ព្រះវិហារៈ បុរស​ម្នាក់​ស្លាប់​ប្រមាណ​ជា​ ១០ ​នាទី​ក្រោយ បន្ទាប់ពី​គាត់​ត្រូវ​បាន​ពស់វែក-ក្របី​ចឹក ខណៈ​បុរស​នោះ​ដើរ​ក្នុង​ព្រៃភ្នំ ដើម្បី​រក​ចាប់​សត្វ​ក៏​ប្រទះឃើញ​សត្វ​ពស់​នោះ​ហើយ​គាត់​ចាប់​កាលពី​ថ្ងៃទី​ ៨ ​មិថុនា​នៅ​ចំណុច​ភូមិ​សំឡាញ ឃុំ​ភ្នំត្បែង​ ១ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

លោក​ ជួន មឿន អធិការ​នគរបាល​ស្រុក​សង្គមថ្មី​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ៩ ​មិថុនា ​ថា បុរស​រងគ្រោះ​ឈ្មោះ​ យាម តាក់ អាយុ​ ៣៧ ​ឆ្នាំ​ រស់នៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ​។ លោក​ប្រាប់ថា​៖ «​គាត់​ជា​អ្នកដើរ​ព្រៃ​រក​សត្វ​ ប៉ុន្តែ​គាត់​មិនចេះ​អាគម​ចាប់​ពស់​អី​ទេ​»​។

លោក​អធិការ​ប្រាប់​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ស្រីណា អាយុ ៣០ ​ឆ្នាំ​ ថា ជនរងគ្រោះ​មាន​កូន​ ២ ​នាក់ ​កូនស្រី​មាន​អាយុ​ ១៤ ​ឆ្នាំ និង​កូនប្រុស​ប្អូន​ម្នាក់​។ ប្តី​របស់​គាត់​មាន​របរ​ចូល​ព្រៃ​រក​សត្វ និង​បេះ​ផ្លៃ​ឈើ​ ឬ​ស្លឹកឈើ​ដើម្បី​លក់ដូរ​ចិញ្ចឹម​គ្រួសារ​។ ប៉ុន្តែ​ប្តី​របស់​គាត់​មិនមែន​ជា​មនុស្ស​ចេះ​មន្តអាគម​វិជ្ជា​ចាប់​ពស់​ទេ​ តែ​ដោយសារ​ពស់​នោះ​ធំ​ទើប​គាត់​ចាប់​។

លោក​ថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ត្រឡប់​ចុះ​ពី​លើ​ភ្នំ​វិញ ប៉ុន្តែ​ពេល​គាត់​កំពុង​ដើរ​ក្នុងព្រៃ​ស្រាប់តែ​ជួប​សត្វ​ពស់វែក​ក្របី​ ១ ​ធំ ហើយ​គាត់​ក៏​ចាប់​សត្វពស់​នោះ តែ​ត្រូវ​សត្វ​ពស់​ចឹក​ដៃ​គាត់​។ រីឯ​សត្វ​ពស់​នោះ​ក៏​ត្រូវ​បាន​ជនរងគ្រោះ​វ៉ៃ​ងាប់​ដែរ​។

លោក​បន្ថែម​ថា បន្ទាប់ពី​ពស់ចឹក ជនរងគ្រោះ​បាន​រត់​ផង ដើរ​ផង​ចេញ​ពី​ព្រៃ ជាមួយ​ពស់​ ១ ​ក្បាល​ទម្ងន់​ ៣ ​គីឡូក្រាម ​ប្រវែង​ជាង​ ៣ ​ម៉ែត្រ ​ដើម្បី​សំដៅ​មក​រក​ផ្លូវ​ឲ្យ​អ្នកដំណើរ​ជួយ​។ លុះ​គាត់​ដើរ​ដល់​ផ្លូវ​ក្នុង​ព្រៃរបោះ​ជើងភ្នំ ហើយ​ក៏​បាន​ជួប​បុរស​អ្នកដំណើរ​ម្នាក់​ឈ្មោះ​ ត្រាវ ហើយ​បាន​និយាយ​ ២-៣ ​ម៉ាត់​ក៏​ដាច់​ខ្យល់​ស្លាប់ទៅ​។

លោក​បន្តទៀត​ថា ក្រោយ​ជនរងគ្រោះ​ស្លាប់ អ្នកដំណើរ​ដែល​ជួប​ជនរងគ្រោះ​បាន​ផ្តល់​ព័ត៌មាន​មក​ភូមិ​ហើយ​ពលរដ្ឋ​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​មក​ភូមិ និង​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​ ជួន មឿន បញ្ជាក់​ថា​ចំពោះ​បុណ្យសព​របស់​ជនរងគ្រោះ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សង្គមថ្មី​ជួយ​ជា​ថវិកា​មួយចំនួន​ដើម្បី​ចូលរួម​ចាត់ចែង​បុណ្យសព​។

លោក​ ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អង្គារ​ថា ក្នុង​មួយរយៈ​កន្លង​ទៅ​នេះ​ករណី​ពស់​ចឹក​ទូទាំង​ខេត្ត​បាន​ថយចុះ​ជាង​មុន បើទោះបី​ករណី​នេះ​នៅតែ​បន្ត​កើតមាន​លើ​ប្រជាពលរដ្ឋ​ជា​រៀងរាល់​ថ្ងៃ​ក៏ដោយ​។ លោក​បន្តថា សត្វ​ពស់ គឺជា​សត្វ​មួយ​ដែល​កាច​សាហាវ បើ​ទោះ​អាច​មាន​ថ្នាំ​ចាក់​ការពារ​ក៏ដោយ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន និង​ត្រូវការពារ​ខ្លួន​ជានិច្ច​នៅ​ពេល​ចូល​ព្រៃ និង​ចម្ការ​។

លោក​បញ្ជាក់ថា​៖ «​ការថមថយ​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​គាត់​មាន​ការយល់ដឹង​។ មានន័យថា នៅពេល​គាត់​ចូលទៅ​ស្រែ​ច្រូតកាត់​ចូល​ព្រៃ​អីហ្នឹង​មាន​ការប្រុងប្រយ័ត្ន​ជាង​មុន​ហើយ​នៅពេល​ជួបប្រទះ​នឹង​ករណី​ពស់​ចឹក គាត់​លែង​ទៅរក​គ្រូខ្មែរ​ហើយ គឺ​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​ថ្នាំ​ព្យាបាល​តែម្តង​។ តែ​ពលរដ្ឋ​ក៏​មិនត្រូវ​ភ្លេចខ្លួន​នោះ​ដែរ គឺ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​»៕