ភ្នំពេញ: សមត្ថកិច្ច​ខណ្ឌពោធិ៍សែនជ័យ​គ្រោង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច ដេវីត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​នៅថ្ងៃនេះ បន្ទាប់ពី​ឃាត់ខ្លួន​រឿង​​ក្លែង​ឯកសណ្ឋាន​នគរបាល​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​ម៉ូតូ​យុវជន​ម្នាក់​សុំ​ពិនិត្យ​ទឹកនោម និង​គំរាម​យក​លុយ​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៧ ​ខែវិច្ឆិកា ​នៅ​ផ្លូវជាតិ​លេខ​ ៤ ក្នុង​សង្កាត់​ចោមចៅ​ទី​ ៣ ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក យឹម សារ៉ាន់ អធិការ​​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ថ្លែងថា លោក​បាន​ទទួល​សំណុំ​រឿងនេះ​ពី​នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​ចោមចៅ​ទី​ ៣ ​ហើយ​​ដោយ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៨ វិច្ឆិកា​នេះ​។

លោក​បន្តថា លោក​នឹង​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​តាម​ច្បាប់​ព្រោះ​ការក្លែង​ឯកសណ្ឋាន​នគរបាល​បែបនេះ ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សមត្ថកិច្ច​ពិតប្រាកដ​។ លើសពីនេះ​ជនខិលខូច​បាន​ឈ្មោះ​នគរបាល​ទៅ​ឆ្លៀត​​កេងប្រវ័ញ្ច​ ឬ​គំរាម​ពលរដ្ឋ​យក​លុយ​ដែល​ផ្ទុយ​ពី​ច្បាប់​។

លោក សារ៉ាន់ បញ្ជាក់ថា​៖ «​យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ព្រោះ​យើង​បាន​សាកសួរ​រួចហើយ​។ គាត់​ឆ្លើយថា ស្រឡាញ់​ឯកសណ្ឋាន​ប៉ូលិស​គាត់​​ថា ធ្វើ​ជា​ប៉ូលិស​សង្ហា​ណាស់ ហើយ​គាត់​ក៏​ទិញ​ខោអាវ​ប៉ូលិស​​ពី​ផ្សារ​ទឹកថ្លា​មក​ពាក់​»​។

លោក ថេង កុសល នាយប៉ុស្ដិ៍នគរបាល​សង្កាត់​ចោមចៅ​ទី​ ៣ បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ទូច ​ដេវីត​ អាយុ​ ២៤ ​ឆ្នាំ មុខរបរ​លក់​ផលិតផល​តាម​អនឡាញ​ស្នាក់នៅ​ម្ដុំ​ទួលទំពូង​ទី​ ២ ​ខណ្ឌចំការមន​​មាន​ស្រុកកំណើត​ ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ដែល​ជិះ​ម៉ូតូ​ម៉ាក ​សង់​ស៊េរី​ ២០១៤ ​ពណ៌​ខ្មៅ​។

លោក​បន្តថា ការឃាត់ខ្លួន​នេះ​ពេល​គេ​ពាក់​ក្លែង​ឯកសណ្ឋាន​នគរបាល​ថ្នាក់​អនុសេនីយ៍ឯក​ (​ស័ក្តិ​ ៣) ​រួច​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​ម៉ូតូ​ម៉ាក​និច​ពណ៌​ស​របស់​យុវជនរងគ្រោះ​ឈ្មោះ​ ជា ​សុផាណាត់ ​អាយុ​ ២៤ ​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​ម្តុំ​វត្តអង្គ​ ខណ្ឌ​ពោធិ៍សែនជ័យ​។ ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​សុំ​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​ និង​គំរាម​ចាប់​បញ្ជូន​ទៅ​ខណ្ឌ បើ​មិន​ព្រម​ឲ្យ​លុយ​ដើម្បី​បញ្ចប់រឿង​ទេនោះ​។

លោក កុសល បញ្ជាក់​ថា​៖ «​ក្រោយពេល​ឃាត់ខ្លួន​មក​សួរ​​ និង​ធ្វើ​របាយការណ៍​រួច​ខ្ញុំ​បាន​បញ្ជូន​ទៅ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​...​ខ្ញុំ​ហួស​ដែន​សមត្ថកិច្ច​ហើយ​»​។

យុវជន​រងគ្រោះ ឈ្មោះ​ ជា ​សុផាណាត់ មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

ប៉ុន្ដែ​បើ​តាម​លោក ថេង កុសល ដែល​បាន​ស្រង់​សម្ដី​យុវជន រងគ្រោះ​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ពី​រង្វង់មូល​ចោមចៅ​តាមផ្លូវ​ជាតិ​លេខ​ ៤ ​ពី​កើត​ទៅ​លិច ហើយ​ត្រូវបាន​​បុរស​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ពាក់​ស័ក្តិ​ ៣ ​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​រហូត​ដល់​ចំណុច​កើតហេតុ​ក៏បាន​កាក់​ម៉ូតូ​សុំ​ឆែកឆេរ និង​ពិនិត្យ​​ទឹកនោម ប៉ុន្ដែ​រក​មិន​ឃើញ​អ្វី​ទេ តែ​គេ​បាន​គំរាម​ទារលុយ ហើយ​ថាបើ​មិន​ព្រម​នឹង​បញ្ជូន​ទៅ​ខណ្ឌ​ពោធិ៍សែនជ័យ​។ បន្ទាប់មក​បាន​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​ និង​អ្នកយកព័ត៌មាន​ហើយ​ពេល​មាន​ការសាកសួរ បុរស​នោះ​មិន​ព្រមឆ្លើយ​អ្វី​ទាំងអស់​។

យុវជន ជា សុផាណាត់ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយមក​នគរបាល​មូលដ្ឋាន​ចុះមក​ដល់​ និង​​បាន​អញ្ជើញ​បុរស​នោះ និង​រូបគាត់​មក​ប៉ុស្តិ៍​ចោមចៅ​ទី​ ៣​ ដើម្បី​​សួរ​។ បន្ទាប់ពី​សួរ​បុរស​នោះ​​បាន​សារភាពថា ខ្លួន​ជា​សមត្ថកិច្ច​ក្លែងក្លាយ​៕