បន្ទាយមានជ័យ៖ បុរសម្នាក់ដែលញៀនគ្រឿងញឿន ឈ្មោះ ហួយ រតនា អាយុជាង ៣០ ឆ្នាំ ដែលបានប្រើអំពើហិង្សាលើបុរសអនាថាបណ្តាលឱ្យស្លាប់ ត្រូវបានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែឧសភា នេះថា យុវជនដែលជាជនសង្ស័យឈ្មោះ ហួយ រតនា ត្រូវបានបញ្ជូនទៅអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ ដើម្បីអនុត្តនីតិវិធីបន្ត បន្ទាប់ពីសាកសួរ និងបញ្ចប់ការកសាងសំណុំរឿងរួចមក។
លោក ម៉ែន ភិរម្យ មិនធ្វើអត្ថាធិប្បាយលម្អិតទេ ជុំវិញករណីនេះ ដោយប្រាប់ថា លោកកំពុងរវល់ស្ថិតនៅគោលដៅប៉ោយប៉ែត។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យទាក់ទងទៅលោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីទទួលព័ត៌មានលម្អិត។
ទោះយ៉ាងណា លោក យ៉ាន់ សុវណ្ណ ក៏មិនធ្វើអត្ថាធិប្បាយលើបញ្ហានេះដែរ ដោយប្រាប់ថា កំពុងបើករថយន្ត។
ប៉ុន្តែលោក សុវណ្ណ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ជនសង្ស័យខាងលើរស់នៅភូមិអូរតាគាំម ២ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានប្រើហិង្សាវាយទៅលើយុវជនអនាថាម្នាក់ (មិនស្គាល់ឈ្មោះ) ភេទប្រុស អាយុប្រហែល ៣៧ ឆ្នាំ ចំសៀតផ្កាខាងឆ្វេងរបួសធ្ងន់បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក យ៉ាន់ សុវណ្ណ ថ្លែងថា៖ «ជនសង្ស័យបែកថ្នាំនេះ គេបានឃើញវត្តមាននៅក្នុងសួនមានជ័យនេះ តាំងពីថ្ងៃទី ៧ ខែឧសភាមកម៉្លេះ។ ជននេះ ជក់ថ្នាំញៀនផង ហិតកាវទៀត។ មានសតិដូចមនុស្សឆ្កួត ដើររករឿងគេពេញសួនមានជ័យតែម្តង។ គ្មានអ្នកហ៊ានតដៃនឹងជននេះឡើយ»។
លោក តេង ម៉ៃ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនទាន់ទទួលបានបណ្តឹងជុំវិញករណីនេះទេ ដោយលោករង់ចាំសួរខាងរដ្ឋបាលសិន។
ទោះជាយ៉ាងណាលោក តេង ម៉ៃ បញ្ជាក់ថា បើសិនជាខាងកងរាជអាវុធហត្ថបញ្ជូនមកព្រឹកនេះ ប្រហែលជាមិនទាន់មកដល់នោះទេ។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីទទួលបានករណីនេះ អយ្យការរបស់យើងនឹងចាប់ផ្តើមស៊ើបអង្កេតជាមុនសិនថា ដូចអ្វីដែលខាងកងរាជអាវុហត្ថបានធ្វើនៅក្នុងរបាយការណ៍នោះដែរទេ»៕