចម្ការ​ស្វាយចន្ទី​ទេ តែ​មក​សម្ងំ​លាក់ខ្លួន​គេច​ពី​ការ​តាមចាប់​របស់​សមត្ថកិច្ច​។ ក្នុង​ប្រតិបត្តិការ​របស់ខ្ញុំ​ដែល​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​គឺ​ប្រើពេល​ចាប់ពី​ម៉ោង​ ៦ ​ព្រឹក​រហូត​ដល់​ម៉ោង​ជាង​ ៣ ​រសៀល​ទើប​ចាប់​ជនសង្ស័យ​បាន​»​។

បើ​តាម​ការថត​ជា​វីដេអូ​រយៈពេល ខ្លី​ពេល​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ភ្លាមៗ ជនសង្ស័យ​និយាយ​ថា​៖ «​ខ្ញុំ​បាញ់​ជនរងគ្រោះ​តែ​ ១ ​គ្រាប់​ទេ ហើយ​ក៏​ខ្ញុំ​គ្មាន​ចេតនា​ដែរ ខ្ញុំ​យក​កាំភ្លើង​នោះ​លាក់​នៅក្នុង​អាងទឹក​ក្នុងផ្ទះ​លក់​ហ្គាស​»​។

ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បង្ហាញ​ថា ករណីនេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​ ១៥ ​មេសា ដោយ​ជនសង្ស័យ​មានទំនាស់​ជាមួយ​ប្រពន្ធ​ខ្លួន​ឈ្មោះ​ គង់ សុខជា​។ ​ជនសង្ស័យ​យក​អាវុធខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ​ចេញ​មក​ឃាត់​ដោយ​និយាយថា​៖ «​ចាំ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី​»​។

និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅទៅ​ជនរងគ្រោះ​ ១ ​គ្រាប់​ ត្រូវ​បំពង់ក​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេច​ខ្លួន​បាត់​តែម្ដង​។ ទំនាស់​នេះ​កើតឡើង​ពី​ការប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ប្អូនថ្លៃ​៕