
បុរសដែលគប់ដុំថ្មចូលផ្ទះលោក ហ៊ុន សែន កាលពីសប្ដាហ៍មុន។ រូបថត Rasmei Kampuchea
ភ្នំពេញៈ សមត្ថកិច្ចខណ្ឌដូនពេញបានដោះលែង ឈ្មោះ រុំ ពិសិដ្ឋ អាយុ ៣១ ឆ្នាំ កាលពីថ្ងៃសៅរ៍កន្លងមកនេះ ក្រោយពីរកឃើញថា មានសតិមិនប្រក្រតី។ នេះបើយោងតាមម្ដាយរបស់បុរសរូបនេះ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ឈ្មោះ រុំ ពិសិដ្ឋ និងបានសាកសួរគាត់ពាក់ព័ន្ធនឹងកណីយកដុំថ្មគប់ចូលទៅក្នុងភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតនៅជិតវិមានឯករាជ្យក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ ថ្មីៗកន្លងទៅនេះ។
អ្នកស្រី ហ៊ាន ទៀង ដែលជាម្តាយរបស់លោក រុំ ពិសិដ្ឋ បានថ្លែងថាកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានសម្រេចធ្វើការដោះលែងកូនរបស់គាត់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីគាត់បង្ហាញលិខិតរបស់គ្រូពេទ្យរោគចិត្ត មេភូមិក្បាលកោះទៀវ និងមេឃុំសំពៅពូននៃស្រុកកោះធំដែលបានបញ្ជាក់ថា គាត់ពិតជាកើតមានជំងឺសរសៃប្រសាទនោះប្រាកដមែន។
អ្នកស្រីបានបញ្ជាក់ថា៖ «គាត់ត្រូវបានសមត្ថកិច្ចដោះលែង។ គេបានទទួលស្គាល់យើងថា មានជំងឺផ្លូវចិត្ត បន្ទាប់ពីយើងបានបង្ហាញលិខិតរបស់លោកគ្រូពេទ្យរោគចិត្ត និងលោកមេភូមិ និងលោកមេឃុំ។ យើងមានអារម្មណ៍ត្រេកអរណាស់នៅពេលដែលគេលែង។ អារម្មណ៍គ្មានអ្វីប្រៀបបានទេ យើងមានឱកាសយកកូនទៅព្យាបាល ដោយសារបើយើងទុកគាត់នៅយូរទៀត ជំងឺគាត់នឹងកាន់តែធ្ងន់ធ្ងរទៅ»។
អ្នកស្រីបានឲ្យដឹងទៀតថា មូលហេតុដែលគាត់យកដុំថ្មតូចធំជាច្រើនដុំគប់ចូលក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន គឺដោយគាត់ចង់ចូលជួបជាមួយលោកនាយករដ្ឋមន្ត្រីដោយខ្លួនគិតថា លោកនាយករដ្ឋមន្ត្រីគឺជាព្រះឥន្ទ្រ ហើយថាកន្លងទៅកូនរបស់អ្នកស្រីធ្លាប់បានទៅភូមិគ្រឹះរបស់លោក ហ៊ុន សែន ជាច្រើនដងដើម្បីសុំជួបលោកនាយករដ្ឋមន្ត្រីតែត្រូវបានអង្គរក្សមិនឲ្យចូល។
អ្នកស្រីបានបញ្ជាក់បន្ថែមថា៖ «គាត់បានប្រាប់ថា គាត់ចង់ចូលជួបសម្តេច ពីព្រោះគាត់គិតថាសម្តេចគឺជាព្រះឥន្ទ្រហើយគាត់ថា មានតែសម្តេចទេ ដែលគាត់មិនទាន់បានជួប»។
អ្នកស្រីក៏បានសម្តែងការសោកស្តាយដែលកូនរបស់អ្នកស្រីបានគប់ដុំថ្មចូលទៅក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន ហើយថា អ្នកស្រីនឹងយកគាត់ទៅទទួលការព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យរុស្ស៊ីបន្តទៀត បន្ទាប់ពីគាត់មានជំងឺនេះអស់ជាង ២ ឆ្នាំមកហើយ ។ ក្រោយមកលោក រុំ ពិសិដ្ឋ បានលេបថ្នាំព្យាបាលផ្លូវចិត្តបានធូរស្រាលវិញ ហើយទើបតែជំងឺរើឡើងធ្ងន់ធ្ងរម្ដងទៀតនៅ ២ ខែមុននេះ។
លោក អំ សំអាត ប្រធានអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ការដែលសមត្ថកិច្ចដោះលែងបុរសនោះគឺជារឿងដែលត្រឹមត្រូវ និងល្អសម្រាប់ក្រុមគ្រួសារ ដើម្បីឲ្យក្រុមគ្រួសារមានឱកាសយកគាត់ទៅព្យាបាល ៕